សារព័ត៌មាន Southfront បានផ្សាយថា ៖កាលពីថ្ងៃទី ៦ខែកុម្ភៈ កម្លាំងការពារដែនអាកាសរបស់ប្រទេសសាឌីអារ៉ាប៊ី បានវាយស្ទាក់មីស៊ីលមួយដើមដែលបាញ់ចេញពីទឹកដីយេម៉ែន ដោយក្រុមហូធី។
ប្រភពព័ត៌មានពីកម្លាំងការពារដែនអាកាស សាឌីអារ៉ាប៊ីបានឲ្យដឹងថា ៖ ការវាយប្រហារខាងលើរបស់ក្រុមហូធី កើតឡើងនៅថ្ងៃទី ៦ខែកុម្ភៈ សម្តៅទៅលើ គោលដៅនៅទីក្រុង Khamis Mushait ស្ថិតនៅភាគខាងត្បូង សាឌីអារ៉ាប៊ី និងមានចម្ងាយពីព្រំដែន យេម៉ែន១១០គីឡូម៉ែត្រ។ ប៉ុន្តែការវាយប្រហារនោះ ត្រូវបានកម្លាំងការពារ មើលឃើញទាន់ពេលវេលានិងបាញ់កម្ទេចចោលតែម្តង។ ការវាយស្ទាក់ខាងលើដោយប្រើប្រាស់កាំជ្រួចមីស៊ីល Patroit បាញ់ចេញពីតំបន់ Khamis Mushait ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយចាប់តាំងពីឆ្នាំ២០១៧មក ដែលកម្លាំងទាហានសាឌីអារ៉ាប៊ីបានប្រើប្រាស់មីស៊ីល Patiot PAC3 វាយស្ទាក់ដោយជោគជ័យ នៅមីស៊ីលបាញ់ចេញពីក្រុហូធីនៅយេម៉ែន។ ការវាយស្ទាក់លើកទីមួយកើតឡើងកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧ ដោយទាហានការពារ បានវាយស្ទាក់ដោយជោគជ័យនៅក្នុងតំបន់ Taif ។
មន្ត្រីសាឌីអារ៉ាប៊ីបានឲ្យដឹងថា៖ គោលដៅដែលមីស៊ីលរបស់ក្រុមហូធីគឺសម្តៅទៅលើព្រះវិហារ Mecca តែត្រូវបានរារាំងទាន់ពេលហើយគោលដៅមិនប៉ះពាល់នោះឡើយ។
ក្រោយព័ត៌មានស្តីពីការវាយស្ទាក់មីស៊ីល ដោយជោគជ័យ សារព័ត៌មាន Houthi saba បានផ្សាយថា កម្លាំងហ៊ូធីបានបាញ់មីស៊ីលជាច្រើនគ្រាបប្រភេទ borkan-1 មានរយៈចម្ងាយមធ្យម សម្តៅទៅលើ ទីតាំងទ័ពអាកាសរបស់ព្រះមហាក្សត្រ Fahad នៅក្នុងតំបន់ Taif និងគោលដៅត្រូវបានវាយចំ។
បើទោះបីបានវាយស្ទាក់មីស៊ីលរបស់ក្រុមហ៊ូធីដល់ទៅ៤លើកក្នុងរយៈពេល១ឆ្នាំកន្លងមក ប៉ុន្តែ បើប្រៀបធៀប និងការវាយស្ទាក់បរាជ័យវិញមានច្រើន ក៏ដូចជាប្រតិកម្មមិនទាន់ពេល វេលា ពេលក្រុមហូធីវាយប្រហារ។
សារព័ត៌មាន Al Masdar បានផ្សាយថា កាលពីចុងខែមករាឆ្នាំ២០១៨ កម្លាំងហូធីបានបើកការវាយប្រហារដោយមីស៊ីលសម្តៅទៅលើទីក្រុង Riyadh ហើយមីស៊ីលបានហោះចូលដល់គោលដៅដោយមិនមានការរារាំងណាមួយពីប្រព័ន្ធមីស៊ីលការពារ នោះឡើយ៕
ដោយ៖ មែវ សាធី