ចរចាតម្លៃមិនត្រូវគ្នារឿងដឹកឈើ យោធានៅអង្គភាពវរៈស៊ើបការ F3 បាញ់រះ៣គ្រាប់បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ ដែលមានចេតនាប៉ងបាញ់សម្លាប់ជនរងគ្រោះ ករណីយោធាពាក់ស័ក្ដិ១ម្នាក់ នៅអង្គភាព វរៈស៊ើបការF3 បាញ់រះចំនួន៣គ្រាប់លើជនរងគ្រោះដឹកឈើតាមរថយន្តតាក់ស៊ី បណ្តាល ឲ្យរបួសធ្ងន់ ខណៈប្រភពអះអាងថាកើតឡើងដោយសារភាគីសងខាងចរចាមិនត្រូវតម្លៃ ។

ហេតុការណ៍បាញ់រះប៉ងសម្លាប់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ បំបែកចូលទៅវរៈលេខ៣៨២ ស្ថិតក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ ឈឿង ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិព្រៃខ្លី ឃុំជ្រៃចែង ស្រុកជុំគគី ខេត្តកំពត ។ រីឯជនដៃដល់ឈ្មោះ ផុម គីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទាហានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្ដិ១) នៅអង្គភាពវរៈស៊ើបការF3 មានទីលំនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងទៀតថា ជនដៃដល់បានប្រើកាំភ្លើងម៉ាកAK47 បាញ់រះទៅលើរថយន្តជនរងគ្រោះចំនួន៣គ្រាប់ ១គ្រាប់ត្រូវកញ្ចក់ខាងមុខ និងខាងក្រោយ២គ្រាប់បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវចំពីគល់កខាងមុខធ្លាយទៅខាងក្រោយ ហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦ ខេត្តព្រះវិហារ ។

ករណីនេះ ប្រភពព័ត៌មានបានឲ្យដឹង ផ្តើមពីការទារថ្លៃ ហើយចរចាមិនត្រូវតម្លៃគ្នា រវាង ភាគីរថយន្តដឹកឈើ និងភាគីយោធាពាក់ស័ក្ដិ១ម្នាក់ នៅអង្គភាពវរៈស៊ើបការF3 ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print