តុលាការ​កំពូល​ សវនាការ​រឿង​ក្តី​ដោយ​គ្មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​

ចែករំលែក៖

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ទី​៩ខែ​មីនា​​នេះ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។

លិខិត​​អញ្ជើញ​មេធាវី​ បង្ហាញ​ថា​ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះរាជ​អាជ្ញា​រង​ ជា​តំណាង​មហា​អយ្យការ​ ។ ​

មន្ត្រី​ជាន់​ខ្ពស់​តុលាការ​កំពូល​ ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មីនា​ នេះ​ ថា​ សវនាការ​នេះ​ពុំ​ចាំបាច់​មាន​វត្តមាន​ជនត្រូវចោទ​កឹម​ សុខា​ ទេ​ ព្រោះ​ជា​សវនាការមុនអង្គសេចក្តី តុលាការកំពូលសម្រេច​តែលើអង្គច្បាប់។

លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២0១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print