អស់ពីរឿងមួយចូលដល់រឿងមួយ។ ការប្រឌិតព័ត៌មានថាមានមនុស្សស្លាប់ ៨នាក់ និងរបួស ៤០ នាក់នៅខេត្តក្រចេះមិនទាន់ទាំងបានកែតម្រូវផង ឥឡូវនេះ វិទ្យុអាស៊ីសេរីបានប្រឌិតព័ត៌មាន មួយទៀតយកមកផ្សាយ។ វិទ្យុដែលខ្វះវិជ្ជាជីវៈនិងស៊ីឈ្នួលបម្រើនយោបាយសុទ្ធសាធមួយនេះ បានប្រឌិតថា ស្ត្រីម្នាក់បានចងកធ្វើអត្តឃាតដោយសារប្តីរបស់ខ្លួនដែលមានទំនាស់ដីធ្លីក្នុងខេត្ត ក្រចេះ។ ប៉ុន្តែក្រោយការស្រាវជ្រាវគេបានរកឃើញថា អាស៊ីសេរីបានប្រឌិតព័ត៌មានទាំងស្រុង។ បុរសជាប្តីរបស់ស្ត្រីរងគ្រោះបានចេញមុខបដិសេធព័ត៌មាននេះដោយអះអាងបញ្ជាក់ថា ប្រពន្ធ របស់ខ្លួនបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារតែគាត់មានជំងឺអេដស៍ ហើយក៏អស់ សង្ឃឹមហើយដាច់ចិត្តសម្លាប់ខ្លួនតែមម្តង គឺមិនមានពាក់ព័ន្ធអ្វីបន្តិចសោះនឹងរឿងដីធ្លីដូចអាស៊ី សេរីផ្សាយនោះឡើយ។
នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលវិទ្យុអាស៊ីសេរីបាន ផ្សាយព័ត៌មានមិនពិត។ វិទ្យុអាមេរិកាំងមួយនេះបាន និងកំពុងចាកឆ្ងាយកាន់តែខ្លាំងពីគន្លងវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ វិទ្យុនេះកំពុងក្លាយជាសំបុកនៃព័ត៌មានប្រឌិត និងក្លែងក្លាយ (Fake News) ដើម្បី បំពុលសង្គមយ៉ាងច្បាស់ក្រឡែត។ ដើម្បីមើលឃើញពីចេតនាអាក្រក់របស់វិទ្យុអាស៊ីសេរី យើង គ្រាន់តែពិចារណាទៅលើចំណុចមួយចំនួនដូចតទៅ៖
ទី១៖ អ្នកកាសែតដែលបម្រើការឲ្យវិទ្យុអាស៊ីសេរីត្រូវបានគេបង្វឹកឲ្យប្រើភាសាអ្នកនយោបាយ សុទ្ធសាធ គឺមិនមែនភាសាអ្នកកាសែតឡើយ។ ភាសាអ្នកនយោបាយ គឺការបង្ហាញនិន្នាការលម្អៀង ទៅរកគណបក្សរបស់ខ្លួន ~ ការពារផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយវាយប្រហារទៅលើគូ បដិបក្ខតាមដែលអាចធ្វើទៅបាន។ ចំណែកភាសាអ្នកកាសែតវិញគឺ គេប្រើភាសាក្នុងនាមជាអ្នក រាយការណ៍អំពីហេតុការណ៍ណាមួយដោយមិនត្រូវយកនិន្នាការផ្ទាល់ខ្លួនមកលាយឡំឡើយ។ តែ អ្នកកាសែតអាស៊ីសេរីប្រើប្រាស់ភាសាអ្នកនយោបាយសុទ្ធសាធ។
ទី២៖ ដោយសារមានរបៀបវារៈនយោបាយយ៉ាងជ្រាលជ្រៅ វិទ្យុនេះមិនដែលផ្សាយព័ត៌មាន ល្អពីប្រទេសកម្ពុជាឡើយ។ ផ្ទុយពីគោលការណ៍សារព័ត៌មានដែលត្រូវរាយការណ៍ព័ត៌មានឲ្យមាន តុល្យភាព វិទ្យុអាស៊ីសេរីមិនដែលនិយាយសូម្បីតែមួយរឿងអំពីចំណុចវិជ្ជមានរបស់កម្ពុជាឡើយ ទោះបីជាប្រទេសនេះកំពុងអភិវឌ្ឍយ៉ាងលឿនសម្បើមទៅមុខយ៉ាងណាក៏ដោយ។ តែជាវិទ្យុនេះ បង្ហាញតែភាពខ្មៅងងឹត ហើយបើអត់មានរឿងខ្មៅងងឹតដូចដែលខ្លួនចង់ផ្សាយទេ ក៏នាំគ្នារៀបចំ ផែនការប្រឌិតព័ត៌មានក្លែងក្លាយ។ ករណីខេត្តក្រចេះជាឧទាហរណ៍ជាក់ស្តែង។
ទី៣៖ នៅពេលផ្សាយព័ត៌មានខុសពីការពិតហើយ វិទ្យុនេះមិនដែលកែតម្រូវកំហុសឆ្គង របស់ខ្លួនម្តងណាឡើយបើទោះជាច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានតម្រូវឲ្យកែតម្រូវ ព័ត៌មានខុសក៏ដោយ។ ជាក់ស្តែងករណីផ្សាយថាមានមនុស្សស្លាប់កើនដល់ ៨ នាក់ក្នុងព្រឹត្តិការណ៍ ប៉ះទង្គិចក្នុងខេត្តក្រចេះ រហូតមកទល់ពេលនេះ អាស៊ីសេរីនៅតែមុខក្រាសមិនព្រមកែតម្រូវដដែល។
ដូច្នេះ មានទឡ្ហីករណ៍គ្រប់គ្រាន់ដែលអាចបញ្ជាក់ថា វិទ្យុអាស៊ីសេរីគឺជាសំបុកនៃព័ត៌មាន ក្លែងក្លាយ Fake News ដែលមានគោលដៅបំពុលសង្គមយ៉ាងពិតប្រាកដ។ និយាយពីព័ត៌មាន មិនពិត ឬ Fake News នេះ គឺជាប្រធានបទក្តៅគគុកមួយនៅទូទាំងពិភពលោកដែលគ្រប់ប្រទេស និងគ្រប់បណ្តាញផ្សាយព័ត៌មានកំពុងតែប្រយុទ្ធប្រឆាំងដោយចំណាយកម្លាំងកាយ បញ្ញា ស្មារតី ពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីព្រោះវាជាប្រភេទព័ត៌មានដ៏គ្រោះថ្នាក់។ ជាទូទៅ ព័ត៌មាន Fake News ច្រើនលេចចេញពីប្រភពអនាមឹកដែលគេពិបាករកមុខ។ គោលដៅនៃការ ផ្សាយព័ត៌មានបែបនេះ គឺដើម្បីបង្កវិទ្ធង្សនាអ្វីមួយក្នុងគោលដៅកេងចំណេញផលប្រយោជន៍ផ្ទាល់ ខ្លួនឬបក្សពួករបស់ខ្លួន។ សម្រាប់សារព័ត៌មានវិជ្ជាជីវៈ គេប្រយ័ត្នប្រយែងណាស់រឿង Fake News នេះពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ចាស់ស្ថាប័នសារព័ត៌មាននោះ។
វារឹតតែគ្រោះថ្នាក់ថែមទៀតប្រសិនបើសារព័ត៌មានអាជីពធ្វើខ្លួនឲ្យទៅជាសំបុករបស់ Fake News ដោយចេតនាហើយបែរជាមិនទទួលខុសត្រូវដូចជាវិទ្យុអាស៊ីសេរីជាដើមនេះ។ កាលណា សារព័ត៌មានមួយក្លាយជាសំបុកនៃ Fake News ហើយនោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ សង្គម ដោយសារតែព័ត៌មានបែបប្រឌិតនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលមិនបានពិចារណាជឿលើ ផ្លូវខុសហើយសម្រេចចិត្តខុស។ អ្នកបង្កើតព័ត៌មានមិនពិតមានគោលដៅធ្វើឲ្យពលរដ្ឋយល់ខុស ហើយសម្រេចចិត្តខុសដើម្បីខ្លួនឯងទាញយកប្រយោជន៍។ ឧទាហរណ៍ជាក់ស្តែងគោលដៅរបស់ វិទ្យុអាស៊ីសេរីដែលប្រឌិតព័ត៌មានថាមានអ្នកស្លាប់ ៦នាក់ ហើយក្រោយមកថាចំនួនអ្នកស្លាប់កើន ដល់ ៨នាក់ និងរបួស ៤០ នាក់ដោយសារអាជ្ញាធរបាញ់ប្រហារក្នុងខេត្តក្រចេះនោះ គឺដើម្បីធ្វើឲ្យ សាធារណៈមតិយល់ច្រឡំទៅលើរដ្ធាភិបាល ហើយសម្រេចចិត្តធ្វើអ្វីម្យ៉ាងដូចជាបង្កហិង្សាបះបោរ វឹកវរក្នុងសង្គម។ រីឯផលដែលពួកគេទទួលបាននោះគឺ ការចំណេញនយោបាយដែលកើតចេញពី ភាពវឹកវរនោះ។ ប៉ុន្តែ ដោយសារតែការទប់ស្កាត់បានទាន់ពេលវេលាស្ថានការណ៍ក៏វិលទៅរកភាព ប្រក្រតីឡើងវិញ ហើយប្រជាពលរដ្ឋក៏បានទទួលព័ត៌មានពិតឡើងវិញថា គ្មានអ្នកស្លាប់សូម្បី ម្នាក់ឡើយ។
ប៉ុន្តែដោយសារតែគោលដៅរបស់ពួកគេមិនទាន់បានសម្រេច ឥឡូវនេះ អាស៊ីសេរីក៏បាន បង្កើតរឿងមួយទៀតស្តីពីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយសារតែទំនាស់ដីធ្លី ដើម្បីបន្តដុតកំហឹង មហាជនខ្មែរ។ ឥឡូវនេះ វាច្បាស់ណាស់ថា វិទ្យុអាស៊ីសេរីមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោង បំភ្លើស បំភ្លៃ ញុះញង់ ដុតបន្ថែមប៉ុណ្ណោះទេ បច្ចុប្បន្ន វិទ្យុនេះបានបោះជំហ៊ានទៅមុខមួយទៀតហើយ គឺឈានដល់ការប្រឌិតព័ត៌មានក្លែងក្លាយតែម្តង។ ប៉ុន្តេទោះជាវិទ្យុនេះធ្លាក់ខ្លួនទៅជាសំបុកនៃ ព័ត៌មាន Fake News បែបនេះក៏ដោយ ក៏ពួកគេមិនអាចសម្រេចគោលដៅបង្កចលាចលសង្គមខ្មែរ បានដែរពីព្រោះប្រជាពលរដ្ឋខ្មែរមានប្រភពព័ត៌មានយ៉ាងសម្បូរបែបណាស់ដែលពួកគេទទួលបាន ជារៀងរាល់ថ្ងៃ។
ផ្ទុយទៅវិញ សារព័ត៌មានណាក៏ដោយដែលធ្វើជាសំបុកឲ្យ Fake News កាន់តែបាត់បង់ ប្រជាប្រិយភាពយ៉ាងធ្ងន់ធ្ងរដោយសារតែមហាជនអស់ជំនឿ។ ការប្រឌិតព័ត៌មានកំពុងធ្វើឲ្យវិទ្យុ គ្មានវិជ្ជាជីវៈមួយនេះក្លាយជាសំរាមគ្មានតម្លៃ ដោយសារតែវិទ្យុនេះកំពុងដើរបញ្ច្រាសទិសរបស់ មហាជនដែលកំពុងស្រេកឃ្លានព័ត៌មានពិត។ ទីបំផុត វិទ្យុសំរាមនេះទំនងជារកកន្លែងដុតចោលក៏មិន បានផងពីព្រោះសូម្បីតែក្លិន និងផ្សែងរបស់សំរាមវាក៏បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពដែរ៕
ដោយ កូនខ្មែរ