ប្រជាពលរដ្ឋភ្ញាក់ផ្អើលពេលដឹងថា ដីអតីតសាលាស្រុកមេសាងត្រូវបានលក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដីមួយកន្លែងនៅជាប់ របងសាលាឃុំជីផុច ដែលជាអតីតដី សាលាស្រុកមេសាង ថ្មីៗនេះត្រូវបានគេលក់ទៅឲ្យថៅកែផ្សារម្នាក់ឈូសឆាយធ្វើជាផ្សារទំនើប។

លោក ព្រុំ សុខឿន មេឃុំជីផុចបានឲ្យ ដឹងថា កាលពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ដីនេះគឺជាដីទួលសាធារណៈ មានព្រៃស៊ុបទ្រុបនិងគ្មានមនុស្សរស់នៅទេ លុះចូល ដល់សម័យប៉ុលពតគេយកទីតាំងនេះធ្វើ ជាចម្ការកប្បាស និងជាកន្លែងស្លថ្នាំ តែ ក្រោយបែករបបខ្មែរក្រហមមក គេក៏យក ទីតាំងនេះធ្វើជាសាលាស្រុកមេសាង រហូត ដល់ឆ្នាំ១៩៩០។

លោកបន្តថា ចំពោះរឿងគេប្រគល់ទៅ ឲ្យថៅកែផ្សារឈូសឆាយយកធ្វើអ្វីនោះ លោកមិនដឹងទេ ហើយរឿងគេជីកយក អាចម៍ដីពីក្នុងព្រែកនោះ អ្នកមានសិទ្ធិអនុញ្ញាតឲ្យគេជីកគឺខាងស្រុក ដូច្នេះសូមទៅសួរខាងសាលាស្រុកទៅទើបដឹង។

លោក កែវ ពិសី អភិបាលស្រុកមេសាង បានឲ្យដឹងថា ទីតាំងដីនេះគឺគេបានទទួលការព្រមព្រៀង និងអនុញ្ញាតពីលោក​អភិ​​បាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត រួចហើយ គឺជួលទៅឲ្យក្រុមហ៊ុនវិនិយោគធ្វើជាផ្សារ រយៈពេលប្រមាណជា៣៥ឆ្នាំ ដើម្បីយកលុយមកអភិវឌ្ឍស្រុកឲ្យមាន ការរីកចម្រើន ប៉ុន្តែរឿងថវិកាជួលក្នុង១ឆ្នាំ ប៉ុន្មាន ហើយថវិកាទាំងនោះត្រូវយកទៅណានោះលោកមិនបានដឹងច្បាស់ទេ ។

ដោយឡែករឿងគេជីកយកអាចម៍ដីពីក្នុងព្រែកនោះ លោកអះអាងថា អនុញ្ញាតឲ្យគេជីកដើម្បីស្តារព្រែក។
ប្រភពពីមន្ត្រីស្រុកមេសាងបានបង្ហើប ប្រាប់ថា រឿងស្តារព្រែកនោះគ្រាន់តែជា លេសប៉ុណ្ណោះ ធាតុពិតគឺគេលក់ អាចម៍ដីយក លុយដាក់ហោប៉ៅប៉ុណ្ណោះ។

លោក ខឹម ឈុំ ប្រធានក្រុមប្រឹក្សាស្រុក បានឲ្យដឹងតាមទូរស័ព្ទថា អ្នកដែលជួល​ដីនេះយកធ្វើជាផ្សារនោះ ឈ្មោះ ហៀង ផល្លី គឺជាមន្ត្រីសាលាស្រុកមេសាងតែម្តង តែការជួលនេះគិតចាប់ពីពេលណា ហើយ​តម្លៃប៉ុន្មាននោះ គឺមិនទាន់បាននិយាយគ្នា​ច្បាស់ទេ ព្រោះកំពុងតែរត់ការទៅថ្នាក់ លើ ។

ដោយឡែកទំហំដីនេះមានចំនួន ប៉ុន្មាន លោកមិនចាំទេទាល់តែមើលក្នុង សៀវភៅ ហើយបើអ្នកព័ត៌មានចង់ដឹងកាន់តែច្បាស់ឲ្យទៅជួបនិយាយគ្នាផ្ទាល់ទៅ។

ដោយឡែកលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានឲ្យ ដឹងតាមទូរស័ព្ទដែរថា រឿងដីនេះលោក ក៏បានដឹងខ្លះៗដែរ គឺមានក្រុមហ៊ុនគេ សុំជួលធ្វើផ្សារ ហើយរូបលោក និង អភិបាលខេត្ត ក៏បានស៊ីញ៉េអនុញ្ញាតដែរ តែគេជួលរយៈពេលប៉ុន្មានឆ្នាំនោះលោក មិនបានដឹងច្បាស់ទេ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print