ភ្នំពេញ៖ទើបនឹងវិលត្រឡប់មកពីរៀបចំពិធីចម្រើនព្រះជន្មម្តាយនាទឹកដីកំណើតខេត្តបន្ទាយមានជ័យ ដួង ម៉ានិច បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំល្មមមួយកាលពីរាត្រីថ្ងៃទី០២ខែមេសានេះ។ ទោះឥតព្រាងទុកក៏កម្មវិធីនេះមានការចូលរួមច្រើនពីភ្ញៀបជាមិត្តរួមអាជីព។
តារាសម្តែង ដួង ម៉ានិច ចាប់ផ្តើមមានយីអ៊ុនឡើងខ្លាំងក្រោយពីនាងចាប់បានឱកាសសម្តែងក្នុងភាពយន្តជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីឱកាសកើបប្រាក់សន្ធឹកសន្ទាប់ពីការងារថ្មីៗក្នុងសិល្បៈកំពុងសម្រុកខ្លាំងបន្ទាប់ពីនាងតស៊ូក្នុងអាជីពនេះអស់ជាច្រើនឆ្នាំ ។ នាងកាន់តែលេចធ្លោខ្លាំងក្រោយពីទទួលបានតំណែងថតភាពយន្តក្នុងតំណែងតួឯកជាច្រើនបន្តបន្ទាប់។ ដួង ម៉ានិច ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលបន្ទាប់ពីនាងបានរៀបចំពិធីឡើងផ្ទះថ្មី នៅបុរីប៉េង ហួត និងបុណ្យចម្រើនព្រះជន្មម្តាយនាងស្រុកកំណើត ថ្មី។
នាងក៏បានរៀបចំពិធីខួបកំណើតមួយផងដែរដើម្បីជួបជុំអ្នកជិតដិតមួយចំនួន។កម្មវិធីខួបកំណើតរបស់នាងទទួលស្វាមគមន៍ភ្ញៀវជាច្រើនជាងអ្វីដែលនាងរំពឹងទុកព្រោះតែនាងយល់ថាមានកម្មវិធីជាច្រើនជាន់ចំថ្ងៃខួបកំណើតនាង ប៉ុន្តែវត្តមានភ្ញៀវជាច្រើនស្ទើតែធ្វើឲ្យតារាស្រីរូបនេះស្រក់ទឹកភ្នែកព្រោះក្តីរំភើប។ នាងថាកម្មវិធីខួបកំណើតនេះមិនបានព្រាងទុកយូនោះទេ ហើយអ្នកសិល្បៈជាច្រើនដែលនាងមិនបានអញ្ជើញព្រោះតែពេលវេលាប្រថុចញ៉ុចពេក។
នាងថា ទោះអ្នកចូលរួមជាភ្ញៀវទើបនឹងបង្ហាញវត្តមានក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាងក្តីក៏នាងនៅតែមិនខ្លាចចិត្តពួកគេដែរព្រោះតែការស្រលាញ់រាប់អានមិនបានធ្វើឲ្យពួកគេយល់ថាមានរវល់ញឹកញាប់នោះទេសំខាន់គឺការជួបជុំមួយដ៏សប្បាយរីករាយ។ ទន្ទឹមគ្នានេះនាងក៏ថ្លែងការសុំទោសចំពោះមិត្តភ័ក្កិ និងផលិតករជាច្រើនដែលនាងមិនបានអញ្ជើញព្រោះតែមិនមានពេលគ្រប់គ្រាន់៕ ដោយ វឌ្ឍនា