ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរាយ មង សន្ទូច ជាឧបករណ៍លក្ខណៈគ្រួសារ រាយការណ៍ថា មានបទល្មើសនេសាទខុស ច្បាប់ស្តីពីជលផលប្រភេទ(អួនហ៊ុម)ច្រើនវង់ (យ៉ាងតិច៦វង់) កំពុងធ្វើសកម្មភាពរាល់ ថ្ងៃ និងបំផ្លិចបំផ្លាញមង សន្ទូច របស់ពួកគាត់ ដាច់ខ្ទេចខ្ទីគ្មានសល់ ។ មន្រ្តីជំនាញរដ្ឋ បាលជលផល ស្ងាត់មាត់ដូចគេចុក ខណៈ ក្រុមល្មើសអួនហ៊ុម ទាំងនេះ មាននគរបាល សេដ្ឋកិច្ចខេត្តម្នាក់ និងនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ហ្លួងម្នាក់ទៀត នៅពីក្រោយខ្នង ។
ប្រភពរាយការណ៍បន្តថា ក្រុម អួន ហ៊ុម ខុសច្បាប់ស្តីពីជលផល ដែលកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញមង សន្ទូច ប្រជានេសាទ រាល់ថ្ងៃនោះ គេង្កេតឃើញមាននៅម្ដុំព្រំ ប្រទល់ស្រុកកណ្ដៀង និងស្រុកក្រគរ ពិសេសក្នុងអតីតឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តថា ជាអចិន្ត្រៃយ៍ គេសង្កេតឃើញឧបករណ៍ប្រភេទអួន ហ៊ុម ដែលមានប្រវែងមិនក្រោមចាប់ពី ៧០០ម៉ែត្រ ទៅ៨០០ម៉ែត្រនោះទេ ក្នុង១វង់ៗ និងខ្លះមានប្រវែង២០០០ម៉ែត្រ ហើយមានមន្រ្តីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ឈ្មោះ សារឿន សារ៉ាវុធ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ហ្លួងម្នាក់ទៀតឈ្មោះ សេង សំណាង ហៅដំរី នៅ ពីក្រោយ ហើយគេឮព័ត៌មានជាច្រើនលើកឡើងស្រដៀងៗគ្នាថា ឧបករណ៍ប្រភេទ អួនហ៊ុមខាងលើនេះក្នុង១វង់ៗ ត្រូវបាន រត់ការគ្រប់ស្ថាប័នពាក់ព័ន្ធអស់ ហើយចាប់ពីចំនួន២៥លានរៀលទៅដល់៣០លានរៀល ហើយគេយកលុយរត់ការជាដំណាក់ៗ ។ នេះបើតាមការនិយាយគ្នាជាក់ស្ដែង។
ប្រភពបន្តទៀតថា ដោយសារតែមានសមត្ថកិច្ចនគរបាលនៅពីក្រោយ និងក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលទាំងនោះ ចំណាយលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបពួកគេធ្វើសកម្មភាព ដោយមិនខ្វល់ពីការខូចខាតឧបករណ៍នេសាទតូចតាច បញ្ហានេះ ប្រជាពលរដ្ឋទទូចសំណូមពរ ក្រសួងមានសមត្ថកិច្ច ពិសេសអាជ្ញាធរ គួរមានវិធានការចាត់ក្រុមអធិការកិច្ចចុះស្រាវជ្រាវផង ក្រែងលោថា ប្រជានេសាទចេះ តែនិយាយដោយគ្មានករណីកើតឡើងពិតប្រាកដ។
បើទោះបីប្រភពព័ត៌មានបានរាយការណ៍ជាប់ជំពាក់វាក់វិនទៅនឹងមន្រ្តីនគរបាល ទាំង២រូបខាងលើបែបនេះក្តី ប៉ុន្តែភ្នាក់ងារ ព័ត៌មាននគរវត្តមិនអាចស្វែងរកការពន្យល់បានទេ ពីលោកសារឿន សារ៉ាវុធ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក សេង សំណាង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ហ្លួង ។
រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សកម្មភាពនេសាទល្មើសច្បាប់ដោយឧបករណ៍ អូនហ៊ុុំម នៅតែបន្តសកម្មភាពយ៉ាងងងើលដោយមិនខ្លាចច្បាប់ឡើយ ។ មន្ត្រីជលផលផ្អែមមាត់នឹងបទល្មើសនេះ ៕ ប៉ឹម ពិន