ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់ដោយរថយន្តបុក ខណៈដើរឆ្លងថ្នល់ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និងនាទីយប់ ។
ក្នុងហេតុការណ៍នេះ ត្រូវបានប្រភពនិយាយឲ្យដឹងថា រថយន្តបង្កហេតុមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរឡើយ គ្រាន់តែដឹងថារថយន្តពណ៌ទឹកមាស ធ្វើដំណើរក្នុងទិស ដៅពីត្បូងទៅជើង ។ ចំណែកស្ត្រីរងគ្រោះដើរឆ្លងផ្លូវថ្នល់ពីកើតមកលិច ។ លុះបន្តិច ក្រោយមក ស្រាប់តែឃើញស្ត្រីរងគ្រោះដួលដេកស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ស្ត្រីរងគ្រោះឈ្មោះ សួន ចាន់ថន អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះភ្លាម កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានដាក់ ប៉ុស្តិ៍ ដើម្បីត្រួតពិនិត្យ និងស្វែងរករថយន្តបង្កហេតុក្នុងភូមិសាស្ត្រខាងលើ ប៉ុន្តែមិនបាន ប្រទះឃើញរថយន្តណាមួយ ដែលគួរឲ្យសង្ស័យនោះឡើយ ។
គួរឲ្យសោកស្តាយ ស្ត្រីរងគ្រោះបានស្លាប់ដោយគ្មានអ្នកទទួលខុសត្រូវ ។ ចំណែកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ