ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន ប្រកាសថា៖ សម្ដេចនាយករដ្ឋមន្ដ្រី តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនយកប្រាក់ពីអាជីវករ លើការសាងសង់ផ្សារច្បារអំពៅឡើងវិញឡើយ រួមនឹងការផ្តល់សេវាផ្សេងៗ មិនយកប្រាក់ផងដែរ ។ នេះជាការដូររបស់សម្តេចតេជោហ៊ុន សែន នាករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនអាជីវករ ផ្សារច្បារអំពៅ ដែលបានរងគ្រោះ ដោយអគីភ័យឆេះតូបលក់ដូររបស់ខ្លួលកាលពីរាត្រី ថ្ងៃទី១៦ មីនា អស់ចំនួន ៥៨៨តូប ក្នុងចំណោមសរុប ចំនួន ១៤៤៧ តូប ។ ក្រៅពីកាដូរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានជួយធ្វើការជួសជុលនូវប្រព័ន្ធលូ និងផ្លូវបេតុងជុំវិញផ្សារ ផងដែរ ដើម្បីងាយស្រួលដល់បងប្អូនអាជីវករធ្វើដំណើរ កុំឲ្យមានការកកស្ទះ និងងាយស្រួលឡានទឹកចេញចូលបានផង ។
លោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈ
លោកដឹកនាំមន្ត្រី ជនាញ និងអាជ្ញាធរ មូលដ្ឋាន ក្រោមឱវាទ ចុះពិនិត្យសួរសុខទុក្ខ និងពិនិត្យមើលពី ស្ថានភាពផ្សារ កាលពីរសៀល ថ្ងៃ អង្គារ៏ ៤កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ មីនា ឆ្នាំ២០១៨ នៅក្នុងទីតាំផ្សារច្បារអំពៅផ្ទាល់ ។
លោកឃួង ស្រេង បានបញ្ជាក់ថា ៖ សម្តេចតេជោហ៊ុន សែន នាករដ្ឋមន្ត្រីបានសម្រេចរួចហើយ ដោយសម្រេចអោយមានការការសាងសង់ផ្សារច្បារអំពៅឡើងវិញ ហើយតួផ្សារទាំងមូលគឺសម្តេចជាអ្នកចេញលុយទាំងស្រុង ។ចំណែកបងប្អូនអាជីវករទាំងអស់ត្រូវសាងសង់តូបឡើងវិញដោយខ្លួនឯង។
លោកឃួង ស្រេង បានបញ្ជាក់ថា ៖ការសាងសង់ផ្សារច្បារអំពៅឡើងវិញ គឺមិនអោយមានការ បំប៉ោងតួលេខ ចំនួនតូបឡើយ ។ បើបងប្អូនទទួលបានព័ត៌មានថា មានការ ដំឡើងចំនួនតូបនោះ សូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរនឹងមានវិធានការភ្លាម។ លោកបន្តថា ៖ក្រៅពីការសាងសង់តួផ្សារអោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងផ្លូវ ជុំវិញផ្សារ ឡើងវិញ ផងដែរ។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ លោកក៏សូមសំណូម ពរ ដល់បងប្អូនអាជីវករទាំងអស់ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារអោយបានស្អាតល្អផង។
សូមបញ្ជាក់ថា៖ គ្រោះអគ្គិភ័យដ៏អាក្រក់ឆេះផ្សារច្បារអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលបានឆេះតូបក្នុងផ្សារច្បារអំពៅ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ដោយបំផ្លាញអស់តូបសរុប ៥៨៨តូប ក្នុងនោះតូបក្នុងតួរផ្សារ ចំនួន៣៤៤ តូប និងតូបក្រៅតួផ្សារ ចំនួន២៤៤តូប តូបសរុបទាំអស់ នៅក្នុងផ្សារច្បារអំពៅទាំងមូល ចំនួន១៤៤៧ តូប ។ គ្រោះអគីភ័យនេះមិនមានរងរបួសដល់អាយុជីវិតមនុស្សណាមួយនោះទេ៕ ដោយ៖ សំរិត