https://youtu.be/TQMOzBWCsy8
ភ្នំពេញ៖តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីមបានផ្ញើសារឈឺចាប់មួយចំនួនក្រោយពីនាងបានសង្កេតឃើញទម្រង់ទស្សនីយភាពសិល្បៈបុរាណ ប្រជាប្រិយខ្មែរបច្ចុប្បន្នហាក់មិនទទួលបានការផ្តល់តម្លៃខ្លាំង។
បច្ចុប្បន្នគេសង្កេតឃើញបទចម្រៀងបែបបែកស្លុយថ្មីៗជាច្រើនពីគ្រប់ផលិតកម្មបានចាប់ផ្តើមសម្រុកចេញផ្សព្វផ្សាយជាបណ្តើរៗ ស្ទើច្រើនលើសសប់ជាងបទចម្រៀងប្រជាប្រិយខ្មែរ។កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់ធ្វើការកោះហៅ អ្នកនិពន្ធពីគ្រប់ផលិតកម្ម ប្រយោជន៍ធ្វើការផ្សព្វផ្សាយ ណែនាំអំពីការបញ្ចេញបទចម្រៀងបែបសម័យបែកស្លុយដ៏ច្រើនលើសលប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែវិធានការនេះហាក់មិនមានប្រសិទ្ធភាពខណៈដែលស្ទើរគ្រប់ផលិតកម្មបានចាប់ផ្តើមបញ្ចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ និងបែកស្លុយជាច្រើនបន្តបន្ទាប់ដដែល។ តារាចម្រៀងនិយមច្រៀងបទកន្ទ្រឹម ខាត់ សុឃីមបានបង្ហាញក្តីក្តីបារម្ភ និងអាណិតដល់សិល្បៈខ្មែរបុរាណ។ ស្រពការបារម្ភនេះ តារាចម្រៀង ខាត់ សុឃីមបានបញ្ចេញស្នាដៃបទចម្រៀងថ្មីដើម្បីក្រើនរំលឹកដល់ទស្សនិកជនពិសេសក្មេងៗជំនាន់ក្រោយឲ្យចាប់អារម្មណ៍និងបទចម្រៀងបុរាណនិងប្រជាប្រិយខ្មែរផង។
ស្នាបទថ្មីគឺបទ”រងារ” ដែលរៀបរាប់អំពីទម្រង់សិល្បៈខ្មែរដ៏សម្បូរបែប មិនត្រូវបានគេចាប់អារម្មណ៍ក្នុងកម្មវិធីនានាទាំងកម្មវិធីសាធារណៈ និងលើកញ្ចក់ទូរទស្សន៍។ នាងក៏បានបង្ហញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងបុរាណ និងប្រពៃណីមិនត្រូវបានគេយកចិត្តទុកដាក់ដូចទម្រង់សិល្បៈសម័យ។
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និយាយថា នាងសន្សំចិត្តយូរហើយនឹងនិយាយ អំពីបញ្ហានេះព្រោះតែកន្លងមកទម្រង់សិល្បៈបុរាណ ត្រូវបានគេបោះបង់ និងមិនយកចិត្តទុកដាក់ដែលសូម្បីតែក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរខ្លួនឯង។ នាងនិយាយថា” ប៉ុន្មានឆ្នាំចុងក្រោយនេះឱតែដល់ថ្ងៃបុណ្យថ្ងៃទានអត់មានបទសម្រាប់កម្មវិធីជាតិខ្លួនឯងទេ”។ អ្នកនាងលើកឡើងថាបើសង្កេតមើលក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍វិញគឺគេបានបញ្ចប់កម្មវិធីទម្រស់សិល្បៈខ្មែរបាត់ទៅហើយគឺនៅមានតិចតួចប៉ុណ្ណោះ។ នាងថាការមិនមានកម្មវិធីនេះបានធ្វើឲ្យគ្រូជំនាញសិល្បៈខ្មែរមួយចំនួនបោះបង់ការងារបង្ហាត់បង្រៀនខ្លះទៅរស់ម៉ូតូឌុប ធ្វើស្រែចម្ការព្រោះគ្មានសិស្សរៀន និងមិនមានទីផ្សារខ្ពស់ដូចសិល្បៈសម័យ។ នាងថាកន្លងមកនាងធ្លាប់បើកឲ្យមានការរៀនជំនាញភ្លេងប្រពៃណី(ភ្លេងការ)ដោយមិនយកប្រាក់ប៉ុន្តែគ្មានអ្នកមករៀនព្រោះគេមិនចាប់អារម្មណ៍។
នាងបញ្ជាក់ថា ភ្លេងសម័យយ៉ាងហោចណាស់ក៏មានឆាកត្រឹមត្រូវម្លៃពី៧០០ទៅ៨០០ដុល្លារអាមេរិក រីឯភ្លេងខ្មែរវិញ២០០ទៅ៣០០គេតថ្លៃ ហើយបើនិយាយពីក្រុមភ្លេងពិណពាទ្យវិញកាន់តែមិនត្រូវបានគេយកចិត្តទុកដាក់ក្នុងគ្រាចូលរួមលេងក្នុងកម្មវិធីម្តងៗ។ នាងបញ្ជាក់ថានាងឈឺចាប់ និងបាក់ទឹកចិត្តពេលឃើញសិល្បករខ្មែរមួយចំនួនឈឺថ្កាត់លើកដៃសុំជំនួយព្រោះអីព្រោះគ្មានទីផ្សារ គ្មានការងារសមរម្ភ។ តារាស្រីល្បីឈ្មោះរូបនេះលើកឡើងថាការបញ្ចេញអារម្មណ៍ពិតនៅពេលនេះគឺមិនដើម្បីតែខ្លួននាងនិងគ្រួសារទេគឺដើម្បីសិល្បៈជាតិ ហើយនាងមិនដឹងថាត្រូវនិយាយអ្វីឲ្យអស់ពីទំហំទឹកចិត្តនិងគួរនិយាយអ្វី ឲ្យមហាជនបានយល់អំពីអារម្មណ៍នាងនៅពេលនេះនោះទេ៕ ដោយ វឌ្ឍនា