អភិបាលខេត្តកំពង់ចាម ជំរុញឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ស្រាវជ្រាវករណីគ្រូពេទ្យវះកាត់ភ្លេចកន្សែង ក្នុងពោះស្ត្រីសម្រាលកូន (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖  អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលខេត្តលោក គឹម សួរភារុណ កោះហៅប្រធានមន្ទីរពេទ្យ បង្អែក គ្រូពេទ្យវះកាត់មកជួបជាមួយភាគី ជនរងគ្រោះនៅវេលាម៉ោង ៣រសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីសួរនាំបន្ថែម និងស្តាប់យោបល់ម្នាក់ៗក្នុងករណីគ្រូពេទ្យវះកាត់ភ្លេចកន្សែងក្នុងពោះស្ត្រីសម្រាលកូន ។

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត កំពង់ចាមក៏បានប្រាប់ទៅអភិបាលស្រុក កងមាសឲ្យដឹងនាំមន្ត្រីចុះទៅពិនិត្យស្ថាន ភាពជនរងគ្រោះ ព្រមទាំងតាមដានលើ ការព្យាបាលជំងឺរហូតជាសះស្បើយផងដែរ  ។

សូមបញ្ជាក់ថា គេធ្លាប់តែឮគេនិយាយតៗគ្នាករណីគ្រូពេទ្យវះកាត់ធ្វេសប្រហែសភ្លេចឧបករណ៍វះកាត់នៅក្នុងខ្លួនអ្នកជំងឺ។ ការនិយាយ តៗគ្នានោះបានក្លាយទៅជាការណ៍ពិតមិនអាចប្រកែកបាននៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម នៅគ្រាដែលស្ត្រីម្នាក់ទៅសម្រាលកូននៅទីនោះ ហើយត្រូវបានក្រុមគ្រូពេទ្យវះកាត់ភ្លេច កន្សែងមួយនៅក្នុងពោះអ្នកជំងឺ។ ករណី នេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាមមិនទាន់ទទួលស្គាល់ការណ៍ពិតនៅឡើយនៅគ្រាដែលស្រ្តីរងគ្រោះមាន ភស្តុតាងគ្រប់គ្រាន់។ គេរំពឹងថា ក្រសួងសុខា ភិបាលនឹងស្រាវជ្រាវរឿងនេះឡើងវិញ ។

ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរនេះមានស្រុកកំណើតនៅភូមិ ពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្ត កំពង់ចាមជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកហើយខណៈនេះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជនមួយក្នុងរាជធានី ភ្នំពេញជាមួយនឹងការខ្វាយខ្វល់អំពីបញ្ហាអស់លទ្ធភាពក្នុងការព្យាបាលខ្លួនតទៅទៀតស្របពេលដែលស្ថានភាពជំងឺកាន់តែដុនដាបទៅៗ ។

បើតាមប្អូនស្រីស្ត្រីរងគ្រោះបានរំលឹកថា កាលពីជាង៣ខែមុនបងស្រីរបស់នាង បានទៅសម្រាលកូនដំបូងនៅមន្ទីរបង្អែក ខេត្តកំពង់ចាម។ ពេលនោះគ្រូពេទ្យថា បើ សម្រាលតាមធម្មជាតិមិនបានឡើយទាល់តែសម្រាលដោយការវះកាត់។ នៅពេល គ្រូពេទ្យប្រាប់យ៉ាងដូច្នេះជនរងគ្រោះនិងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។ ក្រោយ សម្រាលមិនបានប៉ុន្មានផងបងស្រីរបស់ នាងចេះតែមានការឈឺចុកចាប់ក្នុងពោះ រហូតនិងខ្លាំងឡើងៗ ខណៈការពិនិត្យនិងការប្រើប្រាស់ឱសថតិចឬច្រើនក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះ មិនព្រមបាត់រសាយទៅវិញសោះ ។

ប្អូនស្រីស្ត្រីរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពខ្លាំង ទៅៗទើបក្រុមគ្រួសារក៏សម្រេចចិត្តបញ្ជូនបងស្រីរបស់នាងទៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញដើម្បីឆ្លុះមើលរកមូលហេតុនិងព្យាបាល។ ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលគឺ ប្រើតែថ្នាំចាក់ និងលេបទៅនឹងធូរស្បើយ ហើយ។ ប៉ុន្តែមិនដូចការគិតនោះទេស្ត្រីរងគ្រោះនៅតែមានអាការឈឺចាប់ខ្លាំងទៅៗ រាល់ថ្ងៃក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀតដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ។

ប្អូនស្រីស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ក្នុងពេលវះកាត់នោះ ស្រាប់តែឃើញកូន កន្សែងពណ៌សមួយប្រឡាក់ឈាមក្រហម ឆ្អិននៅក្នុងពោះរបស់បងស្រីរបស់នាងដែលនេះហើយជាមូលហេតុនាំឲ្យបងស្រីនាង ឈឺចុកចាប់អស់ពេលជាង៣ខែមកនេះ។ ពេលឃើញដូច្នេះម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហែសរបស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ ។

ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុង ន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃ មុខក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯង ជាអនុប្រធានមន្ទីរពេទ្យបានប្រកែកមិន ចង់ទទួលស្គាល់ការធ្វេសប្រហែសនេះ ឡើយដោយប្រាប់ថារង់ចាំសិន។ លុះដល់២ -៣សប្ដាហ៍ក្រោយមកក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យនៅតែគ្មានដំណោះស្រាយជូនជនរងគ្រោះនៅឡើយដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន។ និយាយរួមគ្មានដំណោះស្រាយជូនស្ត្រីរងគ្រោះសូម្បីតែបន្តិច ។

ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យឯកជននៅរាជធានីភ្នំពេញនេះស្ត្រីរងគ្រោះ និងក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអស់លទ្ធភាពក្នុងការព្យាបាលជំងឺ។ ដោយអស់លទ្ធ ភាពក្នុងការព្យាបាលជំងឺតទៅទៀត។ ខណៈស្ថិតក្នុងស្ថានភាពឈឺចុកចាប់ធ្ងន់ធ្ងរ ពេញប្រាណផងនោះស្ត្រីរងគ្រោះ និងក្រុម គ្រួសាររួមទាំងប្អូនស្រីស្ត្រីរងគ្រោះបាន លើកដៃសំពះទទូចអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានាមេត្តាផ្ដល់ក្ដី សន្ដោសប្រណីជួយឧបត្ថម្ភព្យាបាលជំងឺ ធ្ងន់ធ្ងរនេះឲ្យបានជាសះស្បើយវិញផង ។

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេពីថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print