ខេត្តស្ទឹងត្រែង៖ បុរសជាឪពុកនិងកូនត្រូវរន្ទះបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ដោយខ្លោចស្បែកពេញខ្លួន ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងទាន់ពេល គ្រាដែលកំពុង ប្រក់ដំបូលផ្ទះ ដោយសារខ្យល់កន្ត្រាក់របើកដំបូលនោះ ។
បាតុភូតរន្ទះបាញ់នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៤និង៣០នាទីរសៀលថ្ងៃ ពុធ ១១ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុច ផ្លូវបំបែកអូរស្វាយ ក្រោយសាលារៀនរិទ្ធីសសែនជ័យ២ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងនៅ ផ្ទះរបស់ជនរងគ្រោះ ពេលមានខ្យល់កន្ទ្រាក់និងមានភ្លៀងធ្លាក់ស្រិចៗ ។
ប្រភពតាមពត៌មានពី ប្រជាពលរដ្ឋរស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងឱ្យដឹងថា នាយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ថា ជនរងគ្រោះជាឳពុកឈ្មោះ វ៉ាន់ថា អាយុ៤៧ឆ្នាំ ជាកសិករ កូនឈ្មោះ ថា គីស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បាននាំគ្នាប្រក់ដំបូលផ្ទះឡើងវិញ ខណៈកំពុងមានភ្លៀងខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យរបើកដំបូលផ្ទះ ហើយឳពុកនិងកូន ក៏កាន់ស័ង្កសីដើម្បីប្រក់ផ្ទះឡើងវិញ ស្រាប់តែរន្ទះបាញ់ ដួលសន្លប់ទាំងពីរនាក់តែម្តងតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំង២ឪពុកនិងកូន កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្តឺងត្រែង ខណៈដែលជនរងគ្រោះគេឃើញមានស្នាមរលាកស្បែកដូចគេរោលភ្លើង ៕ សហការី