ខេត្តក្រចេះ៖ មុននេះបន្តិចឃើញថា ទិដ្ឋភាពជាក់ស្តែងយ៉ាងតិចមានឡានកែច្នៃដឹកឈើ៤គ្រឿង របស់ឈ្មួញ ហ៊ត់ ប៊ុនគីម កំពុងលើកឈើពេញព្រៀបរួចរាល់ នាវេលាម៉ោង១២និង០០នាទីព្រឹកថ្ងៃសុក្រ៩ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចដីចំការកៅស៊ូ ម្តុំភូមិប៉ោដើមចេក K3 ស្រុកស្នួល ខេត្តក្រចេះ ត្រៀមនឹងដឹកទៅវៀតណាមតាមច្រករបៀង។
សកម្មភាពលើកនិងត្រៀមចេញឈើ របស់ឈ្មួញ ហ៊ត់ ប៊ុនគីម គឺមានវត្តមានក្រុមគយចល័តផងដែរចាំអមដំណើរឬជូនដំណើរ«រាប់ក្បាលឡានយកលុយ» នៅម្តុំក្រុមហ៊ុន៩៩៩៩ ខណះឈ្មួញ ហ៊ត់ ប៊ុនគីម ចេញឈើទៅវៀតណាមបានរាល់ថ្ងៃ១រយះនេះ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានអះអាងថានឹងចាត់វិធានការក្នុងរឿងនេះ នាព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។ជាមួយអង្គភាព គេហទំព័រ «នគរដ្រេហ្គន»លោកបញ្ជាក់ថា នឹងអោយមន្ត្រីចុះពិនិត្យនិងធ្វើកិច្ចការនេះ។
ដោយឡែកស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ទោ លន់ សុផាត មានប្រសាសន៍ថា៖ ការងារនេះបើមានទីតាំងហើយ នឹងអោយក្រុមការងារចុះធ្វើការ។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ថាតើចាត់វិធានការឈើនេះឬមួយយ៉ាងណា ដោយមុននេះបន្តិចទូរស័ព្ទចូលច្រើនលើក អត់មានអ្នកទទួល។
ករណីឈ្មួញ ហ៊ត់ ប៊ុនគីម យោធាសឹករងខេត្ត មួយរយះនេះចេញឈើទៅវៀតណាមគគ្រឹកគគ្រែងគ្រាន់បើ ពិសេសគាត់តែងលើកឈើនៅកន្លែងដដែល និងយកឡានយីឌុប និងឡានស្ទួចរបស់ថៅកែវៀតណាមមកដឹកឈើផ្ទាល់ៗ។ ចំពោះសមត្ថកិច្ចពាក់ព័ន្ធមិនងាយនឹងបង្ក្រាប លើកលែងតែថ្នាក់ទើសភ្នែកនិងបញ្ជាទើបមានវិធានការម្តងម្កាល៕ ដោយ៖ សិលា