ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីនាក់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូបែកក្អមធ្វើការសាកសួរបន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់សោកម៉ូតូគេមិនបានសម្រេច។ករណីនេះកើតឡើងកាលពីថ្ងៃ អាទិត្យ ៩ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៧១ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ អៀង សម្បតិ្ត ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យនិងបក្សពួកម្នាក់ទៀតរត់គេចខ្លួន។ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ អ៊ួ ចាន់ណាវី អាយុ៤៩ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានចតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នា២០១០ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1AG6917 ទុកនៅមុខផ្ទះដោយចាក់សោកង់មុខ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ព័ណក្រហម ពាក់ស្លាកលេខភ្នំពេញ1GX4112 ជិះមកឈប់នៅទីនោះហើយជនសង្ស័យម្នាក់បានចុះពីលើម៉ូតូមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់គាត់បំណងលួចប៉ុន្តែដោយម៉ូតូគាត់ចាក់សោកាំកង់មុខទើបក្រុមនោះលួចមិនបានជនសង្ស័យក៍ស្ទុះរត់ឡើងជិះម៉ូតូបក្សពួករបស់វាពេលនោះគាត់មើលពីក្នុងផ្ទះតាមកញ្ចក់រត់ចេញមកស្រែកថាចោរៗត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួន។ក្រោយកើតហេតុជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាធ្វើការសាកសួតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕
ដោយ៖ តុង សីហា