ខេត្តរតនគិរី ៖ បុរសម្នាក់ បន្ទាប់ពីទៅឆក់ត្រី បានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់មួយរំពេច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ២ ខែមីនា ឆ្នាំ២០១៨ នៅស្រះមួយក្នុង ភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍សាមគ្គី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ្យម ម៉ិល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពូន មុខរបរ កសិករ មានទីលំនៅ កន្លែងកើតហេតខាងលើ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងទៅឆក់ត្រី ក្នុងស្រះមួយនៅក្រោយភូមិតែម្នាក់ឯង ។ លុះក្រោយមកមិនដឹងរឿងអីស្រាប់តែភា្លត់ស្នៀតដួលបណ្តាលឲ្យកប៉ះនឹងតំណខ្សែភ្លើងឆក់ស្លាប់ភ្លាមមួយរំពេច ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ដោយខ្លួនឯងប្រាកដមែន មិនមែនរឿងឃាតកម្មឡើយ។
ក្រោយពីបានពិនិត្យរួចមកសមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិដើមភាគតិចទំពួន ៕ សហការី