ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ដើរតែឯងដៃកាន់ដបទឹកសុទ្ធ រួចមកអង្គុយក្រោមដើមឈើមួយកន្លែង ស្រាប់តែអង្គុយបានមួយសន្ទុះ គាត់ក៏បានផឹកសាំងដែលច្រកក្នុងដបទឹកសុទ្ធនោះ បណ្ដាលឲ្យដួលបែកពពុះមាត់ ហើយត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចទល់មុខសកលវិទ្យាល័យ ISPP តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីប្រជាការពារខណ្ឌមានជ័យ និងជាអ្នកឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ដើរតែឯងទាំងទឹកមុខស្រងូតស្រងាត់ សង្ស័យមានវិបត្តិអ្វីក៏មិនដឹង និងដៃកាន់ដបទឹកកន្លះដប ដោយមិនដឹងជាដបនោះច្រកសាំងទេ ហើយក៏មិនមែនជាអ្នករស់នៅក្នុងភូមិនេះដែរ ហើយក៏ដើរទៅអង្គុយក្រោមម្លប់ដើមឈើមួយកន្លែង នៅទល់មុខច្រកចូលសកលវិទ្យាល័យ ISPP ផ្លូវ៦០ម៉ែត្រ មួយសន្ទុះក្រោយមកបុរសខាងលើនោះ បានទាញដបសាំងនោះផឹក បណ្ដាលឲ្យដួលបែកពពុះមាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាការពារខណ្ឌមានជ័យ និងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ។
បុរសរងគ្រោះដោយសារផឹកសាំងខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មណ្ឌលសុខភាពចាក់អង្រែ មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ៕ ដោយ៖ ភារ៉ា ដង្កោ