ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមេជាងក្រឡឹងម្នាក់ បន្ទាប់ពីធ្វើឲ្យបុរសម្នាក់ជាជាងផ្នែកខាងភ្លើងរថយន្តបានស្លាប់ ដោយសារតែការធ្វេសប្រហែសរបស់មេជាងក្រឡឹងរូបនេះ ខណៈដែលពួកគាត់កំពុងធ្វើរថយន្ត ស្រាប់តែផ្ទុះក្បាលបូមប្រេង ABS របស់រថយន្តម៉ាក Pruis ខ្ទាតត្រូវចំក្បាលជនរងគ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ ពេលកំពុងដឹកទៅសង្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីខាងនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះលេខ១២១A ផ្លូវលេខ១៥៦ ភូមិទី២ សង្កាត់ផ្សារដេរប៉ូទី១ ខណ្ឌទួលគោក ។ ជនរងគ្រោះឈ្មោះទ្រៀល វណ្ណារ៉ា ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកក្បាលបូមប្រេងរបស់រថយន្តតូយ៉ូតាម៉ាក់ Pruis ទៅឲ្យជាងក្រឡឹង ពេលនោះជាងក្រឡឹងកំពុងក្រឡឹងស្រាប់តែផ្ទុះក្បាលបូមប្រេង ABS ខ្ទាតត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យបែកក្បាលហូរឈាមជាច្រើន ពេលនោះប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យកាល់ម៉ែតក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នជនបង្កដែលជាមេជាងក្រឡឹងនេះត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា