សមត្ថកិច្ចចុះចាត់វិធានការលើក្រុមហ៊ុន វីនីតុន ដែលពុំគោរពតាមច្បាប់ស្ដីពីសារព្រមានសុខភាពជារូបភាព និងអក្សរ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ កម្លាំងនគរបាលសេដ្ឋកិច្ច សហការជាមួយនឹងមន្ដ្រីក្រសួងសុខាភិ​បាល ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានរកឃើញថា រោងចក្រវេចខ្ចប់បារីរបស់ក្រុមហ៊ុន វីនីតុន គ្រុប ដែលមានទីតាំងស្ថិតក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល ពិតជាបានរំលោភទៅលើច្បាប់ស្ដីពីសារព្រមានសុខភាពជារូបភាព និងអក្សរ ដោយនៅលើ​កញ្ចប់បារី និងសុងបារី គឺពុំមានបោះពុម្ពសារព្រមានសុខភាពជារូបភាពឡើយ។ នេះបើយោងតាមការបញ្ជាក់​ពីមន្ដ្រីនគរបាលចុះអនុវត្ត។

មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យោងទៅតាមច្បាប់ ផលិត​ករថ្នាំជក់ក្នុងស្រុក និងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទសម្រាប់ធ្វើការចែកចាយលក់ និងប្រើប្រាស់ ត្រូវបោះពុម្ពសារព្រមានសុខភាពជារូបភាពដែលមានទំហំ៥០% និងសារព្រមានសុខភាពជាអក្សរទំហំ៥%នៅលើផ្ទៃសំខាន់ខាងមុខ និងខាងក្រោយនៃកញ្ចប់បារី។ មន្ត្រីនគរបាលដដែលបានបន្ថែមទៀតថា៖ “យើងមិនមែនផ្ដោតតែទៅលើរោងចក្របារីរបស់ក្រុមហ៊ុន វីនីតុន គ្រុប មួយនេះទេ យើងនឹងមានវិធានការគ្រប់ក្រុមហ៊ុន សហគ្រាសទាំងអស់  ដែលលក់ និងចែកចាយបារីនៅក្នុងស្រុកខ្មែរ ជារួម គឺយើងនឹងចាត់វិធានការឲ្យតែមានចរាចរបារីដែលអត់អនុលោមតាមច្បាប់”។

“រោងចក្រវេចខ្ចប់បារីនេះ គឺកញ្ចប់បារីខ្លះមានបោះពុម្ពសារព្រមានសុខភាពជារូបភាព ហើយខ្លះគឺអត់មាននោះទេ គឺក្រុមហ៊ុនដាក់ចម្រុះគ្នាតែម្ដង”។ ក្រុមហ៊ុន វីនីតុន នេះ ផលិតនូវម៉ាកយីហោផលិតផលបារីក្នុងស្រុកមួយចំនួន មានដូចជា៖ បារី Luxury, Coconut និង Crown។ មន្ត្រីនគរបាលបានឲ្យដឹងថា ក្រុមហ៊ុន វីនីតុនគ្រុប បានទទួលនូវការព្រមាន ព្រមទាំងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរថានឹងគោរពតាមច្បាប់ ហើយក្រុមហ៊ុនបានសន្យាថា នឹងប្រមូលត្រលប់មកវិញនូវផលិតផលថ្នាំជក់ដែលមិនអនុលោម ហើយកំពុងចរាចរនៅលើទីផ្សារ ដើម្បីយកមកធ្វើការកែតម្រូវដោយបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរវិញឲ្យបានមុនថ្ងៃទី១ មិថុនា។

ក្រោយពេលការចុះត្រួតពិនិត្យរួច អាជ្ញាធរខេត្តកណ្ដាលបានអំពាវនាវឲ្យអ្នកលក់ដុំ និងលក់រាយទាំងអស់ ចូលរួមចំណែកក្នុងការអនុវត្តច្បាប់ ដោយទទួលលក់តែបារីណាដែលមានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរ ចៀសវាងការផាកពិន័យនៅពេលដែលនគរបាលចុះធ្វើការត្រួតពិនិត្យ។

កាលពីឆ្នាំមុន នៅក្នុងការចុះខេត្តកំពត ក៏មានករណីស្រដៀងគ្នានេះដែរ នគរបាល រួមនឹងមន្ត្រីក្រសួងសុខាភិបាលបានរកឃើញនូវម៉ាកយីហោបារីផលិតក្នុងស្រុកមួយចំនួន ដែលមិនបានវេចខ្ចប់មិនស្របតាមច្បាប់កំណត់។

ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់មានគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយកម្រិតទៅលើផលិតករថ្នាំជក់ និងអ្នកនាំចូលផលិតផលថ្នាំជក់ក្នុងប្រទេសកម្ពុជាទាំងអស់។ច្បាប់នេះបានបញ្ជាក់ថា អ្នកផលិត និងអ្នកនាំចូលដែលត្រូវបានរកឃើញថា បានរំលោភលើច្បាប់នេះ នឹងត្រូវផាកពិន័យចន្លោះពី ៤ លាន ទៅ ២០ លានរៀល ហើយការផាកពិន័យច្រើនលើកក្នុងរយៈពេលពីរឆ្នាំ នឹងអាចឈានទៅរកការផាកពិន័យទ្វេរដង នៃទឹកប្រាក់ពិន័យ៕ ដោយ វឌ្ឍនា

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print