នារី​វ័យ​១៧ឆ្នាំ​ប្តឹង​អាជីវករ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​

ចែករំលែក៖

ភ្នំពេញ​៖នារី​វ័យ​១៧ឆ្នាំ​ម្នាក់​ ប្តឹង​ស្ត្រី​ជា​អាជីវករ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៦​ ខែ​មីនា​ ដោយ​ភ្ជាប់​យក​ហេតុការណ៍​ដែល​ស្ត្រី​រូប​នេះ​បាន​ចាប់​ច្របាច់​ក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ។ នារី​រងគ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនសង្ស័យ​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​និង​សូម​ឱ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់​។

នារី​រងគ្រោះ​ឈ្មោះ​ ឈាន សាម៉ី មាន​ទីលំនៅ​ផ្ទះជួលលេខ ០៤ ជាន់ទី២ ក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សុំប្តឹងជនមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ៤០ ឆ្នាំជាង​ ជា​ម្ចាស់​តូប​លេខ​បេ ២១៧ និងលេខបេ២១៨ ស្ថិតនៅជាន់ទី១ ផ្សារ​ស្ទឹងមានជ័យថ្មីពី​បទឃាត​កម្ម​គិតទុកជាមុនប្រព្រឹត្តនៅចំណុចបន្ទប់ទឹក​ជាន់ទី ១ ផ្សារស្ទឹង​មាន​ជ័យថ្មី ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​យោងតាម​ ភស្តុតាងជារូបថត និងវីដេអូស្តីពីសកម្មភាពរបស់ជនល្មើស ។

នារី​រងគ្រោះ​ រៀបរាប់​ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨យប់ នាងខ្ញុំជា​បុគ្គលិក​លក់ដូរ​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យថ្មី បាន​ចូលទៅបត់ដៃបត់ជើងក្នុងបន្ទប់​ទឹកក្នុងផ្សារ ។​ ក្រោយពីចេញពីបន្ទប់​ទឹក​ភ្លាម​មក​ស្រាប់តែមាន​ស្ត្រី​ចំណាស់ម្នាក់​មាន​មាឌធំ​ដែល​នាង​ខ្ញុំ​​មិនដែលស្គាល់ទាល់តែសោះ ឈរនៅ​នឹង​មុខ​បន្ទប់​​ទឹក បាន​មក​ច្រាន​ស្មានាង​ខ្ញុំផ្តួលទៅនឹងឥដ្ឋ ហើយ​បាន​ចាប់ក្បាលនាងខ្ញុំ​បោក​ទៅនឹង​ឥដ្ឋ​បណ្តាល​ឱ្យ​នាង​ខ្ញុំរយះគុម្ពត្រចៀកខាងស្តាំ ហូរឈាមយ៉ាងខ្លាំង ហើយ​​ស្ត្រី​​​នោះក៏បានយកដងជូតឥដ្ឋ​ធ្វើ​​ពី​ដែក​​យក​​មកសង្កត់​លើបំពង់ក​នាងខ្ញុំ​យ៉ាងខ្លាំងក្នុង​បំណងសម្លាប់នាងខ្ញុំតែម្តង ។

នៅពេលនោះ​នាងខ្ញុំឈឺថប់ដង្ហើមស្ទើរដាច់ខ្យល់ ហើយគាត់បាន​ឡើង​សង្កត់ជិះពី​លើនាង​ខ្ញុំ ហើយ​បន្ត​ចាប់​ក្បាល​នាង​ខ្ញុំ​បោកទៅនឹងឥដ្ឋបន្តទៀតជាច្រើនដង ហើយ​នាង​ខ្ញុំមិនអាច​រើរួចព្រោះគាត់មានមាឌធំ ​ហើយ​ពេល​នោះ​​​នាង​ខ្ញុំពិបាក​ក្នុងខ្លួន​​រៀប​តែនឹងដាច់​ខ្យល់​ស្លាប់​ព្រោះ​ពុំ​មាន​​អ្នកណា​មកជួយនាងខ្ញុំទេព្រោះ​អី​នៅ​ពេលនោះជាពេលយប់ផ្សារគេបិទតូបស្ទើរ​អស់ គ្មានភ្ញៀវចេញ​ចូលនោះទេ ។ មួយសន្ទុះ​ក្រោយមក​ទើប​មាន​មនុស្ស​ដើរចូលបានឃើញក៏​ស្រែកឆោរឡោ​ ហើយក៏មានមនុស្សម្នា​មករោមមើល​នាងខ្ញុំ​ដែល​ត្រូវ​គេ​ប៉ុនប៉ងសម្លាប់ ហើយស្រាប់តែមានក្មេងប្រុសម្នាក់អាយុប្រហែល​ជាង ២០ បានមក​ដាល់មុខ​នាង​ខ្ញុំ​បន្ថែម​ទៀតជាច្រើនដៃ បណ្តាលឲ្យនាងខ្ញុំ​មាន​​ការឈឺចាប់ជាខ្លាំង វង្វេង​វង្វាន់ ស្ទើរ​តែសន្លប់​បាត់​ស្មារតី ។

នៅពេលនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងការមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល​ និងតាមដានពី ស្ថានភាពជំងឺ ព្រោះគ្រូពេទ្យតម្រូវឲ្យនៅបន្តសម្រាកព្រោះស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរ ។ អំពើខាង​លើរបស់ស្រ្តីមិនស្គាល់ឈ្មោះនេះ គឺមាន​ចេតនា​ច្បាស់លាស់​ និងមានគម្រោងការ​ក្នុង​ការ​សម្លាប់​នាង​ខ្ញុំចោលតែម្តង ដែលនាងខ្ញុំជាជនរងគ្រោះ និងជាអនីតិជនផង មិនអាចអត់ឪនឱ្យ​បានជាដាច់​ខាត ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print