ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាពិតជាគ្មានឱកាសឬមានឱកាសតិចតួចបំផុតក្នុងដំណើរទេសចរណ៍ឆ្ងាតជិតជាមួយក្រុមគ្រួសារ ខណះការងារប្រទេសជាតិឋិតជាប់និងបេះដូងសម្តេចត្រូវគិតគ្រប់វិនាទីលើការអភិវឌ្ឍន៍ រក្សានូវសន្តិភាព គិតពីសុខទុក្ខប្រជាជន ហើយសម្តេចបានមានប្រសាសន៍ទៅកាន់ជនរួមជាតិថា៖ ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តើបងប្អូនជនរួមជាតិទៅលំហែរកាយនៅទីណាខ្លះ?
សម្តេចបន្តថា៖ ចំពោះរូបខ្ញុំគឺកិច្ចការប្រទេសជាតិនៅបន្តធ្វើជាប្រចាំ ប៉ុន្តែក៏បានសម្រាកហាត់កីឡានៅផ្ទះ និងពេលខ្លះបានឆ្លៀតទៅវាយកូនគោល ជាពិសេសបានជួបចៅៗជាទីស្រឡាញ់ដែលពួកគេតែងឆ្លៀតមកលេងខ្ញុំ និងភរិយា។
សម្តេចបានមានប្រសាសន៍លើកឡើងថា៖ សព្វថ្ងៃនេះ យើងទាំងអស់គ្នាបានឃើញច្បាស់ថា ប្រទេសជាតិយើងកំពុងរីកចម្រើនទៅមុខជានិច្ច។ ទេសចរជាតិ និងអន្តរជាតិក៏កំពុងកើនឡើងជារៀងរាល់ថ្ងៃ។ រីឯជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែមានភាពធូរធារប្រសើរឡើង ។ទាំងនេះគឺដោយសារកម្ពុជាមានសុខសន្តិភាព។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិមានសំណាងល្អ ជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានាទោះជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសនៅក្នុងថ្ងៃចុងសប្តាហ៍នេះ៕
ដោយ៖ សុខ ខេមរា