ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយសារយុវជនម្នាក់ទៀតច្រានទម្លាក់ពីលើផ្ទះបន្ទាប់ពីជនសង្ស័យបានចោទប្រកាន់ជនរងគ្រោះថា លួចមើលខ្លួនកំពុងរួមរក្សជាមួយប្រពន្ធ តែជនរងគ្រោះបានឆ្លើយបដិសេធ ក៏កើតជារឿងច្រានទម្លាក់ពីលើផ្ទះតែម្តង ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦,៣០នាទីព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះថាច់ រី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។
ជនរងគ្រោះឈ្មោះសួង ម៉ៃសាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ដំណើររឿងឈានដល់ការរុញទម្លាប់ជនរងគ្រោះពីផ្ទះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ច្បារអំពៅ២ប្រាប់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ម៉ោង១៨និង៣០នាទី ជនរងគ្រោះដើរកាត់មុខផ្ទះជនសង្ស័យ រួចជនសង្ស័យហៅជនរងគ្រោះសួរនាំរឿងកាលពីថ្ងៃមុនដោយចោទថា ជនរងគ្រោះបានលួចមើលជនសង្ស័យ រួមរ័ក្សជាមួយប្រពន្ធ.. !តែជនរងគ្រោះឆ្លើយថា ពុំបានលួចមើលទេ ជនសង្ស័យក៏ចាប់ទាញជនរងគ្រោះឡើងទៅលើផ្ទះឈើរបស់ខ្លួនកម្ពស់ ២ម៉ែត្រ ហើយចាប់គ្រៀកកយកកូនកាំបិតភ្ជង់គម្រាមជនរងគ្រោះឲ្យឆ្លើយសារភាព ពេលនោះ ជនរងគ្រោះនៅតែឆ្លើយបដិសេធ ក៏មានការ ប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យច្រានជនរងគ្រោះទម្លាក់ពីលើផ្ទះមក ដីបោកចំថ្ងាសពកបណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់ពីកើតហេតុអ្នកជិតខាងមកជួយ និងទាក់ទងប្រាប់សមត្ថកិច្ចចុះទៅ ឃាត់ខ្លួនជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ។ ចំពោះកូនកាំបិតជនសង្ស័យបានបោះចោលបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។
ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងទភតុលាការ តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ០១ឆ្នាំមកហើយ ៕
ដោយ៖ សណ្តោស