ឧត្តមសេនីយ៍ត្រី នេត សំអាត យកចានគប់ក្បាលស្រីខារ៉ាអូខេ ត្រូវបានក្រសួងការពារជាតិបញ្ចប់តួនាទី

ចែករំលែក៖

ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី នេត សំអាត ត្រូវបានក្រសួងការពារជាតិ បានបញ្ចប់តួនាទី ក្រោយពីលោកស្រវឹងស្រា​យកចានគប់ចំក្បាលក្មេងស្រីជាអ្នកបម្រើក្នុងហាងផឹកស៊ីមួយកន្លែង​នៅក្រុងប៉ោយប៉ែត។

បើយោងតាមផេកហ្វេសប៊ុក​ផ្លូវការរបស់​ លោកនាយឧត្តមសេនីយ៍​ ឈុំ​ សុជាតិ​ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញផ្សាយកាលពីថ្ងៃទី៧ កុម្ភៈ​ ២០១៨ ថា ក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចដកហូតតួនាទីលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យ​ទំនាក់ទំនងព្រំដែន កម្ពុជា​-ថៃ ហើយខណៈសំណុំរឿងនេះ​លោកកំពុងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាវិន័យ និងអធិការកិច្ចនៃក្រសួងការពារជាតិ ដើម្បីឈានទៅដាក់ទោសទណ្ឌ និងពិន័យតាមច្បាប់យោធា។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ សរសេរថា  «និយាយរួមបទបញ្ជារបស់ក្រសួងការពារជាតិ គឺថាត្រូវអនុវត្តទៅដាច់ខាតតាមច្បាប់ទម្លាប់ និងវិន័យរបស់កងទ័ព មិនអនុញ្ញាតឱ្យយោធិនណាមួយប្រព្រឹត្តបទល្មើសចំពោះប្រជាពលរដ្ឋទេ។ យើងមិនគាំទ្រទេ អ្នកណាប្រព្រឹត្តបទល្មើសយើងអនុវត្តតាមច្បាប់»

យោងតាមរបាយការណ៍របស់ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ ក្មេងស្រីម្នាក់ជាអ្នកបម្រើការក្នុងភោជនីយដ្ឋានមួយឈ្មោះ «ស្រះត្រជាក់ចិត្តថ្មី» ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបាន​ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យ​ទំនាក់ទំនងព្រំដែន កម្ពុជា​-ថៃ មកពីក្រសួងការពារជាតិ បានយកចានចង្កឹះគប់នាងចំថ្ងាស បណ្តាលឲ្យ​បែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជិន ស្រីនាង អាយុ១៧ឆ្នាំ។ នាង បានរៀបរាប់ថា មុនពេលពេលកើតហេតុនាងបានអង្គុយកំដរភ្ញៀវនៅតុផ្សេងមួយទៀត ក្រៅពីតុលោកឧត្តមសេនីយ៍ផ្កាយមួយរូបនេះ។ លុះដល់ពេលនាងបានចេញពីតុផ្សេងមកអង្គុយកំដរលោកផ្កាយ១វិញ ស្រាប់តែឧត្តម​សេនីយ៍រូប​នោះយកចានគប់ក្បាលនាងតែម្តងហើយនាងត្រូវបានមិត្ត​ភក្តិបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print