ខេត្តពោធិ៍សាត់៖ កម្លាំងតម្រួតកងរយប្រទេសថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ រួមវត្ថុតាងក្នុងចំណោមបក្ខពួកចំនួន ៧នាក់ ដែលកំពុងរត់គេចខ្លួននៅក្នុងព្រៃនៅឡើយ ដោយសារលួចចូលឆ្លងដែនខុសច្បាប់ ក្នុងគោល បំណងលួចកាប់ឈើប្រភេទប្រណីតរបស់គេ។
សមត្ថកិច្ចប្រទេសកម្ពុជាទទួលព័ត៌មាននៅវេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ថា កាលពីវេលាម៉ោង១ និង៣០នាទីយប់ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងតម្រួតកងរយប្រទេសថៃ ដែលឈរជើងនៅចំណុចទល់មុខប៉ុស្ដិ៍ភ្នំគត់សី ស្ថិតក្នុងភូមិសុផាន់ហុីត ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ បានឃាត់ខ្លួនពលរដ្ឋកម្ពុជាមម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៧នាក់ ដែលកំពុងរត់គេចខ្លួននៅក្នុងព្រៃនៅឡើយ ខណៈប្រជាជនប្រទេសកម្ពុជាលួចចូលឆ្លងដែនទៅលួចកាប់ឈើប្រភេទប្រណីតគ្រញូងរបស់គេ(ថៃ)។
ប្រភពព័ត៌មានខាងលើបន្តថា ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានកម្លាំងតម្រួត(កងរយ)ប្រទេសថៃឃាត់ខ្លួន ឈ្មោះ ឈឹម ឡេង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ដូចជា ឈើប្រភេទប្រណីតគ្រញូងចំនួន៥ដុំ និងម៉ាសុីនរណាយន្ត(ត្រង់ទឺន័រ)ចំនួន១គ្រឿងផងដែរ ហើយទាំងជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប្រទេសថៃ បាននាំទៅបន្តនីតិវិធីដល់ស្នងការដ្ឋាននគរបាលប្រភេទថៃ ហើយសមត្ថកិច្ចប្រទេសកម្ពុជាកំពុងទំនាក់ទំនង៕ ប៉ឹម ពិន