លោក ដូណាល់ ត្រាំ៖ កងទ័ពអាមេរិកនឹងត្រូវដកចេញពីទឹកដីស៊ីរីនាពេលឆាប់ៗ

ចែករំលែក៖

សេតវិមានអាមេរិកបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដកទ័ពចេញពីប្រទេសស៊ីរីនាពេលឆាប់ៗខាងមុខនេះហើយ។

ការប្រកាសពីគម្រោងខាងលើធ្វើឡើងនៅពេលដែលលោក ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋ Ohio ដោយលោកបានប្រកាសថា «យើងនឹងចាកចេញពីស៊ីរីនាពេលឆាប់ៗនេះហើយ… ទុកឲ្យអ្នកដទៃទៀតចាត់ចែងរឿងនេះវិញទៅចុះ។ យើងនឹងវិលត្រឡប់មកប្រទេសយើងវិញដែលជាផ្ទះរបស់យើង និងជាទីដែលពួកយើងចង់នៅ»។

នៅពេលនេះដែរមន្ត្រីយោធាអាមេរិក ហាក់បីដូចជាមិនបានដឹងពីការសម្រេចរបស់ប្រធានាធិបតីនោះឡើយ ពីព្រោះថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ទើបតែបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចការសំខាន់ៗជាច្រើន នៅតែមិនទាន់សម្រេចបាន ដើម្បីធានានូវការបរាជ័យជារៀងរហូតនៃក្រុមភេរវករជ្រុលនិយមនៅស៊ីរី។

ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ីរីនោះដែរ កម្លាំងទាហានស៊ីរី បានយកឈ្នះជាបន្តបន្ទាប់ទៅលើក្រុមឧទ្ទាម នៅតំបន់ Ghouta។ នៅពេលនេះរដ្ឋាភិបាលស៊ីរីបានទុកពេលចុងក្រោយឲ្យក្រុមឧទ្ទាម៣ថ្ងៃ សម្រាប់ចាកចេញ ឬទម្លាក់អាវុធ។

កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ រវាងក្រុមឧទ្ទាម នឹងរដ្ឋាភិបាល បានជាប់គាំងអស់ រយៈពេលជាច្រើនថ្ងៃ មកហើយ។ ក្រុមឧទ្ទាម Army of Islam ដែលកំពុងគ្រប់គ្រង់ទីក្រុង Doumaនៅខាងក្រៅរដ្ឋធានីដាម៉ាស និងអ្នកសម្របសម្រួលរុស្ស៊ី ដោយរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីបានទទួចឲ្យសមាជិកក្រុម Army of Islam ចាកចេញពីតំបន់ធ្វើដំណើរទៅស៊ីរីភាគខាងជើង។

លោក Ammar al-Hassan ជាមន្ត្រីនាំពាក្យក្រុមឧទ្ទាម Army of Islam បាននិយាយថា រដ្ឋាភិបាលស៊ីរីកំពុងតែទទួចឲ្យអ្នកប្រយុទ្ធក្រុមឧទ្ទាម ចាកចេញទៅទិញខាងជើង ប៉ុន្តែថាពួកគេបានបដិសេធច្រានចោលនូវការទាមទារបែបនោះ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលស៊ីរីតាមសេចក្តីរាយការណ៍បានព្រមានអំពីប្រតិបត្តិការវាយលុកបណ្ដេញចេញទាំងអស់មួយ លើទីក្រុង Doumaប្រសិនបើពួកឧទ្ទាមមិនដកថយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print