កូរ៉េខាងត្បូងស្នើឲ្យរុស្ស៊ីចូលរួមនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ

ចែករំលែក៖

នៅថ្ងៃទី១៤ខែមីនា ប្រធានការិយាល័យសន្តិសុខកូរ៉េខាងត្បូង លោក Chung Eui yong បានស្នើដល់រដ្ឋាភិបាលរុស្ស៊ីជួយគាំទ្រ និងចូលរួមដល់ដំណើរនៃការពិភាក្សា ដែលជាចំណុចចាប់ផ្តើមដើម្បីបញ្ចប់វិបត្តិនៅឧបទ្វីបកូរ៉េ។

ការអំពាវនាវខាងលើរបស់លោក Chung ត្រូវបានធ្វើឡើងនៅទីក្រុង មូស្គូពេលដែលលោកទៅបំពេញទស្សនកិច្ចនៅទីនោះ ហើយនឹងត្រូវជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ។ ពាក់ព័ន្ធនឹងជំនួបកំពូលរវាង អាមេរិកនឹងកូរ៉េខាងជើង នាពេលខាងមុខ លោកChung បានលើកឡើងថា វិបត្តិនៅកូរ៉េនឹងត្រូវដោះស្រាយដោយសន្តិភាព ហើយមានការចួលរួមពីប្រទេសមហា អំណាចក្នុងនោះក៏មានរុស្ស៊ីផងដែរ។

ចំណែករដ្ឋមន្ត្រី ការបរទេសរុស្ស៊ីវិញ បានបញ្ជាក់ថាទីក្រុងមូស្គូ នឹង គាំទ្រដល់ ដំណើរការបញ្ចប់ ភាពតានតឹងនៅឧប ទ្វីបកូរ៉េ។ លោក Chung Eui Yong ទៅ កាន់ប្រទេសរុស្ស៊ី ក្រោយពេលបញ្ចប់ ដំណើរទស្សនកិច្ចទៅកាន់ ប្រទេស​ចិន ក្នុងការស្វែងរកសំឡេងគាំទ្រ ជួយដល់ កិច្ចពិភាក្សាអាមេរិក-កូរ៉េខាងជើង ធ្វើ ឡើងដោយជោគជ័យ។

បើទោះបីមានសញ្ញានៃទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ក្តី ប៉ុន្តែ ទីក្រុងសេអ៊ូល មិនទាន់អាចឲ្យ អាមេរិកដកទាហានចេញពីប្រទេសនេះ បានឡើយ ដោយខ្លាចកូរ៉េខាងជើង ក្រឡាស់សម្តីដូចអ្វីដែលបានធ្លាប់ធ្វើ។ នៅពេល នេះដែរ ប្រជាជនកូរ៉េខាងត្បូង បង្ហាញពី បំណងចង់ឲ្យអាមេរិកដកទាហានចេញពីទឹកដីកូរ៉េខាងត្បូង ដែលជាប្រភពនៃភាពតានតឹងនៅក្នុងតំបន់នេះ។

កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានអះ អាងថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើន ចង់ឱ្យកងទ័ពអាមេរិកដកចេញពីឧបទ្វីប កូរ៉េ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នក ជំនាញខ្លះព្រមានថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រើប្រាស់កម្លាំង យោធាបង្រួបបង្រួម កូរ៉េ បើសិនជាកងទ័ពអាមេរិកត្រូវដកចេញមែននោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌​មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

សម្រាប់កូរ៉េខាងជើងវិញ ធ្លាប់បាន បង្ហាញពីការចង់បានរបស់ខ្លួនថា កងទ័ព អាមេរិកជាង ២៨,៥០០នាក់ ដែលកំពុង ឈរជើងនៅកូរ៉េខាងត្បូង គួរតែត្រូវបាន ដកចេញពីប្រទេសនេះ ដើម្បីសន្តិភាព។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះព្រមានថា វានឹង មិនដូចជាការលើកឡើងខាងលើនេះទេ ព្រោះទីក្រុងព្យុងយ៉ាង អាចនឹងប្រើប្រាស់ កម្លាំងយោធា បង្រួបបង្រួមកូរ៉េ បើសិនជា កងទ័ពអាមេរិក ត្រូវដកចេញពីឧបទ្វីបកូរ៉េ នោះ។

ដោយឡែក ជុំវិញបញ្ហានេះដែរ កាសែត កូរ៉េខាងជើង Rodong Sinmun បាន និយាយថា ប្រជាជនកូរ៉េខាងត្បូងភាគ ច្រើន ចង់ឱ្យទីក្រុងសេអ៊ូល ដកកងទ័ព អាមេរិកចេញពីឧបទ្វីបកូរ៉េ។ «អ្វីដែល ប្រជាជនកូរ៉េខាងត្បូងត្រូវការនោះ គឺការ ដកកងទ័ពអាមេរិក ដោយគ្មានលក្ខខណ្ឌពីកូរ៉េខាងត្បូង… ហើយពួកគេមិនបាន ស្វាគមន៍វត្តមានកងទ័ពឡើយ ដ្បិតវា គំរាមកំហែងដល់សន្តិសុខ និងសន្តិភាព នៅលើឧបទ្វីបកូរ៉េ»។ នេះបើតាមកាសែត រដ្ឋកូរ៉េខាងជើង Rodong Sinmun។

គួរបញ្ជាក់ថា ការលើកឡើងរបស់ Rodong Sinmun កើតមានឡើងតែមួយ សប្ដាហ៍ប៉ុណ្ណោះ ក្រោយទីក្រុងវ៉ាស៊ីន​តោន និងទីក្រុងសេអ៊ូល បានចាប់ផ្ដើមកិច្ច ចរចាស្ដីពី កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ក្នុងការរក្សាកងទ័ពអាមេរិក ២៨,៥០០ នាក់ នៅលើទឹកដីកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុន ក៏មានបំណង រៀបចំជំនួប កំពូល រវាង មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នឹង នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេ បន្ទាប់ពីជំនួបកំពូលរវាងអាមេរិកនឹងកូរ៉េខាង ជើងរួចមក។

ប្រភពពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ខ្លួនកំពុងពិចារណាក្នុងការរៀបចំជំនួប កំពូល រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

ជាមួយគ្នានោះ នៅថ្ងៃអង្គារមុននេះ លោក អាបេ ក៏បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់នៃការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការ លុបចោលអាវុធនុយក្លេអ៊ែរ របស់ខ្លួន ខណៈសហរដ្ឋអាមេរិក បានត្រៀម ខ្លួនរួចជាស្រេច ដើម្បីរៀបចំជំនួបកំពូល មិនធ្លាប់មាន ពីមុនមកជាមួយទីក្រុង ព្យុងយ៉ាង នៅខែឧសភា ខាងមុខនេះ។ ការលើកឡើងបែបនេះ របស់លោក អាបេ ធ្វើឡើងនៅក្នុងជំនួប ជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក Suh Hoon ក្នុងទីក្រុងតូក្យូ។

គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបលោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន គ្រោងនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ នៅខែមេសា។ ចំណែកឯជំនួបរវាងលោក ស៊ីនហ្សូ អាបេ និងលោក គីម ជុងអ៊ុន មិនទាន់ត្រូវបានគេកំណត់កាលបរិច្ឆេទនៅឡើយទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print