ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ បានប្តឹងមនុស្សចំនួន១០នាក់ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន៥បទល្មើស ហើយបានស្នើដល់តុលាការមេត្តាចាត់ការតាមច្បាប់ ព្រោះទង្វើទាំងនេះ ជាការរំលោភច្បាប់និងរំលោភសិទ្ធិបុគ្គលយ៉ាងពិតប្រាកដ ។ បច្ចុប្បន្ន តុលាការកំពុងបន្តនីតិវិធី ។
មន្ត្រីតុលាការថ្លែងឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ថា ប្រពន្ធឈ្មោះអឿ គឹមហេង និង ប្តី បានប្តឹងឈ្មោះ អោម គឹមហ៊ុន ភេទស្រី ឈ្មោះ អោម សារ៉ាន់ ភេទស្រី ឈ្មោះ ចាន់ ស្រីណែត ភេទស្រី ឈ្មោះ ចាន់ ស្រីណេត ភេទស្រី ឈ្មោះ សំ សារី ភេទស្រី ឈ្មោះ អូ បូរី ភេទប្រុស និង មនុស្សប្រុស៤នាក់ទៀត ដែលមានទីលំនៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ”រំលោភលើលំនៅដ្ឋាន បទធ្វើឱ្យខូចខាតដោយចេតនា បទបង្ខាំងដោយខុសច្បាប់ បទបរិហារកេរ្តិ៍និងការជេរប្រមាថ”ប្រព្រឹត្តកាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៥៥ ផ្លូវលំ ភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ត្រីដដែល បន្តថា ពេលនេះ ពុំទាន់ចាត់ព្រះរាជអាជ្ញារងរូបណាកាន់សំណុំរឿងនេះ នៅឡើយទេ ហើយមេធាវីតំណាងដើមបណ្តឹងទំនងជាលោកមេធាវី កែវ វ៉ាន្នី នឹងដាក់ពាក្យចូលជាមេធាវីតំណាងដើមបណ្តឹងក្នុងសំណុំរឿងនេះ។
ដើមចមនៃការដាក់ពាក្យបណ្ដឹងនេះ ត្រូវបានមន្ត្រីតុលាការ បង្ហើបឱ្យដឹងថា នៅថ្ងៃទីកើតហេតុ ក្រុមជនសង្ស័យទាំង១០នាក់ នាំគ្នាសម្រុកចូលលំនៅដ្ឋាន ហើយធ្វើសកម្មភាពរើកកាយសម្ភារៈនិងទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះបោះចេញមកខាងក្រៅផ្ទះ ធ្វើឱ្យមានការខូចខាតព្រមទាំងបានយកសោបង្ខាំងមនុស្ស៦នាក់នៅក្នុងផ្ទះ ។ នៅពេលនោះ ជនរងគ្រោះបានទៅប្ដឹងសុំជួយធ្វើអន្តរាគមន៍ភ្លាមៗ ពីខាងប៉ូលិសរដ្ឋបាលសង្កាត់ភ្នំពេញថ្មីឱ្យមកជួយ ទើបក្រុមជនសង្ស័យបានបំបែកគ្នាអស់ ហើយនៅសល់ឈ្មោះ អោម សារ៉ាន់ និងឈ្មោះ ចាន់ ស្រីណែត បានចេញមុខមកទទួលខុសត្រូវ និងព្រមព្រៀងឱ្យហៅជាងមកកាត់សោចេញវិញ។ មន្រ្តីនគរបាលបាននាំជនល្មើសបួននាក់ដែលជាស្រ្តីនៅកន្លែងកើតហេតុទៅកាន់ប៉ុស្ត៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី។ នៅទីនោះមន្រ្តីនគរបាលបានត្រឹមតែតម្រូវឲ្យជនល្មើសធ្វើកិច្ចសន្យាមិនឲ្យចូលបំពានលំនៅឋាននេះតទៅទៀតប៉ុណ្ណោះ ដោយមិនធ្វើការឃាត់ខ្លួននិងបញ្ជូនជនទាំងនេះទៅតុលាការតាមនីតិវិធីច្បាប់នោះទេ ទោះបីជាជនទាំងនេះ បានប្រព្រឹត្តបទល្មើសជាក់ស្តែងធ្ងន់ធ្ងរជាច្រើន និង មានការស្នើសុំអោយឃាត់ខ្លួនពីជនរងគ្រោះយ៉ាងណាក៍ដោយ។
នៅចំពោះមុខសាធារណជនយ៉ាងច្រើនកុះករ ឈ្មោះ អោម សារ៉ាន់ និងឈ្មោះ ចាន់ ស្រីណែត បានបញ្ជូនជើងប្រាប់ឱ្យជនរងគ្រោះប្ដឹងទៅតុលាការទៅ ពួកខ្លួនមិនខ្លាចទេ និងបាននិយាយប្រមាថមើលងាយមកលើក្រុមគ្រួសារជនរងគ្រោះថា ពួកអ្នកឯងក្ររហាមអញ្ចឹង ទៅប្ដឹងទារយកប្រាក់ចំនួនម្ភៃម៉ឺនដុល្លាអាមេរិកពីខ្លួនទៅ កុំឱ្យក្រទៀត ពិបាកដើរបោកគេ។
ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះឈ្មោះ អឿ គឹមហេង បញ្ជាក់ថា កាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៧ ឈ្មោះ អោម គឹមហ៊ុន បានចុះកិច្ចសន្យាលក់ដីនិងផ្ទះ ទំហំ ៤មx១៤ម (ផ្ទះកើតហេតុ) ក្នុងតម្លៃ ៦៥.០០០$ (ប្រាំមួយម៉ឺនដុល្លាអាមេរិក) និងកិច្ចសន្យាប្រគល់ប្រាក់កក់ថ្លៃលក់ដី និងផ្ទះ ចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ មកឱ្យនាងខ្ញុំ ហើយបន្ទាប់ពីបានប្រគល់ប្រាក់មួយចំនួនរួចមក ខ្ញុំបាទនាងខ្ញុំក៏បានចូលមកស្នាក់នៅប្រកបរបររកស៊ីកាត់ដេរនិងស្នាក់នៅក្នុងផ្ទះនេះ ដោយមិនទាន់បានទទួលឯកសារប្លង់ដីផ្ទះនៅឡើយទេ ពីព្រោះឈ្មោះ អោម គឹមហ៊ុន បានយកទៅដាក់បញ្ចាំខ្ចីប្រាក់នៅធនាគារអេស៊ីលីដា តាំងពីឆ្នាំ២០១៥ ហើយនាងខ្ញុំជាអ្នកជួយបង់ប្រាក់ជំនួសទៅឱ្យខាងធនាគារ ដើម្បីកាត់កងថ្លៃដីនិងផ្ទះនេះ។
នាងខ្ញុំបានបង់ប្រាក់ទៅខាងធនាគារបាន ចំនួន ៧ខែ មានទឹកប្រាក់ស្មើ នឹង ចំនួន ៥.៧០០០ដុល្លាអាមេរិក(ប្រាំម៉ឺនប្រាំពីរពាន់ដុល្លាអាមេរិក) ស្រាប់តែឈ្មោះ អោម គឹមហ៊ុន ប្រែក្រលាស់ថាមិនលក់ដីផ្ទះក្នុងតម្លៃដូចមានក្នុងកិច្ចសន្យាខាងលើនោះទេ គឺទាមទារឡើងថ្លៃ ដោយឈ្មោះ អោម គឹមហ៊ុន បានប្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មីឱ្យធ្វើការដោះស្រាយ ហើយនាងខ្ញុំបានយល់ព្រមទទួលយកប្រាក់ ដែលនាងខ្ញុំបានប្រគល់ឱ្យគាត់ និងប្រាក់ដែលនាងខ្ញុំបានបង់ជំនួសទៅឱ្យខាងធនាគារនោះ និងប្រគល់ដីផ្ទះនេះទៅឱ្យគាត់វិញ។ ប៉ុន្តែការដោះស្រាយពីរឿងនេះមិនទាន់ចប់ទេ ដោយឈ្មោះ អោម គឹមហ៊ុន គ្មានប្រាក់ប្រគល់មកឱ្យនាងខ្ញុំវិញឡើយ ស្រាប់តែនៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៨ ក្រុមជនសង្ស័យ បានលើកគ្នាទៅធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើតែម្ដង។
ដូច្នេះ ទង្វើរបស់ក្រុមជនសង្ស័យបានធ្វើឡើងនោះ គឺជាអំពើ រំលោភលើលំនៅដ្ឋាន អំពើ ធ្វើឱ្យខូចខាតដោយចេតនា អំពើ បង្ខាំងដោយខុសច្បាប់ និងធ្វើខូចខាតនូវផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរបំផុត ពីអំពើនេះ ។
ប្តីប្រពន្ធទាំងពីរនាក់ សំណូមពរ ទី១សុំចោទប្រកាន់ និងផ្ដន្ទាទោស លើជនសង្ស័យទៅតាមផ្លូវច្បាប់ និង ទី២សុំទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ និងការខាតបង់ពេលវេលា និងសំណងជំងឺចិត្តចំនួន ១០.០០០$ (មួយម៉ឺនដុល្លាអាមេរិក) ។
ទោះបីយ៉ាងណា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ពីក្រុមជនសង្ស័យបាននៅឡើយទេ ។ ប៉ុន្ដែសារព័ត៌មាននឹងរង់ចាំការបំភ្លឺគ្រប់ពេលវេលា៕ចេស្តា
...