តុលាការឃុំខ្លួនឈ្មោះ​ យោន​ កាពីន​ ករណីប្លន់នៅត្បូងឃ្មុំដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ នៅរសៀល​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ លោក​ ឈិត​ វិនា​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចចេញដីការឃុំខ្លួន​ឈ្មោះ​ យោន​ កាពីន​ ពីបទលួច​មានស្ថាន​ទម្ងន់ទោសដាក់ពន្ធនាគារ បណ្តោះអាសន្ន ។ ជននេះបានប្រព្រឹត្តកាលពីវេលាម៉ោង៧ និង ៣០នាទី​ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៨ នៅចំណុចហាងវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រ នៅចំណុចផ្លូវបំបែកក្រែក-ជីមាន់ ស្ថិតក្នុងភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។

ជនត្រូវចោទឈ្មោះ​ ឈួន ពីន ហៅ យោន កាពីន ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ រស់នៅភូមិក្រែកត្បូង​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។

គួរបញ្ជាក់ថា​ កាលពីវេលាម៉ោង៧ និង ៣០នាទី​ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៨ នៅចំណុចហាងវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រ នៅចំណុចផ្លូវបំបែកក្រែក-ជីមាន់ ស្ថិតក្នុងភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ មានករណីប្លន់មួយកើតឡើងដែលបង្កដោយ ជនសង្ស័យមានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាពដោយប្រើប្រាស់អាវុធខ្លីភ្ជង់ទៅលើភ្នាក់ ងារវេលុយ Wing ។ ការប្លន់នោះមិនបានយកលុយ ឬរបស់ ឫ យករបរមានតម្លៃណាមួយទេ គឺចោរគ្រាន់តែ ដណ្តើមយកម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយ ០១ គ្រឿង រួចជិះម៉ូតូរត់គេចខ្លួនបាត់ ។

ក្រោយពីក្រុមចោរធ្វើសកម្មភាពប្លន់រួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានទទួលព័ត៌មាននោះភ្លាម ហើយសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកពញាក្រែក ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យតាមប្រមាញ់រកជនសង្ស័យគ្រប់ច្រកល្ហក់ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ។ កម្លាំងយើងបានចុះដល់កន្លែងកើតហេតុភ្លាមៗនោះក៏កំណត់មុខសញ្ញាម្នាក់បានយ៉ាងច្បាស់ គឺមានឈ្មោះ ឈួន ពីន ហៅ យោន កាពីន ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវជាប្អូនប្រុសបង្កើតម្ចាស់វ៉ីងនោះតែម្តង ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នោះរហូតម៉ោង ០៩ និង ២០ នាទី នាថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកពញាក្រែក បានរកឃើញកន្លែងលាក់ខ្លួនជនសង្ស័យនោះនៅចំណុចផ្ទះមួយកន្លែងចម្ងាយ ១៥០០ ម៉ែត្រ ពីកន្លែងកើតហេតុ ។ ខណៈពេលដែលកម្លាំងយើងធ្វើការឡោមព័ន្ធផ្ទះហើយក៏ចូលទៅចាប់ខ្លួនជនសង្ស័យឈ្មោះ ឈួន ពីន ហៅ យោន កាពីន កំពុងដេកប្រកាច់នៅលើកន្ទេលពណ៌ក្រហម ក្រាលលើរនាបក្នុងផ្ទះ ដោយជនសង្ស័យបានលេបថ្នាំពុលដើម្បីសម្លាប់ខ្លួន ហើយលើដៃមានម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយវ៉ីង តែមិនបានសម្រេច ។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ជាមួយអាវុធខ្លី ០១ ដើមដោយសុវត្តិភាព ។

ក្រោយការ​ឃាត់​ខ្លួន​ ឈ្មោះ​ ឈួន ពីន ហៅ យោន កាពីន ត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនសង្គ្រោះបន្ទាន់ និងរួចផុតពីការស្លាប់ហើយនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ បន្ទាប់ការដឹងខ្លួនរបស់ជនសង្ស័យកម្លាំងបានបញ្ជូន មកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានក្រុមគ្រូពេទ្យនៅចាំសង្កេតមើលអាការៈរោគជាបន្តបន្ទាប់ ហើយកម្លាំងជំនាញក៏បានកំពុងកសាងសំណុំរឿង និងវត្ថុតាងម៉ាស៊ីនចុចលេខ សម្ងាត់វិក័យប័ត្រវេរលុយវ៉ីងនោះ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ​ ខេត្តត្បូងឃ្មុំ  និងបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតមកធ្វើការផ្តន្ទាទោសតាមនីតិវិធី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print