ដើម្បីជាការបង្ហាញឲ្យឃើញពីភាពប្រណីតពិតៗ រថយន្ត Rolls-Royce បញ្ចេញនូវសំណុំរថយន្តម៉ូដែល Wraith Luminary Collection។ ដោយគិតឃើញពីបុគ្គលជាអ្នកនាំផ្លូវឲ្យអ្នកដទៃដើរតាម រថយន្ត Wraith Luminary Collection នឹងជួយបំភ្លឺផ្លូវដល់អ្នកត្រួសត្រាយផ្លូវផ្នែកទំនិញប្រណីត។
ដើម្បីឆ្លើយតបចំពោះតម្រូវការជាហូរហែទូទាំងពិភពលោកសម្រាប់រថយន្តផលិតជាសំណុំរបស់ Rolls-Royce ក្រុមហ៊ុនបានបង្កើតសំណុំរថយន្ត Wraith ដ៏ពិសេសនេះក្នុងចំនួនមានកំណត់ ត្រឹមតែ 55 គ្រឿងប៉ុណ្ណោះ។ រថយន្តទាំងនេះនឹងស្ថិតក្នុងចំណោមស្នាដៃឯកបែប Bespoke ផ្ដាច់មុខ ដែលអាចក្លាយជាវត្ថុសម្រាប់ប្រមូលទុកបាន ដែលរថយន្តសំណុំទាំងអស់នេះត្រូវបាននឹកច្នៃដោយក្រុមការងាររចនា Bespoke របស់ Rolls-Royce ហើយត្រូវបានប្រមូលទុកដោយអ្នកស្រលាញ៉វត្ថុប្រណីតពិតៗទូទាំងពិភពលោក។
នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានថ្លែងថា៖ “រថយន្ត Wraith Luminary គឺជាសំណុំរថយន្តដ៏ស្រស់ស្អាតអស្ចារ្យ។ រថយន្តនេះតំណាងឲ្យម៉ាកយីហោ Rolls-Royce ពិតៗនាសម័យទំនើប ដែលតែងតែវិវត្តទៅមុខ ត្រួសត្រាយផ្លូវ ហើយជាម៉ាកយីហោកំពូលសម្រាប់ទំនិញប្រណីតផលិតដោយដៃ។ នេះជារថយន្ត ដែលសាទរដល់បុគ្គលមានចក្ខុវិស័យ ដែលមានភាព លេចធ្លោនៅក្នុងជំនាញរបស់ខ្លួន។ ពិតណាស់ សំណុំរថយន្តនេះគឺសម្រាប់បុគ្គលជាមគ្គុទេសក៍នៅក្នុងពិភពលោក”។
ស្រមោលចេញពីរស្មីព្រះអាទិត្យពេលថ្ងៃរះ ជាកត្តាបំផុសឲ្យបង្កើតមានទឹកថ្នាំផ្ទៃខាងក្រៅថ្មីសម្រាប់រថយន្តនេះ ដែលមានឈ្មោះថា ប្រផេះភ្លឺ (Sunburst Grey)។ ពណ៌ប្រផេះងងឹត ត្រូវបានធ្វើឲ្យរស់រវើកឡើងដោយសារពណ៌ពន្លឺព្រះអាទិត្យ ព្រមជាមួយនឹងពណ៌លឿងទង់ដែង ដែលហាក់បញ្ចេញនូវភាពកក់ក្ដៅ។ ចំណុចទាក់ទាញត្រូវបានបង្កើតបន្ថែមទៀតដោយឆ្នូតភ្លីរូបព្រះអាទិត្យ ដែលគូសដោយដៃ ភ្លីនៅលើគំរបម៉ាស៊ីន Wraith ដែលគូសដោយដៃ និងគំនូសដែលគូសនៅលើដុំកណ្ដាលនៃកង់រថយន្ត ដែលរូបនីមួយៗមានពណ៌ស្បែក ដែលលំនាំតាមពណ៌ស្បែកផ្ទៃខាងក្នុងរថយន្ត។
កម្លាំងថាមពលហាក់កើតមាននៅក្នុងរថយន្ត Wraith នេះ។ នៅពេលបើកទ្វារ គេនឹងឃើញភាពទំនើបប្រណីត ស្របពេលដែលពន្លឺជះពីខាងមុខទៅផ្នែកខាងក្រោយ។ គ្រឿងបំពាក់ពិសេសសម្រាប់សំណុំរថយន្តនេះ គឺឈឺ Tudor Oak (ដើមសែន) ដែលយកពីព្រៃនៅក្នុងប្រទេសឆេក ហើយដែលត្រូវបានជ្រើសរើសដោយសារតែពណ៌ដិត និងសាច់ឈើល្អ ហើយជាលើកដំបូងហើយដែលឈើនេះត្រូវបានប្រើដោយធ្វើឲ្យមានបញ្ចេញពន្លឺ។ អំពូល LED ចំនួន 176 គ្រាប់បានជះចេញតាមរយៈការរចនាដោយចោះប្រហោង លើបន្ទះឈើ Tudor Oak នេះ ដែលធ្វើឲ្យនឹកភ្នកដល់ពន្លឺរបស់ទេពច្យុត ហើយពន្លឺនេះជះចេញដោយគ្រាន់តែចុចប៊ូតុងតែបន្តិចប៉ុណ្ណោះ។ បន្ទះឈើទាំងនោះក៏ប្រើប្រាស់សម្រាប់ការបញ្ជាលើដំបូលផ្កាយផងដែរ ហើយសរុបរួម បន្ទះឈើនោះព័ទ្ធជុំវិញខ្លួនរបស់អ្នកជិះ ដោយមានបញ្ចេញនូវពន្លឺបែបធម្មជាតិ។
បើនិយាយអំពីទេពច្យុត ក្រុមការងារ Bespoke របស់ Rolls-Royce ដែលប្រមូលផ្ដុំដោយក្រុមវិស្វករ អ្នករចនាម៉ូត និងសិប្បករ បម្រើការងារនៅរោងចក្ររថយន្ត Rolls-Royce នៅទីក្រុង Goodwood ក្នុងតំបន់ West Sussex បានច្នៃបន្ថែមធ្វើឲ្យផ្នែកខាងក្នុងរថយន្តប្រៀបបាននឹងរោងកុន ដោយមានបំពាក់នូវផ្កាយទេពច្យុតដ៏ភ្លឺស្រស់ស្អាត។ ដំបូលផ្កាយដ៏មានតម្លៃរបស់រថយន្ត Rolls-Royce នេះ ត្រូវបានដេប៉ាក់ដោយបំពាក់អំពូលកាបអុបទិកចំនួន 1340 អំពូល ដែលដើរតួជាផ្ទៃមេឃដ៏ភ្លឺនាពេលរាត្រី ហើយនេះជាការបំជំហានមួយទៀតខណៈពេលដែលដំបូលនេះមានបំពាក់នូវទេពច្យុតទៅក្នុងហ្វូងដារា ដែលជាការលេងភ្លើង ដើម្បីបង្កើតឲ្យមានភាព អស្ចារ្យ និងស្ញប់ស្ញែងសម្រាប់អ្នកជិះ ក្នុងរថយន្តនេះ។
ចាប់តាំងពីការចាប់កំណើតមក ម៉ូដែល Wraith បានទាក់ទាញបុគ្គលដែលមានចក្ខុវិស័យនានា ដែលជាប់ចិត្តនឹងការផ្ដល់ជូនយ៉ាងពិសេសនូវកម្លាំងថាមពលរបស់រថយន្តដែលសឹងតែគ្មានដែនកំណត់ និងការរចនាយ៉ាងពិសេសទាក់ភ្នែក ដែលជារថយន្តល្អឥតខ្ចោះសម្រាប់សុភាពបុរសដែលពុំអាចប្រៀបផ្ទឹមបាន ។ ភាពជោគជ័យដ៏ធំធេងរបស់ម៉ូដែល Wraith ក្នុងការទាក់ទាញនូវអ្នកបើកបរជំនាន់ថ្មី ឲ្យជាប់ចិត្តនឹងម៉ូដែលនេះ គឺត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈសំណុំរថយន្តដ៏ពិសេសប្លែកមួយនេះ ដែលមានបញ្ចូលនូវភាព ប្រណីតថ្មីៗពិតៗ ប្រកបដោយទឹកដៃយ៉ាងអស្ចារ្យ៕
ដោយ វឌ្ឍនា