អ្នកស្រី វង្ស ស៊ីថា មេភូមិផ្អុង និងឈ្មោះជា កុយ ព្រមទាំងបក្ខពួក ចំនួន៧នាក់ ត្រូវបានប្រជាពលរដ្ឋប្ដឹងទៅតុលាការរឿងរំលោភយកដី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកមុត កៅ អាយុ៥៨ឆ្នាំ អតីតយុទ្ធជន រស់នៅក្នុងជីវភាពក្រលំបាកក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រពន្ធ ឈ្មោះ សាន់ ស៊ីនៀត នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ត្រូវនឹងថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះបាននាំក្រុមគ្រួសារទៅដាក់ពាក្យ បណ្តឹងនៅសាលាខេត្ត និងសាលាដំបូង ខេត្តចំពោះបុគ្គល៧រូប ទី១- ឈ្មោះអ្នក ស្រីវង់ ស៊ីថា មេភូមិផ្អុង ទី២-ឈ្មោះ ជា កុយ មានអាសយដ្ឋាននៅទីក្រុងភ្នំពេញ ,ទី៣-ឈ្មោះ តារា មានអាសយដ្ឋាននៅភ្នំពេញ ជាមេការរបស់ឈ្មោះជាកុយ ហើយ៤នាក់ ផ្សេងទៀតជាប្រជាការពារភូមិ ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរំលោភបំពានលើដីកម្មសិទ្ធិឯកជន។

បើយោងទៅតាមពាក្យបណ្ដឹងលោក មុត កៅបានចោទថា ឈ្មោះទាំង៧នាក់ ខាងលើបានឃុបឃិតគ្នា រំលោភយក ដីស្រែចម្ការរបស់គាត់ទំហំជាងបួនហិកតា ស្មើនឹង៤៧.២៩១ម៉ែត្រការ៉េ និងយកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រទៅកាយបំផ្លាញ ផលដំណាំរួមមាន ដើមស្វាយចំនួន២៥០ ដើម ,ដើមផ្ញៀវ និងដើមសេមាន់ចំនួន១៣ ដើម ឫស្សីជាងមួយរយគុព្ព និងបង្គោល របង១៥០ដើម ។

លោក ម៉ុត កៅ បានឲ្យដឹងថា លោកបាន កាន់កាប់ និងអាស្រ័យផលនៅលើដីនេះនៅដើមឆ្នាំ១៩៩៩ និងធ្វើលិខិតផ្ទេរឲ្យប្អូននៅឆ្នាំ២០០៧ ដោយមានការបញ្ជាក់ពី អតីតមេភូមិផ្អុងរហូតបានដាំដុះដំណាំជាច្រើន ។ លុះមកដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ អ្នកស្រីវង់ ស៊ីថា ជាមេភូមិបានចុះហត្ថលេខានៅលើប្លង់ផែនទីបង្ហាញ​ទីតាំង នៅក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោងទៀត ។ រហូតមកដល់ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែបុគ្គលទាំង៧នាក់ខាងលើបានយកគ្រឿងចក្រ មកធ្វើសកម្មភាពបំផ្លាញផលដំណាំនៅលើដីរបស់គាត់តែម្ដង។

លោក ជា កុយ បានឲ្យដឹងតាមទូរស័ព្ទ ថា មុននឹងអ្នកកាសែតចុះផ្សាយសូមសួរទៅចៅហ្វាយខេត្តចៅហ្វាយក្រុង និងសុរិ យោដីសិន ។ លោកបន្តថា លោកមកនេះដីកាត្រឹមត្រូវឲ្យឈូសឆាយដីរបស់លោកមិនមែនទៅរំលោភដីគេទេ។

ចំណែកអ្នកស្រី វង់ ស៊ីថា មេភូមិផ្អុងបានឲ្យដឹងថាដីនេះមិនមែនជាដីរបស់ឈ្មោះ មុតកៅទេ គឺដីរបស់ឈ្មោះហាត់ ភាព ហើយហាត់ភាពបានលក់បន្ដឲ្យគេផ្សេងយូរហើយ បើមិនជឿ សូមសួរទៅមេភូមិចាស់ទៅបាន​ដឹងហើយ ព្រោះមេភូមិចាស់បានមកផ្ដិតមេដៃធ្វើសាក្សីឲ្យលោកមុត កៅ ដើម​បណ្ដឹងទៀតផង ។

យ៉ាងណា ករណីក្តីក្តាំគ្នារឿងដីមាន ម្ចាស់ត្រួតគ្នានេះគេកំពុងសម្លឹងមើលការ វិនិច្ឆ័យរបស់អាជ្ញាធរខេត្ត និងសាលាដំបូង ខេត្ត តើរកយុត្តិធម៌ជូនជនរងគ្រោះបាន ដែរឬយ៉ាងណា? ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print