ភ្នំពេញ៖ តារាចម្រៀងប្រុស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា និងStep បានចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ហើយពួកគេក៏បានរួមការងារសិល្បៈជាច្រើន។ ទំនាក់ទំនងក្រៅឆាកស្និទ្ធិស្នាគ្នាប្លែកបានធ្វើឲ្យលេចចេញការសង្ស័យថាពួគគេអាចនឹងមានចំណងទាក់ទងលើសពីមិត្តរួមអាជីព។
ក្រោយលេចការគាំទ្រកាន់តែខ្លាំង រ៉េត ស៊ូហ្សាណា កាន់តែ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីផលិតកម្មហង្សមាស រហូតនាងទទួលបានទាំងបទចម្រៀង ល្អ និងឱកាសសម្តែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងគឺរឿង”បីសាចគួរឲ្យស្រលាញ់”ដែលសម្តែងរួមគ្នាជាមួយកំលោះសង្ហាត្រេភ្នែកតឹង លោកសុខ វិបុល ហៅ Step។
ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានលើកឡើងថាពួកគេចាប់ផ្តើមលេចចេញដំរ៉ុយនៃរឿងស្នេហា ពិសេសភាពល្អូកល្អឺនគ្នាខ្លាំងនៅពេលចេញសម្តែង និងច្រៀងរួមគ្នាម្តងៗហើយថែមទាំងបណ្តើរគ្នាយ៉ាងត្រសងដូចជាគូស្នេហ៍ទៀតផង ទើបធ្វើឱ្យគេសង្ស័យថា តារាវ័យក្មេងមួយគូនេះ មានស្នេហាទាំងក្នុង និងក្រៅឆាកជាមួយគ្នា។មានការលើកឡើងដែរថា ដំណឹងស្នេហាក្រៅឆាកនេះចាប់ផ្តើមសាយភាយក្រោយពេលពួកគេបានក្លាយជាតារាតំណាងផលិតផល ក្រុមហ៊ុនទូរស័ព្ទមួយដែរនោះ។
ទោះជាយ៉ាងណាគេនៅមិនទាន់ស្វែងរកការបញ្ជាក់ពី តារាស្រី រ៉េត ស៊ូហ្សាណាបាននៅឡើយទេ ប៉ុន្តែលោក Step បានប្រកែកថា រូបគេគ្មានទំនាក់ទំនងពិសេសជាមួយស្រីស្អាតហ្សាណា ជាស្នេហាទេ គឺគ្រាន់តែជាមិត្តភក្តិរួមអាជីពតែប៉ុណ្ណោះ ។ លោកបញ្ជាក់ដែរថាមិនមានទៅណាបណ្តើរគ្នារហូតនោះទេគឺ ទៅកម្មវិធីខ្លះគឺជួបគ្នាដោយចៃដន្យប៉ុណ្ណោះ មិនបានណាត់គ្នាមុនដែរ។
លោកបញ្ជាក់ដែរថារវាងលោកនិងហ្សាណា គ្មានទំនាក់ទំនងអីក្រៅពីមិត្តរួមការងារទេ មិនមែនស្នេហាអីទេនោះជាការយល់ច្រឡំទេ។ក្រៅពីបដិសេធលោកបានសរសើរពីរ៉េត ស៊ូហ្សាណាថា ជាតារាម្នាក់ល្អ ធ្វើការគោរពពេលវេលា ទាំងការថតបទចម្រៀង និងថតភាពយន្ត។
លោកថាក្រៅពីសម្តែងរឿងជាមួយគ្នា លោកក៏ថតចម្រៀងជាមួយគាត់ដែរ ទើបបានជាគេច្រឡំហ្នឹង ព្រោះលោកនិងនាងបានធ្វើការច្រើនជាមួយគ្នា។ ប៉ុន្តែលោកនៅតែសសើរមិនដាច់ពីមាត់ថា រ៉េត ស៊ូហ្សាណាជាក្មេងស្រីដែលស្អាត ឆ្លាត និងមានអត្តចរិកគួរឲ្យរាប់អាន៕ ដោយ វឌ្ឍនា