វិភាគអន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងមិនទាន់សម្រេចថាតើនឹងបន្តធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកទៀតឬទេ

ចែករំលែក៖

តាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិ បាលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន នឹងប្រកាសគម្រោងធ្វើសមយុទ្ធរួមគ្នា នៅដើមខែមេសាឆ្នាំ២០១៨។ ចំណែកនៅ ពេលនេះមិនទាន់មានគម្រោងធ្វើសមយុទ្ធណាមួយ នៅឡើយ ។

ក្រៅពីនេះកូរ៉េខាងត្បូង ក៏មិនទាន់ផ្តល់ចម្លើយទៅដល់ភាគីកូរ៉េខាងជើង ទៅលើ លិខិតអញ្ជើញ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអីុន ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនោះដែរ ។ ក្រុមអ្នក ឯកទេសបានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ខាងត្បូង កំពុងតែថ្លឹងថ្លែង នៅក្នុងទំនាក់ ទំនង ជាមួយអាមេរិកនិងកូរ៉េខាងជើង ។ អាចនិយាយបានថានៅពេលនេះបើកូរ៉េ ខាងត្បូងធ្វើសមយុទ្ធជាមួយអាមេរិកនោះ ទំនាក់ទំនងជាមួយកូរ៉េខាងជើង នឹងបន្ត តានតឹងទៅមុខទៀត ហើយបើបំពេញ ទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនោះ ទីក្រុងសេអ៊ូលត្រូវផ្អាកទំនាក់ទំនងជាមួយអាមេរិក។ ចំណុចទាំងនោះគឺជាផលលំបាក យ៉ាងខ្លាំង សម្រាប់កូរ៉េខាងត្បូង ក្នុងការ សម្រេចចិត្ត។
កូរ៉េខាងត្បូង និងអាមេរិក បានផ្អាក ការធ្វើសមយុទ្ធ រួមជាប្រចាំ Key Resolve និង Foal Eagle រហូតដល់បញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងា នៅថ្ងៃទី១៨ខែមីនា ។

ក្រោយការសម្រេចផ្អាកខាងលើ កូរ៉េខាងជើងបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅចូលរួម និងជំនួបពិភាក្សាជាន់ខ្ពស់ជាលើកដំបូង ក្រោយរយៈពេលពីរឆ្នាំបានផ្អាក។ នៅពេលនេះកូរ៉េខាងត្បូងមិនទាន់សម្រេចចិត្តថាតើ នឹងត្រូវបន្តធ្វើសមយុទ្ធជាមួយ អាមេរិកទៀតដែរឬទេ។

កន្លងមក ទីក្រុងព្យុងយ៉ាងបានប្រកាស ថា នឹងមិនអង្គុយស្ងៀមឡើយ ប្រសិនបើ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បន្ត ធ្វើសមយុទ្ធរួមនោះ ពីព្រោះការធ្វើសមយុទ្ធគឺជាការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង ។
ការធ្វើសមយុទ្ធជាប្រចាំរបស់អាមេរិក និង កូរ៉េខាងត្បូង តែងតែធ្វើឡើងនៅខែមីនា និងខែមេសា ដោយមានកម្លាំងទាហាន ចូលរួមរហូតដល់ទៅ១៧ពាន់នាក់ ពីអាមេ រិក និង ៣សែននាក់ពីកូរ៉េខាងត្បូង។

កន្លងមករុស្ស៊ីនិងចិន ក៏ដូចជាកូរ៉េ ខាងជើងដែរ ធ្លាប់បានលើកឡើងថា មូល ហេតុបណ្តាលឲ្យមានភាពតានតឹងនៅ ឧបទ្វីបកូរ៉េ គឺដោយសារតែការធ្វើសមយុទ្ធរួមរបស់អាមេរិកជាមួយកូរ៉េខាងត្បូង ដែលមានយុទ្ធសាស្ត្រឈ្លានពានទឹកដីកូរ៉េខាងជើង ។ ទាំងនោះហើយបានជាកូរ៉េខាងជើង ត្រូវធ្វើគ្រប់យ៉ាងដើម្បីការពារខ្លួន និងវាយ បក ក្នុងនោះមានការផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប អាចវាយប្រហារនៅគ្រប់គោលដៅក្នុងទឹកដីអាមេរិក និងគ្រាប់បែកបរមាណូ អុីដ្រូហ្សែនដែលមានកម្លាំងផ្ទុះខ្លាំង។

កូរ៉េខាងជើង គឺជាប្រទេស ដែលមាន បច្ចេកវិទ្យាខ្ពស់មិនចាញ់ប្រទេសមហា អំណាចពិភពលោកនោះឡើយ ។ កូរ៉េខាង ជើង ធ្វើអ្វីគ្រប់យ៉ាងបានដោយខ្លួនឯងទោះជាស្ថិតនៅក្នុងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក្តី។ កន្លងមកអាមេរិកក៏បានទទួលស្គាល់កូរ៉េខាងជើង ថាជាប្រទេស ដែលមាន ហែកឃើរ (ចោរអុីនធើណេត)ខ្លាំងជាង ប្រទេសចិនទៅទៀត។

កន្លងមកថ្មីៗ ភ្នាក់ងារជំនាញសន្តិសុខព័ត៌មានវិទ្យាអាមេរិក FireEye បានប្រាប់ ឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមចោរអុីនធើ ណេតកូរ៉េខាងជើង បានក្លាយជាក្រុមចោរដ៏កាចសាហាវខ្លាំងជាងពួកចោរអុីនធើណេតចិនទៅទៀត។ ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើងនេះ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយរបបព្យុងយ៉ាង និងជាតំណាងនៃការគំរាមកំហែងពិភពលោកយ៉ាងខ្លាំងមែនទែន។

នេះជាលើកទីមួយហើយដែលក្រុមហ៊ុនឯកទេសសន្តិសុខព័ត៌មានវិទ្យាអាមេរិក FireEye ចង្អុលមុខដោយចំៗទៅលើក្រុមចោរអុីនធើណេតរបស់ព្យុងយ៉ាង ដោយ ដាក់ឈ្មោះឱ្យថា ក្រុម APT37 សម្រាប់ ជំនួសពាក្យគំរាមកំហែងខ្លាំង Advanced persistant Threat។

សកម្មភាពរបស់ក្រុមចោរអុីនធើណេតព្យុងយ៉ាងនេះ គឺដើម្បីរកចំណូលមក បំពេញ នូវអ្វីដែលកូរ៉េខាងជើងខាតបង់ដោយសារទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកម្ម វិធីនុយក្លេអ៊ែរនិងបាលីស្ទិករបស់គេ។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនFireEye ដែលបានលម្អិតទៀតថា ទិសដៅនៃការវាយប្រហាររបស់ក្រុមAPT37 គឺសំដៅ លើតែកន្លែងណាដែលអាចទាញផល ប្រយោជន៍ឲ្យរដ្ឋកូរ៉េខាងជើង ! ហេតុដូច្នេះហើយបានជាអ្នកវិភាគអាមេរិកមានជំនឿជាក់ខ្ពស់ថា ក្រុម APT37ធ្វើសកម្មភាពដោយមានការគាំទ្រពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង។

APT37 មានសកម្មភាពតាំងពីឆ្នាំ ២០១២មក។ ដំបូងពួកគេវាយប្រហារតែលើស្ថាប័នរដ្ឋាភិបាល យោធា ឧស្សា ហកម្ម ការពារជាតិ និងវិស័យឃោសនា ព័ត៌មាន នៅកូរ៉េខាងត្បូងទេ មុននឹងពង្រីក សកម្មភាព វាយប្រហារ នៅឆ្នាំ២០១៧ ទៅលើ ប្រទេសជប៉ុន វៀតណាម និង ប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងទៅលើ វិស័យផ្សេងៗទៀត តាំងពីវិស័យគីមី ទៅទូរគមនាគមន៍ ពីស្ថាប័ននយោបាយ ទៅហិរញ្ញវត្ថុ ដូចយ៉ាងធនាគារកណ្តាល បង់ក្លាដែស ឬ Bitcoin ជាដើម។

សូមរំលឹកថា កាលពីឆ្នាំ២០១៣ អាមេរិកបានកំណត់អត្តសញ្ញាណក្រុមចោរអុីនធើណេតមួយក្រុម ឈ្មោះថា APT ដែល បានចូលវាយប្រហារលើប្រព័ន្ធសារព័ត៌មាន ភ្នាក់ងាររបស់រដ្ឋាភិបាល និងក្រុម ហ៊ុនអាមេរិក។ ក្រុមចោរនោះមានមូលដ្ឋាន នៅចិន និងទំនងជាភ្នាក់ងារមួយរបស់រដ្ឋាភិបាលចិន ដោយមានសាខាមួយជា យោធានៅសៀង ហៃ។ កាលណោះ សមាជិករបស់ក្រុមចោរ៥នាក់ត្រូវជាប់ការចោទប្រកាន់ដោយតុលាការអាមេរិក ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូត រវាងប៉េកាំងនឹងវ៉ាស៊ីនតោន។

សម្រាប់ភ្នាក់ងារ FireEye ប្រតិបត្តិការ របស់ចោរអុីនធើណេតចិនក៏ដូចចោរអុីនធើណេតកូរ៉េខាងជើង ប្រែប្រួលពីសាមញ្ញទៅជាការប្រើវិធីសាស្រ្តដ៏ទំនើបខ្លាំង ប៉ុន្តែ អ្វីដែលខុសគ្នាខ្លាំង គឺប្រតិបត្តិការរបស់ចោរកូរ៉េខាងជើងសាហាវខ្លាំង ៖ ពួកចិនច្រើនតែមានប្រពៃណីលួចធ្វើដោយមិនសម្ញែង ឯពួកកូរ៉េខាងជើងបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថាពួកគេត្រៀមធ្វើការវាយប្រហារដោយមិនបង្អង់ គ្មានអាសូរ ក្នុងទម្រង់ជា ឧក្រិដ្ឋកម្មអន្តរជាតិតែម្តង។ រហូតមកទល់ នេះ APT37 ត្រូវបានភ្នាក់ងារអាមេរិកចាត់ទុកជាក្រុមចារកិច្ចស្ងាត់ទេ ប៉ុន្តែក្រុមនេះអាចនឹងត្រូវក្រុងព្យុងយ៉ាងយកមកប្រើជា អាវុធដ៏សាហាវបំផុត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print