ខេត្តកំពង់ធំ៖ ប្ដីចិត្តតិរច្ឆានឈាមខ្មៅខឹងប្រពន្ធសុំលុយខ្លាំងពេកបានយកដុំថ្មវាយត្រូវចំក្បាលប្រពន្ធបណ្តាលឲ្យរបួសធ្ងន់រហូតដល់ស្លាប់ បង្ករឲ្យមានការភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទីយប់ នៅភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជនបង្ករដែលត្រូវជាប្តីនេះឈ្មោះ ស ស៊ត ភេទប្រុស អាយុ ៤៧ឆ្នាំ រីឯជនរងគ្រោះដែលត្រូវជាប្រពន្ធឈ្មោះ វុធ មី អាយុ ៤៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីសាច់ញាតិខាងប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ប្រពន្ទបានសុំលុយពីប្តី តែប្តី ប្រាប់ថាគ្មានទេ ពេលនោះក៏កើតមានទំនាស់ពាក្យសំដី រហូតដល់ម៉ោង២១:០០នាទីយប់ ប្តីបានយកដុំថ្មវាយត្រូវចំក្បាលប្រពន្ទ បណ្ដាលអោយរបួសធ្ងន់។
លុះព្រឹកឡើងដោយស្ថានភាពប្រពន្ទ មានសភាពធ្ងន់ធ្ងរ សាច់ញ្ញាតិខាងប្រពន្ទ បានបញ្ចូនជនរងគ្រោះទៅមន្ទីពេទ្យខេត្តកំពង់ធំ នាវេលាម៉ោង០៧:០០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១២:០០នាទីថ្ងៃដដែលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅនិងមន្ទីពេទ្យខេត្តកំពង់ធំតែម្ដង។
ករណីនេះសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនបង្កជាប្តី នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ប៊ុនរិទ្ធី