ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី នេត សំអាត ត្រូវបានក្រសួងការពារជាតិ បានបញ្ចប់តួនាទី ក្រោយពីលោកស្រវឹងស្រាយកចានគប់ចំក្បាលក្មេងស្រីជាអ្នកបម្រើក្នុងហាងផឹកស៊ីមួយកន្លែងនៅក្រុងប៉ោយប៉ែត។
បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញផ្សាយកាលពីថ្ងៃទី៧ កុម្ភៈ ២០១៨ ថា ក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចដកហូតតួនាទីលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ហើយខណៈសំណុំរឿងនេះលោកកំពុងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាវិន័យ និងអធិការកិច្ចនៃក្រសួងការពារជាតិ ដើម្បីឈានទៅដាក់ទោសទណ្ឌ និងពិន័យតាមច្បាប់យោធា។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ សរសេរថា «និយាយរួមបទបញ្ជារបស់ក្រសួងការពារជាតិ គឺថាត្រូវអនុវត្តទៅដាច់ខាតតាមច្បាប់ទម្លាប់ និងវិន័យរបស់កងទ័ព មិនអនុញ្ញាតឱ្យយោធិនណាមួយប្រព្រឹត្តបទល្មើសចំពោះប្រជាពលរដ្ឋទេ។ យើងមិនគាំទ្រទេ អ្នកណាប្រព្រឹត្តបទល្មើសយើងអនុវត្តតាមច្បាប់»។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ ក្មេងស្រីម្នាក់ជាអ្នកបម្រើការក្នុងភោជនីយដ្ឋានមួយឈ្មោះ «ស្រះត្រជាក់ចិត្តថ្មី» ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ បានយកចានចង្កឹះគប់នាងចំថ្ងាស បណ្តាលឲ្យបែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជិន ស្រីនាង អាយុ១៧ឆ្នាំ។ នាង បានរៀបរាប់ថា មុនពេលពេលកើតហេតុនាងបានអង្គុយកំដរភ្ញៀវនៅតុផ្សេងមួយទៀត ក្រៅពីតុលោកឧត្តមសេនីយ៍ផ្កាយមួយរូបនេះ។ លុះដល់ពេលនាងបានចេញពីតុផ្សេងមកអង្គុយកំដរលោកផ្កាយ១វិញ ស្រាប់តែឧត្តមសេនីយ៍រូបនោះយកចានគប់ក្បាលនាងតែម្តងហើយនាងត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕ សហការី