ហេតុអ្វីបានជាអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នខេត្តក្រចេះ មិនខ្ចីបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញ របស់ហ៊ត់ ប៊ុនគីម?

ចែករំលែក៖

ខេត្តក្រចេះ ៖ សកម្មភាពការដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ហ៊ត់ ប៊ុនគីម អតីតមេយោធាគ៣ តំបន់ប្រតិបត្តិការសឹករង ខេត្តក្រចេះ បានចាប់ផ្តើមបន្តអាជីពជំនួញឈើតាំងពីមុនរដូវបុណ្យចូលឆ្នាំចិនមកម្ល៉េះ ។ ក្នុងនោះ ហ៊ត់ ប៊ុនគីម បានប្រើប្រាស់រថយន្តរបស់ថៅកែវៀតណាម ទាំងឡានយីឌុបដឹកឈើ ទាំងឡានស្ទួច សុទ្ធតែជា​របស់ថៅកែវៀតណាមទាំងអស់ លើកលែងតែរថយន្តកែច្នៃប៉ុណ្ណោះ លោកហ៊ត់ ប៊ុនគីម ប្រើប្រាស់ រថយន្តកែច្នៃក្នុងស្រុក ។

គេកំពុងមានចម្ងល់ថា ហេតុអ្វីក៏អាជ្ញាធរ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន គ្រប់ជាន់ថ្នាក់ក្នុងខេត្តក្រចេះ ជាពិសេសសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប មានដូចម្រាមដៃ ប៉ុន្តែមិនបានបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនឈើពីព្រៃ ក៏ដូចជាការប្រមូលទិញរបស់ហ៊ត់ ប៊ុនគីម យកមកដាក់នៅចំណុចភូមិ ប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាសកម្មភាពស្ទួចលើកឈើដឹករថយន្ត ដឹកឈើយកមកចតតាមចម្ការកៅស៊ូនៅនឹងមុខ នៅនឹងភ្នែករបស់សមត្ថកិច្ចអាជ្ញាធរ ក៏នៅតែមិនព្រមបង្ក្រាប?

កន្លងទៅរថយន្តយីឌុបចំនួន៤គ្រឿងរបស់ហ៊ត់ ប៊ុនគីម យកមកពីទឹកដីវៀតណាមស្ទួចឈើនៅចំណុចភូមិប៉ោដើមចេក ជាមួយនឹងទាហានប្រដាប់ដោយអាវុធគ្រប់ដៃការពារនៅទីនោះ សមត្ថកិច្ចមិនបង្ក្រាប ប៉ុន្តែគេប្រើមធ្យោបាយជំរុញឲ្យ ហ៊ត់ ប៊ុនគីម ទម្លាក់ឈើទាំងនោះចូលនៅចំការកៅស៊ូ ចំណុចគីឡូម៉ែត្រលេខ១២៣ ចោលមួយចំនួន ខណៈមានប្រតិកម្មពីថ្នាក់លើ និងបទបញ្ជាព្រោងព្រាត ពិសេស អាជ្ញាធរសមត្ថកិច្ច និងជំនាញនៅទីនោះដឹងថា ខ្លួនពាក់ព័ន្ធផងដែរ ក៏បានចុះទៅរឹបអូសយកឈើទាំងនោះបញ្ជូនទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី ។

ដោយឡែកនៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហ៊ត់ ប៊ុន គីមបានប្រើឡានកែច្នៃ៤គ្រឿងដឹកឈើប្រភេទឡាំង កកោះ សុក្រំ និងធ្នង់មានមុខកាត់ធំៗ យកទៅចតនៅចម្ការកៅស៊ូ ចំណុចគីឡូម៉ែត្រលេខ១២៩ ជិតក្រុមហ៊ុន ៩៩៩៩ ដែលមានចម្ងាយដីប្រមាណជា១៦គីឡូម៉ែត្រពីផ្លូវជាតិ ក៏មិនឃើញសមត្ថកិច្ចចុះទៅបង្ក្រាប ទោះជាសកម្មភាពដឹកឈើនេះ ជាបទល្មើសជាក់ស្តែងក៏ដោយ ។ មិនតែប៉ុណ្ណោះ រថយន្តពណ៌សមួយគ្រឿងរបស់គយចល័ត មានគ្នាមួយក្រុម បានមកចាំនៅចំណុចក្រុមហ៊ុន៩៩៩៩ គឺមិនមែនមកបង្ក្រាបទេ មកដើម្បីរាប់ក្បាលឡាន ហ៊ត់ ប៊ុនគីមយកប្រាក់ រួចក៏ត្រឡប់ឡានទៅវិញនៅពេលរសៀលថ្ងៃដដែលនោះ ។ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពេលយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហ៊ត់ ប៊ុនគីមបានដឹកឈើទាំងនោះឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀង ដោយគ្មានការព្រួយបារម្ភសូម្បីបន្តិចពីការបង្ក្រាបរបស់សមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នទាំងនោះ ។

ពាក់ព័ន្ធករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានបញ្ជាក់ថា ខាងរដ្ឋបាលព្រៃឈើពិបាកក្នុងការបង្ក្រាបណាស់ចំពោះបទល្មើសនៅក្នុងព្រៃ ដូច្នេះមានតែសង្ឃឹមទៅលើសមត្ថកិច្ចចុះបង្ក្រាប ហើយជំនាញរបស់ពួកគាត់ នឹងរង់ចាំសហការ ក៏ដូចជាទទួលយកឈើ កសាងសំណុំរឿងទៅតាមនីតិវិធី ។ ដោយឡែកលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានប្រាប់ឲ្យដឹងថា ចំពោះបទល្មើសនេះ ខ្ញុំមិនទាន់ដឹងនៅឡើយទេ ខណៈជាប់មានភារកិច្ចកំពុងព្យាបាលជំងឺនៅរាជធានីភ្នំពេញ ដែលមានលក្ខណៈធ្ងន់ធ្ងរ ។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែលោកនឹងជំរុញឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ គឺនាយខណ្ឌតែម្តង ត្រូវធ្វើកិច្ចការទាំងនេះ ។

ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ផងដែរថា លោកត្រូវការទីតាំង និងចំនួនឈើ ក៏ដូចជាមុខសញ្ញានៃម្ចាស់បទល្មើស ដើម្បីធ្វើកិច្ចការនេះ ពិសេសនៅម្តុំនោះ គឺមានសមត្ថកិច្ចជាច្រើនស្ថាប័នរួចទៅហើយ ប្រសិនបើបទល្មើសនេះបានកើត ពួកគេត្រូវតែមានតួនាទីបង្ក្រាប ចាប់យករឹបអូស ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ។

លោក ហ៊ត់ ប៊ុនគីម អតីតមេយោធា គ៣ ទាំងប្តី និងប្រពន្ធ តែងតែរកស៊ីបទល្មើសច្បាប់នេះជាច្រើនឆ្នាំមកហើយ ក្នុងនោះគាត់ថែមទាំងប្រើប្រាស់កម្លាំងក្រោមឱវាទរបស់គាត់ ជាមួយនឹងកាំភ្លើងគ្រប់ដៃ តែងគំរាមលើសមត្ថកិច្ច ឬក៏ធ្វើសកម្មភាព យកកម្លាំងជាច្រើននាក់រំដោះឈើពីសមត្ថកិច្ចបង្ក្រាបជាដើម ។

បច្ចុប្បន្ន បុគ្គលរូបនេះត្រូវបានដកតួនាទី ទៅបម្រើការងារក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ប៉ុន្តែគាត់មិនបានបោះបង់ជំនួញឈើនេះនៅឡើយទេ ក្នុងនោះ ដើម្បីកុំឲ្យមានការយល់ច្រឡំ ឬដាក់ភាពសង្ស័យមកលើខ្លួន ក៏ដូចជាបំភ័ន្តភ្នែកមហាជន សមត្ថកិច្ចដែលត្រូវរ៉ូវជាមួយ ហ៊ត់ ប៊ុនគីម តម្រូវឲ្យឈ្មួញរូបនេះដកខ្លួន ទុកឲ្យអ្នកផ្សេងធ្វើកិច្ចការជំនួស ដូចជាឲ្យភរិយារបស់គាត់ និងម្តាយក្មេកព្រះនាម ៤៣ ធ្វើកិច្ចការនេះជំនួសហ៊ត់ ប៊ុនគីម ជៀសវាងឈ្មោះហ៊ត់ ប៊ុនគីម ពោរពេញដោយរឿងអាស្រូវ ត្រូវបានថ្នាក់លើហៅឃាត់។

មួយរយៈនេះ ហ៊ត់ ប៊ុនគីម និងភរិយា ព្រមទាំងម្តាយក្មេក យាយ ៤៣ មិនត្រឹមតែប្រើរថយន្តកែច្នៃដឹកឈើ ទៅប្រទេសវៀតណាមតាមច្រករបៀង ដេ១៦ ប៉ុណ្ណោះទេ គឺពួកគាត់បានប្រើប្រាស់រថយន្តរបស់ជនជាតិវៀតណាម ក៏ដូចជាឡានស្ទួច ដឹកជញ្ជូនជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីសមត្ថកិច្ចអាជ្ញាធរ និងជំនាញជាច្រើនស្ថាប័ន នៅខេត្តក្រចេះ បើកភ្លើងខៀវឲ្យខ្លួន ធ្វើសកម្មភាពនេះជាចំហរ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print