ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេជាងកាត់ដេរយីហោ «អេលីត ឡាហ្គា» រួមនិងស្ត្រីជាកូនជាង៦នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខពាក់ព័ន្ធករណី លួច និង រំលោភលើទំនុកចិត្ត។
ការឃាត់ខ្លួនស្ត្រីទាំងនេះធ្វើឡើងកាលថ្ងៃសុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោងផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ជៀម ស្រីម៉ិច អាយុ ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរ ទីលំនៅផ្ទះជួលលេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកដើមបណ្តឹងឈ្មោះ យូ ស្រីលាភ ភេទស្រីអាយុ៣៨ឆ្នាំស្នាក់នៅផ្ទះលេខ២៦ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងជាបក្ខពួក ដែលបម្រើការងារនៅក្នុងហាង កាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណៈឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ និងបក្ខពួក ស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃ ធូរថ្លៃជាង ដែលជាការប៉ះពាល់ដល់ចំណូលរបស់ហាង។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួក បានធ្វើសកម្មភាព លួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែម្ចាស់ហាង អាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការឃាត់ខ្លួនមេជាងកាត់ដេរសម្លៀកបំពាក់និងកូនជាងទាំង៧នាក់នោះគឺជាប់ពាក់ព័ន្ធតែម្នាក់ទេឈ្មោះ ជៀម ស្រីម៉ិច អាយុ ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរចំណែកកូនជាង៦នាក់ទៀតត្រូវឲ្យត្រឡប់ទៅផ្ទះវិញហើយព្រោះមិនជាប់ពាក់ព័ន្ធគ្រាន់យកមកធ្វើការបំភ្លឺតែប៉ុន្នោះ។
បច្ចុប្បន្នជនសង្ស័យម្នាក់កកំពង់ឃាត់ខ្លួនបណ្តោះអាសន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ ដោយ៖ តុង សីហា