សន្និសីទសារព័ត៌មាន ស្តីពីសប្តាហ៍បារាំង នៅសៀមរាប ពីថ្ងៃទី៧ ដល់ទី១០ មីនា ២០១៨

ចែករំលែក៖

ខេត្តសៀមរាប ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងគណៈ​កម្មាធិការរៀបចំមួយ នឹងប្រារព្ធព្រឹត្តិការណ៍«សបា្តហ៍បារំាង»ជាលើកទី១នៅក្រុងសៀមរាប ចាប់ពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសៅរ៍ទី១០ ខែមីនា ដើម្បីផ្សព្វផ្សាយអំពីជំនាញរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ឱ្យ​សាធារណជនក្នុងស្រុក និងភ្ញៀវអន្តរជាតិនានាបានស្គាល់
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ដែលនឹងត្រូវបើកសម្ពោធដោយលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជា «ភូមិបារាំងមួយ» នឹងត្រូវសាងសង់ឡើងនៅក្នុងសួនច្បារព្រះរាជដំណាក់ខាងមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hôtel d’Angkor) ។ ក្នុងរយៈពេល៤ថ្ងៃនេះពីម៉ោង៣រសៀលដល់ម៉ោង៩យប់ ក្រុមហ៊ុននិងអង្គការបារាំងនានាចំនួន៥០នឹងធ្វើការបង្ហាញជូនដល់ពលរដ្ឋខេត្តសៀមរាបនិងភ្ញៀវទេសចរ អំពីចំណេះធ្វើ​របស់សហគ្រិនបារាំង លាយផ្សំជាមួយចំណេះធ្វើ ប្រពៃណីនិងវត្ថុធាតុដើមរបស់ខ្មែរ។
ក្រៅពីនេះ កម្មវិធីជាច្រើនទៀតនឹងត្រូវបង្ហាញដល់សាធារណជន ដូចជា ពិព័រណ៍រូបថតរបស់សាលាបារាំងចុងបូព៌ា សន្និសីទស្តីពីវប្បធម៌ ការបង្ហាញអំពីរបៀបឆ្លាក់នៅលើផ្ទាំងថ្ម ស្តង់ភោជនីយដ្ឋានបារាំង ការជ្រើសរើសបុគ្គលិកនិងអ្នកធ្វើកម្មសិក្សា ការប្រកួតប៉េតង់ ការបញ្ចាំងភាពយន្ត ការសម្តែងរបាំសហសម័យដោយក្រុមសិល្ប:ខ្មែរ និងការដើរបង្ហាញម៉ូដចៃ្នដោយផលិតករក្នុងស្រុកជាដើម។ សប្តាហ៍បារាំងនេះនឹងត្រូវបិទបញ្ចប់​ដោយការរាំកម្សាន្តដែលមានការចូលរួមពីសាធារណជន។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះនឹងត្រូវបង្ហាញនៅក្នុងសន្និសីទសាព័ត៌មានមួយ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២ ខែមីនា វេលាម៉ោង៥ល្ងាចនៅបន្ទប់បាយ័ននៃមហាសណ្ឋាគារអង្គរ ដោយមានវត្តមានលោកស្រី អេឡែន កុនវ៉េ មូរ៉េ សមាជិកព្រឹទ្ធសភាតំណាងជនជាតិបារាំងនៅបរទេស លោក ហ្សង់ អ៊ីវ ឡឺកុងត៍ សមាជិកព្រឹទ្ធសភាតំណាងជនជាតិបារាំងនៅបរទេស លោក អេរីក ស្តុកគែរ សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសមាជិកនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះ។
សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុង​សន្និសីទសារព័ត៌មាននេះ ដោយបញ្ជាក់វត្តមានរបស់លោក​​អ្នកឱ្យបានមុនថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយ:អ៊ីមែល [email protected] ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print