កំពង់ស្ពឺះបុរសជាជនសង្ស័យម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំណែកបុរស២នាក់ទៀតជាតៃកុងរថយន្តត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនដោយសារតែយកកូនសោរទៅវាយលើបុរសម្នាក់ដែលលួចបូមប្រេងពីរថយន្តរបស់ខ្លួន កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ (មុខរោងចក្រសាប្រ៊ីណា) ចន្លោះគីឡូម៉ែត្រ ៣២-៣៣ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថាបុរសជាជនសង្ស័យដែលរងរបួសបែកក្បាលនោះ មានឈ្មោះ ឡេង គីមសាន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានបន្តថានៅមុនពេលកើតហេតុនោះគឺបុរសជាជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចបូមប្រេងពីរថយន្ត របស់បុរស២នាក់ដែលឈប់ចតសម្រាក(ដេក)ចំណុចខាងលើ បន្ទាប់មកឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ ៣៥ឆ្នាំ (តៃកុងឡាន) រស់នៅភូមិអណ្ដូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ រ៉ៃ ឆុង ភេទប្រុស (តៃកុងឡាន) អាយុ ២៥ឆ្នាំ រស់ភូមិពោធិឬស្សី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានយកកូនសោរវាយទៅលើឈ្មោះ ឡេង គីមសាន បណ្ដាលអោយរងរបួសបែកក្បាលហូរឈាមជោគខ្លួន ។ក្រោយមកកម្លាំងនគរបាលស្រុកបានឃាត់ខ្លួនទាំងអស់គ្នាកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
មជ្ឈដ្ឋានប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាបុរសជាជនសង្ស័យបានទៅលួចប្រេងគេម្ចាស់ត្រូវតែវាយចឹងហើយ ចុះហេតុអ្វីបានជាកម្លាំងសមត្ថកិច្ចត្រូវឃាត់ខ្លួនម្ចាស់ដែលនេះគ្រាន់តែជាចម្ងល់របស់ប្រជាពលរដ្ឋប៉ុណ្ណោះ បើទោះបីជាយ៉ាងណារឿងរ៉ាយខាងលើនេះទុកអោយស្ថាបន័មានសមត្ថកិច្ចជាអ្នកវិនិឆ្ឆ័យចុះ៕សេនា សក្តិ