ទួរគី៖ ក្រុមភេរវកម្មជាង៣ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Afrin

ចែករំលែក៖

បើទោះបីសហគមន៍អន្តរជាតិ ក៏ដូច ជារដ្ឋាភិបាលស៊ីរី និងសង្គមស៊ីវិល បាន ថ្កោលទោសទៅលើទួរគី ពីការរំលោភ បំពានសិទ្ធិមនុស្ស និងធ្វើឲ្យពលរដ្ឋ ជាច្រើនស្លាប់ ដោយសារតែការវាយ ប្រហារនៅតំបន់ Afrin ។ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទួរគីថាកំពុងតែឈ្លាន ពានទឹកដីស៊ីរី។

ប៉ុន្តែរដ្ឋាភិបាលទួរគី បានបញ្ជាក់ថា សកម្មភាពវាយប្រហារនោះគឺដើម្បីកម្ចាត់ ក្រុមភេរវកម្មតែប៉ុណ្ណោះ ។ ទួរគីបាន ចាប់ផ្តើមបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ ដែល ឈរជើងនៅក្នុងទឹកដីស៊ីរី កាលពីថ្ងៃទី២០ ខែមករាមក រួមជាមួកម្លាំងសម្ពន្ធមិត្ត គឺក្រុមឧទ្ទាមស៊ីរី FSA បើកបានដណ្តើម កាន់កាប់យកដែនដីទំហំ ១,១០០គីឡូ ម៉ែត្រក្រឡា នៅក្នុងតំបន់ Afrin ព្រមទាំង ទីតាំងចំនួន ១៩៧កន្លែង រួមមានក្រុងតូច ចំនួន៥, ភូមិចំនួន ១៥៩, ទីទួលយុទ្ធ សាស្រ្តចំនួន ៣៣, និងមូលដ្ឋានចំនួនមួយរបស់ក្រុមអ្នកប្រយុទ្ធឃើដ។

រដ្ឋាភិបាលទួរគីបានប្រកាសឲ្យដឹងថា មកដល់ពេលនេះសមាជិក នៃក្រុមភេរវករ សរុបចំនួន ៣,៣៤៧នាក់ហើយ ត្រូវបាន​កម្ទេចចោល នៅក្នុងអំឡុងការធ្វើប្រតិបត្តិការយោធាដ៏ក្តៅគគុករបស់ខ្លួន នៅក្នុង តំបន់ Afrin ភាគខាងជើងនៃប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅអស់រយៈពេលជិត២ខែ ទៅហើយនោះ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ ២០១៨។

គួរជម្រាបថា ក្រុមអ្នកប្រយុទ្ធឃើដ YPG ត្រូវបានរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចាត់ទុកជាបណ្តាញនៅក្នុងប្រទេសស៊ីរី របស់ក្រុមឃើដ PKK ដែលស្ថិតនៅក្នុង បញ្ជីភេរវកររបស់ទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដោយឡែកមកទល់ ពេលនេះ កងទ័ពទួរគី និងក្រុមឧទ្ទាមស៊ីរី FSA កំពុងទន្រ្ទានកាន់តែជិតដល់ទីក្រុង Afrin គ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ YPG ដែលជាទីតាំងស្នូលនៃតំបន់ Afrin (មានឈ្មោះតែមួយ) មែនទែនហើយ ពោលគឺជាងមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតនៅក្នុងប្រទេសស៊ីរីនោះដែរ អង្គការសហប្រជា ជាតិបាន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកុមារ រងគ្រោះកាន់តែច្រើនឡើងដោយសារ ជម្លោះ នៅក្នុងប្រទេសនេះ។ ប្រជាជនស៊ី វិលស៊ីរីដែលក្នុងនោះមានកុមារជាច្រើន ផងដែរនោះ កំពុងរស់នៅក្នុងភាពភ័យខ្លាចដោយសារ សង្គ្រាមនៅតែបន្តកើតមាន។

បើគិតមកដល់ពេលនេះ សង្គ្រាមនៅប្រទេសស៊ីរីដែលមានរយៈពេលជិត ៨ឆ្នាំ បានសម្លាប់មនុស្សច្រើនជាង ៣៥០,០០០ នាក់ ដែលក្នុងនោះមានកុមារចំនួនជិត ២ម៉ឺននាក់ ហើយបើតាម អង្គការយូនីសេហ្វ មានចំនួនកុមារស្លាប់ទ្វេដងនៅក្នុងឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ អង្គការយូនីសេហ្វ រលឹកទៀតថា តាមរយៈការវាយប្រយុទ្ធឥតឈប់របស់កងទ័ពស៊ីរី និង ក្រុមឧទ្ទាម គេមើលឃើញថា ចំនួន កុមាររងគ្រោះ នឹងកើនឡើងជាគំហុកបន្ត ទៀត នៅឆ្នាំ២០១៨ នេះ។

ចំណែក ក្រុមអង្គការឃ្លាំមើលសិទ្ធិ មនុស្ស បានឲ្យដឹងថា កុមារ គឺជាបុគ្គលរងគ្រោះខ្លាំងលំដាប់ទី៥ ដោយសារសង្គ្រាម​ដែលអូសបន្លាយ និងចូលដល់ឆ្នាំទី ៨ ហើយនៅថ្ងៃ ព្រហស្បតិ៍ ទី១៥ មីនា ខាងមុខនេះ។ បើគិតត្រឹមតែពីខែកុម្ភៈ ឆ្នាំ២០១៨ មានកុមារស៊ីរីជាង ២០០ នាក់បានស្លាប់ ដោយសារតែការបំផ្ទុះគ្រាប់បែករបស់កងទ័ពរដ្ឋាភិបាលស៊ីរី ដែល មានជំនួយពីរុស្សី ទៅលើក្រុមឧទ្ទាម។
បើតាមភ្នាក់ងារអង្គការសហប្រជាជាតិ មានកុមារស៊ីរីប្រមាណជា ៣ លាន ៣ សែន នាក់ រងគ្រោះ ពីសង្គ្រាមហែកហួរ នៅទូទាំងប្រទេស។

ដោយឡែក សហគមន៍អន្តរជាតិ និង ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពអាក្រក់ដែលនៅតែបន្តកើតមាននៅ ក្នុងតំបន់ហ្គូតាខាងកើត នៃប្រទេសស៊ីរី។ បារម្ភ ក៏ព្រោះតែការវាយប្រយុទ្ឋនៅតែ កើតមានទោះបីជាមានការអន្តរាគមន៍ពី អង្គការសហប្រជាជាតិ និងប្រទេសលោក ខាងលិចយ៉ាងណាក៏ដោយ។

តួយ៉ាង កាលពីថ្ងៃអាទិត្យកន្លងមកនេះ រដ្ឋាភិបាលស៊ីរី បានបន្តការវាយប្រហារ របស់ខ្លួន ទៅលើក្រុមឧទ្ទាម នៅតំបន់ ហ្គូតាខាងកើត។ តំបន់ហ្គូតាមានប្រជាជនរស់នៅប្រមាណ ៤ សែននាក់ ហើយពួកគេ រស់នៅឡោមព័ទ្ឋធោយសូរសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងរបស់រដ្ឋាភិបាលស៊ីរីចាប់ពីឆ្នាំ២០១៣ មកម៉្លេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print