IMF៖ គម្រោងដំឡើងពន្ធរបស់ប្រធានាធិបតីដូណាល់ ត្រាំ ធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកនិងពិភពលោកទាំងមូល

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា នឹងអនុម័តដំឡើងពន្ធ នាំចូល លើទំនិញពីរប្រភេទ គឺដែកថែប និងអាលុយមីញ៉ូម នៅសប្តាហ៍ក្រោយ។ ប៉ុន្តែមូលនិធិរូបិយវត្ថុ អន្តរជាតិ IMF បាន ព្រមានថា គម្រោងខាងលើរបស់អាមេរិក ក្នុងការដំឡើងពន្ធនាំចូល នឹងធ្វើឲ្យប៉ះ ពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអាមេរិក និង ពិភពលោក។

តាមការបញ្ជាក់របស់លោក Gerry Rice អ្នកនាំពាក្យ អង្គការ IMF បានឲ្យដឹង ថា សកម្មភាពរបស់អាមេរិកបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយប្រទេសជាច្រើន និងយកហេតុផលសន្តិសុខជាតិដើម្បីរារាំងការនាំចូល ផលិតផល ជាទ្រង់ទ្រាយធំ។ IMF បានស្នើដល់ប្រទេសទាំងអស់រួមដៃគ្នា ដោះស្រាយបញ្ចប់វិបត្តិពាណិជ្ជកម្ម ដោយមិនត្រូវប្រើប្រាស់វិធីសាស្ត្រអាត្មានិយមនោះឡើយ។

កន្លងមកមួយថ្ងៃ ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថា នឹងអនុម័ត លើច្បាប់ ពន្ធដារថ្មីសម្រាប់ផលិតផលទំនិញពីរ ប្រភេទ គឺដែកថែបនិង អាលុយមីញ៉ូមនៅ​សប្តាហ៍ក្រោយ ។ ការអនុវត្តពន្ធនាំចូលទៅលើទំនិញពីរប្រភេទ ដូចជា ២៥ភាគ រយ ចំពោះផលិតផលដែកថែប និង ១០ ភាគរយ សម្រាប់អាលុយមីញ៉ូម។គម្រោងខាងលើទទួលរងការរិះគន់យ៉ាងខ្លាំងពី ពលរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ការអនុម័តពន្ធខាងលើ របស់អាមេរិកនឹងមិនអាចការពារបាននូវការងារធ្វើសម្រាប់ពលរដ្ឋអាមេរិកឡើយផ្ទុយទៅវិញ គឺធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងតម្លៃ ទំនិញ កាន់តែកើនឡើងខ្ពស់។
សកម្មភាពខាងលើរបស់អាមេរិក រងការប្រតិកម្មយ៉ាងខ្លាំងពីប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះ ក៏មានចិន និង​កាណាដាផងដែរ។ នាយករដ្ឋមន្ត្រីកាណា ដា លោក Justin Trudeau បានបញ្ជាក់ថា «យើងមិនអាចទទួលយកជាដាច់ខាត ចំពោះផែនការបង្កើនពន្ធរបស់ លោក ដូណាល់ ត្រាំ ។លោកបន្តទៀតថា សកម្ម ភាពខាងលើ ហាក់ដូចជាការសម្លាប់ឧស្សាហកម្មប្រភេទនេះ នៅក្នុងប្រទេសកាណា ដាដូច្នោះដែរ។

លោក ទ្រូដូ បាននិយាយថា ផែនការ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាចំណាត់ការដែលមាន «សារសំខាន់ និងធ្ងន់ធ្ងរ» ចំពោះសកម្មភាពសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនរវាងប្រទេសកាណាដា នឆង សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីវ័យក្មេង កាណាដា បានសង្កត់ធ្ងន់ទៀតថា «សហ រដ្ឋអាមេរិក ទទួលបានប្រាក់ចំណូល២ពាន់លានដុល្លារកាណាដា លើពាណិជ្ជកម្មដែកថែបជាមួយនឹងកាណាដា។ ដូច្នេះការ បន្ថែមពន្ធទៅលើការនាំចូលដែកថែបទៀតនោះ គឺជារឿងដែលយើងមិនអាចទទួលយកបានជាដាច់ខាត»។
នៅមុនការលើកឡើងរបស់ នាយក រដ្ឋមន្ត្រីកាណាដាខាងលើនេះ រដ្ឋមន្ត្រីការ បរទេសកាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡេនដ៍ (Chrystia Freeland) បាន បញ្ចេញប្រតិកម្ម ចំពោះទង្វើរបស់សហរដ្ឋអាមេរិកម្តងរួចទៅហើយថា «ក្នុងនាមជា សមាជិកគោល នៃ NORAD (ទីបញ្ជាការ ការពារដែនអាកាស នៃតំបន់អាមេរិកខាង ជើង) និងជាសមាជិកអង្គការ NATO ព្រមទាំងជាអ្នកនាំចូលដែកធំបំផុតទី ១ ទៅ ក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា នឹងធ្វើការពិនិត្យ ទៅលើការរឹតបន្តឹងនានា ចំពោះការនាំចូលដែក-អាលុយមីញ៉ូម ពី សំណាក់សហរដ្ឋអាមេរិក ព្រោះវាជារឿងដែលមិនអាចទទួលយកបាននោះទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅ ថ្ងៃព្រហស្បតិ៍ ទី១ មីនា សប្តាហ៍នេះ អំពីការដាក់ចេញនូវវិធានការរឹតបន្តឹង និង ដំឡើងពន្ធទៅលើការនាំចូលផលិតផល ដែក-អាលុយមីញ៉ូម ដោយក្នុងនោះវានឹងធ្វើឲ្យប៉ះពាល់ដោយប្រយោលតែម្តង ទៅលើសម្ពន្ធមិត្តជាប់របងជាមួយគ្នា នោះគឺ ប្រទេសកាណាដា។ ការធ្វើបែបនេះរបស់ អាម​េរិក គឺស្ថិតនៅក្នុងគោលដៅការពារ ផលប្រយោជន៍ នៃវិស័យឧស្សាហកម្មនៅ ក្នុងស្រុក ដែលជានយោបាយ លោក ដូណាល់ ត្រាំ តែងតែប្រឹងអនុវត្តលើគ្រប់ វិស័យ។
ចំណែកចិនដែលជាប្រទេសនាំចេញដែកថែបទៅកាន់អាមេរិកច្រើនជាងគេបំផុតនោះ បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅលើសកម្មភាពរបស់លោកត្រាំ ព្រោះអាចជំរុញឲ្យ ប្រទេស សេដ្ឋកិច្ចលំដាប់ទីមួយនិងទីពីរលើពិភពលោក ប្រឈមនឹង សង្គ្រាម ពាណិជ្ជកម្ម ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល ។
តាមការព្យាករបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកមានកំណើន ៣,៩ភាគរយនៅឆ្នាំ ២០១៨នេះ និង ឆ្នាំ ២០១៩។ តាមមូល និធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោករឹងមាំ ប៉ុន្តែ ជាមួយគ្នានោះ លោកស្រី គ្រីស្ទីន ឡាហ្គាក នាយិការបស់មូលនិធិ IMF នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ បានរំលឹកផងដែរឲ្យគេប្រុងប្រយ័ត្ន។
មូលនិធិរូបិយវត្ថុអន្តរជាតិIMFបានព្យាករទុកមុនថា កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ នេះ និងឆ្នាំ ២០១៩ នឹងមាន ប្រមាណ ៣,៩ភាគរយ។ ប៉ុន្តែ កំណើន សេដ្ឋកិច្ចនេះនឹងត្រូវប្រឈម រំខាន ដោយ សារជម្លោះពាណិជ្ជកម្ម ការសើរើនយោបាយ រូបិយវត្ថុ ហើយនិងដោយសារការប្រែប្រួលនៃបច្ចេកវិទ្យា។ នេះបើតាមប្រសាសន៍ របស់លោកស្រីគ្រីស្ទីន ឡាហ្គាក នាយិកាអង្គការមូលនិធិរូបិយវត្ថុIMF។
នៅក្នុងសន្និសីទរបស់IMF នៅថ្ងៃទី ក្រុងហ្សាការតា នៅថ្ងៃអង្គារមុននេះ នាយិការបស់IMFបាននិយាយថា ក្រុម ប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវត្រៀមខ្លួន ប្រឈមទៅនឹងការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក និងអឺរ៉ុប។ ការ ដំឡើងអត្រាការប្រាក់ ដើម្បីឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ច នឹងអាចបង្កឲ្យមាន ភាពជ្រួលជ្រើម នៅទីផ្សារភាគហ៊ុន ហើយ និងលំហូរមូលធនទៅបរទេស។ សម្រាប់ នាយិការបស់មូលនិធិIMF គេបានគិត ទុកមុនរួចហើយថា រឿងនេះនឹងកើតមាន ឡើង ប៉ុន្តែ គេនៅមិនទាន់ដឹងពីទំហំនៃផលប៉ះពាល់របស់វាទៅលើសង្គម ក្រុមហ៊ុន ការងារ និងប្រាក់ចំណូល នៅឡើយទេ។
នៅក្នុងកាលៈទេសៈដែលពិភពលោកជួបកំណើនសេដ្ឋកិច្ចយ៉ាងដូច្នេះ ក្រុម ប្រទេសនៅអាស៊ីអាគ្នេយ៍គួរតែឆ្លៀតបង្កើតថ្មីនូវទម្រង់កំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួន ដូចជា បែរឆ្ពោះទៅរកការផលិត ដើម្បី តម្រូវការក្នុងស្រុក ការដោះដូរពាណិជ្ជកម្មជាមួយក្រុមប្រទេសនៅក្នុងតំបន់ជាដើម ដោយលែងត្រូវសង្ឃឹមទុកខ្លាំងលើប្រទេសអ្នកមានឆ្ងាយៗដូចមុន។
នៅក្នុងសម័យបច្ចេកវិទ្យាទំនើប សព្វ ថ្ងៃនេះ នាយិការរបស់មូលនិធិIMFបាន អំពាវនាវផងដែរ ឲ្យក្រុមប្រទេសនៅអាស៊ីអាគ្នេយ៍បំពាក់បច្ចេកវិទ្យាឲ្យបានច្រើនជាងមុន ដូចជាបង្កើនការងារផលិតដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិនៅតាមរោងចក្រ ការ បង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជីវបច្ចេកវិទ្យា ជាដើម។ ច្បាស់ណាស់ថា នៅពេលដែលម៉ាស៊ីនអាចធ្វើការជំនួសមនុស្ស នៅតាម រោងចក្រ បច្ចេកវិទ្យាថ្មីនឹងបំផ្លាញការងារ របស់មនុស្ស ដោយប្រាកដ។ ចង់ ឬមិនចង់ គេត្រូវតែប្រញាប់គិតគូរពីទម្រង់ថ្មីនៃការងារ ដែលអាចផ្តល់ប្រយោជន៍ដល់មនុស្ស ផង និងដែលអាចឆ្លើយតប ដើរតាមឲ្យទាន់នៃការរីកចម្រើននៃបច្ចេកវិទ្យាផង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print