លោកស៊ី ជីនពីង កំពុងតែពង្រឹង អំណាចកាន់តែខ្លាំង ស្របពេលដែលមានការគាំទ្រខ្ពស់ពីពលរដ្ឋ និងអ្នកនយោបាយនៅក្នុងបក្សកុម្មុយនីស្ត និងសភាចិន ។ ពេលនេះលោកស៊ី ជីនពីង ត្រូវពង្រឹង ដល់កម្លាំងយោធា ដោយលោកជំរុញ ឲ្យយោធា ត្រូវតែស្មោះត្រង់ជានិច្ច ដើម្បី ការពារជាតិ ក៏ដូច អនុវត្តទៅតាមនយោ បាយដឹកនាំរបស់រដ្ឋាភិបាល។
នៅពេលនេះអាចនិយាយបានថា លោកស៊ី ជីនពីងនឹងដឹកនាំប្រទេសអស់ មួយជីវិត ដោយសារតែ សមាជិកសភា ជាង៩០ភាគរយគាំទ្រ។ ដោយឡែក កម្លាំងយោធា ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងអំណាច នៅពេលដែល យោធាស្មោះត្រង់ ជានិច្ចនោះ ។ ជាទូទៅប្រទេសដែលមានមេដឹកនាំកាន់អំណាចយូរនោះ គឺតែងតែរងការប្រឆាំងពីកម្លាំងយោធា ដោយយោធាលូកដៃចូលរួមធ្វើរដ្ឋប្រហារ។ចំណុចទាំងនោះហើយបានជា លោកស៊ី ជីនពីង បានអំពាវនាវឲ្យកងទ័ពគោរពតាមរដ្ឋធម្មនុញ្ញថ្មី ដែលទើបនឹង កែប្រែ។ ជាការកែប្រែដែលអនុញ្ញាតឲ្យ លោកស៊ី អាចបន្តកាន់អំណាចអស់មួយ ជីវិត។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយទៅកាន់កងទ័ពចិននៅថ្ងៃចន្ទថា កងទ័ពចិនទូទាំងប្រទេសត្រូវតែពង្រឹងការយល់ដឹង និងលើកកម្ពស់ ការប្រតិបត្តិតាម រដ្ឋធម្មនុញ្ញថ្មី។ បន្ថែមលើនេះ ពួកគេត្រូវ ស្មោះត្រង់ និងការពាររដ្ឋធម្មនុញ្ញថ្មី របស់ ប្រទេសឲ្យបានជាដាច់ខាត។
កាលពីថ្ងៃអាទិត្យទី១១ ខែមីនា ឆ្នាំ ២០១៨ សភាប្រជាជនចិន បានបោះឆ្នោត សម្រេច ឲ្យកែប្រែរដ្ឋធម្មនុញ្ញ ដោយលុប ចោលនូវការកំណត់អាណត្តិ ដឹកនាំរបស់ ប្រធានាធិបតីចិន ដែលមានរយៈពេល១០ ឆ្នាំ។នេះ គឺជាការធ្វើវិសោធនកម្ម រដ្ឋធម្ម នុញ្ញលើកដំបូង ក្នុងរយៈពេល១៤ឆ្នាំហើយនេះគឺជាការវិលត្រលប់ទៅរក ការដឹក នាំតាមបែបលោកម៉ៅ សេទុងដែលជា មេដឹកនាំ ក្តោបក្តាប់អណាច ផ្តាច់មុខ នៅក្នុងប្រទេសចិនពីមុន។
លោកស៊ី បានឈ្នះឆ្នោតឡើងកាន់ អំណាចនៅចុងឆ្នាំ២០១២ ហើយ បើតាម រដ្ឋធម្មនុញ្ញចាស់ លោកអាចដឹកនាំប្រទេស ដល់ត្រឹមឆ្នាំ២០២៣។
ក្រៅពីកែប្រែរដ្ឋធម្មនុញ្ញ លោក ស៊ី ជីនពីង ក៏ធ្លាប់បានធ្វើកំណែទម្រង់ផ្នែកយោធា របស់ប្រទេស ទៅជាកងកម្លាំង ប្រយុទ្ធទំនើប ចាប់តាំងពីលោក បានឡើង កាន់តំណែង ជាប្រធានាធិបតីនៅឆ្នាំ ២០១២ មក។ លើសពីនេះ ក្នុងនាមជារដ្ឋអគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោកស៊ី ក៏បាន ប្រមូល កម្លាំងទ័ពទាំងអស់ឲ្យស្ថិតនៅ ក្រោមការដឹកនាំ របស់គណបក្សលោក ទាំងស្រុងនៅដើមឆ្នាំ២០១៨នេះ។ ទង្វើ របស់លោកស៊ី បានធ្វើឲ្យអ្នកវិភាគយល់ ឃើញថា ក៏ព្រោះតែ រដ្ឋាភិបាលលោក ចង់ទប់ស្កាត់ កុំឲ្យមានការធ្វើរដ្ឋប្រហារ ណាមួយ ដែលកើតចេញពី កម្លាំងកងទ័ព ដែលជាកម្លំាងដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស៕ ម៉ែវ សាធី