ប្រព័ន្ធផ្សព្វផ្សាយ ចិន និងកូរ៉េខាងជើង បានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ពិតជាបានទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយជួបពិភាក្សាជាមួយ ប្រធានាធិបតីចិនស៊ីជីងពីង លើបញ្ហា នយោបាយសំខាន់ៗមុនពេល ជួបពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងត្បូង មូនជេអ៊ីន និង មេដឹកនាំអាមេរិក ដូណាលត្រាំ។
សារព័ត៌មានស៊ីនហួរបានផ្សាយថា៖ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់លោកគីមជុងអ៊ុន និងភរិយា Ri Sol Ju ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមីនា តាមការអញ្ជើញរបស់ មេដឹកនាំចិន ស៊ីជីង៊ពីង ។
នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរ ផ្លាស់ប្តូរពីទស្សននយោបាយ។ នេះជាដំណើរទស្សនកិច្ច ដំបូងបំផុតរបស់ លោកគីមជុងអ៊ុនចាប់តាំងពីលោកឡើងកាន់តំណែង នៅឆ្នាំ២០១១។ ដំណើរទស្សនកិច្ចកើតឡើងក្នុងពេលកូរ៉េខាងជើងត្រៀមជួបពិភាក្សាជាមួយ មេដឹកនាំអាមេរិក ។
សារព័ត៌មានចិនបានផ្សាយថា៖ ប្រធានាធិបតីចិនស៊ីជីងពីនបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដោយបញ្ជាក់ថា៖ ទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិ មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន។
ចំណែកមេដឹកនាំ កូរ៉េខាងជើង ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៅឧប្បទ្វីបកូរ៉េ កំពុងឆ្ពោះទៅមុខ យ៉ាងល្អប្រសើបំផុត ដោយបន្ថយភាពតានតឹង និង ឆ្ពោះទៅរកកិច្ចពិភាក្សាដើម្បីសន្តិភាព។
លោកគីមជុងអ៊ុនបញ្ជាក់ថា៖ និងពិភាក្សា ជាមួយអាមេរិក ក៏ដូចជាកិច្ចពិភាក្សាទ្វេភាគីផ្សេងទៀត ហើយ នឹងបោះបង់កម្មវិធីបរមាណូ បើ អាមេរិក និងកូរ៉េខាងត្បូង មានសុទិដ្ឋិនិយម បង្កើតបរិយាកាសសន្តិភាព ស្ថេរភាព នៅឧប្បទ្វីបកូរ៉េ ។
ទីក្រុងប៉េកាំងជាសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់កូរ៉េខាងជើង ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំងពី មិនសូវល្អឡើយរយៈពេលកន្លងមក នៅពេលទីក្រុងព្យុងយ៉ាង ជម្រុញកម្មវិធីបរមាណូ និងមីស៊ីល បង្ខំឲ្យចិនត្រូវតែចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ទៅលើ ប្រទេសកូរ៉ែខាងជើង។
សាស្ត្រាចារ្យ Bates Gill មកពីមហាវិទ្យាល័យ អូស្ត្រាលីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំគីមជុងអ៊ុន បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង ចង់ឲ្យមហាមិត្តចិនគាំទ្រ នៅក្នុងកិច្ចពិភាក្សាជាមួយ កូរ៉េខាងត្បូងនិងអាមេរិក។
ជាមួយនិងជំនួបពិភាក្សារវាងលោកស៊ីជីងពីននិង គីមជុងអ៊ុន គឺជាសាយ៉ាងសំខានផ្ញើរទៅកាន់មេដឹកនាំកូរ៉េខាងត្បូង ម៉ូនជេអីន និង ប្រធានាធិបតីអាមេរិកដូណាលត្រាំ ថា ចិនបានគាំទ្រ ដល់កូរ៉េខាងជើង លើផ្នែកនយោបាយ។ ទីក្រុងប៉េកាំងនិងទីក្រុងព្យុងយ៉ាង មិនអាច បោះបង់ចោលគ្នាបនឡើយ ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងមិត្តភាពល្អប្រសើរ ដូចដើម៕
ដោយ៖ មែវ សាធី