ជនបង្ក​បើក​រថយន្ត​ LANG ROVER បុកអូសជាង១០០ម៉ែត្រស្លាប់​បីនាក់​នៅ​ក្រុង​តាខ្មៅ​ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល

ចែករំលែក៖

ខេត្តកណ្ដាល​៖​ជនរងគ្រោះ​បីនាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនិងកន្លែងកើតហេតុ ដោយ​បុរស​ម្នាក់​បើក​រថយន្ត​បុក​ រួចបើករថយន្តរត់នៅ​ក្រុង​តាខ្មៅ​ ។ ប៉ូលិស​ចរាចរណ៍បាន​ត្រឹម​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ​ ។ រីឯ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។

ប៉ូលិស​ចរាចរណ៍បានបញ្ជាក់​ថា​ សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ ដែល​បច្ចុប្បន្ន​លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូងខេត្តកណ្តាល កំពុង​ចាត់​ការ​តាមនីតិវិធី ។

អ្វី​ដែល​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​ខ្លាំង​គឺ​ជនល្មើស​ពុំ​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ ទោះបី​ស្គាល់​អត្តសញ្ញាណ​ថា​ឈ្មោះ​ សោម​ រតនៈ​ ក៏​ដោយ​ ។ ជនល្មើស​ធ្លាប់​ចរចារ​បញ្ចប់​សំណុំ​រឿង​ជាមួយ​គ្រួសារ​នៃ​សព​ តែ​មិន​បាន​សម្រេច​ ហើយ​សំណុំរឿង​នេះ​ក៏​ស្ងាត់​សូន្យ​ឈឹង​តែម្ដង​។

ប៉ូលីសចរាចរណ៍បានបញ្ជាក់ថា ឈ្មោះ​ សោម​ រតនៈ​ ប្រឈមបទល្មើស​ រត់គេចពីការទទួលខុសត្រូវ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា៖យុវជនបីនាក់ បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃសុក្រ ទី០៥​ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ​​។

មុនពេលកើតហេតុ មានរថយន្តស៊េរី​ទំនើបមួហគ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូមួយគ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅលាយស អត់ផ្លាក​លេខ ។   ប៉ុន្តែមិនផុតក៏ជ្រុលបុក​ម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនបីនាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀត បានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន​តាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print