ភ្នំពេញ៖ នៅវិមានឯករាជ្យនាវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានយាង និងអញ្ជើញជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត អុជទានជ័យ ក្នុងពិធីបុណ្យឯករាជ្យជាតិលើក ទី៦២ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥) ។
ពិធីបុណ្យឯករាជ្យជាតិលើកទី៦២នេះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បុគ្គលិក មន្រ្តីរាជការ សមត្ថកិច្ច សិស្សិ និស្សិតយ៉ាងច្រើនកុះករ និងប្រកបដោយ ភាពមហោឡារិកដ៏ក្រៃលែង ដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបាននូវថ្ងៃដែលប្រជារាស្រ្តខ្មែរទូទាំង ប្រទេសចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា បំផុត របស់ព្រះករុណាព្រះមហាវីរក្សត្រ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និងលះបង់គ្រប់យ៉ាងក្នុងការទាមទារ ឯករាជ្យពីបារាំង ជូនជាតិមាតុភូមិ ។
ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើឲ្យប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្តេជ្ញាក្នុងការដឹកនាំប្រទេសគឺដើរតាមគន្លងព្រះករុណា ព្រះមហាវីរក្សត្រដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន ជឿនលឿនប្រកបដោយសុខសន្តិភាព ៕
ដោយ៖ សុខ ខេមរា