ភ្នំពេញ ៖ កាលពីវេលាម៉ោង០០:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង១២ ថ្ងៃត្រង់នេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា សហការជាមួយមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រួតពិនិត្យ រថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ជា ពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស យានយន្តដឹកទំនិញធន់ធ្ងន់ថ្នាក់រាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរចេញ ចូលរាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ៦កែងវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ជាលទ្ធផល៖ ត្រួតពិនិត្យរថយន្តសរុបបានចំនួន៩១គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមច្បាប់ចំនួន៨៨គ្រឿង ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា និងមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿង ត្រូវបានកម្លាំងចម្រុះមានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌជ្រោយចង្វា ដើម្បីចាត់ការទៅតាមនីតិវិធីជាធរមាន។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ គឺត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញបទបញ្ជាយ៉ាងដាច់ណាត់ ស្តីពី ចំណាត់ការលើក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់រថយន្តដឹកលើសទម្ងន់ និងប្រើប្រាស់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។
ការដាក់ចេញនូវបទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្ត ត្បូងឃ្មុំ ដែលគម្រោងសាងសង់ស្ពាន និងផ្លូវ នេះ គ្រោងចំណាយថវិកាជិត៥៧លាន ដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ ៕ ជ្រោយពេជ្រ