អគ្គិសនីកៀនស្វាយរងការរិះគន់ថា ដាច់ភ្លើងញឹកកុងទ័រដើរលឿនខុសពីធម្មតា

ចែករំលែក៖

ខេត្តកណ្ដាល ៖ មួយរយៈពេលនេះអគ្គិសនីនៅកៀនស្វាយងាកដាច់ៗ ត្រូវបាន​ ប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំពីមាត់មួយទៅមាត់មួយថា អាចធ្វើឲ្យខូចឧបករណ៍ប្រើប្រាស់ ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យកុងទ័រដើរលឿនថែមទៀត ។ ជាក់ស្តែងពល រដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ឈើទាល, ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រើប្រាស់ភ្លើងអគ្គិសនីកើន ជាបន្ដ បន្ទាប់ ដែលសង្ស័យខុសពីប្រក្រតី ។

ប្រជាពលរដ្ឋជាច្រើនរូបបានរៀបរាប់ ឲ្យដឹងថា ចាប់តាំងពីពេលដែលរូបគាត់បានប្រើប្រាស់ភ្លើងអគ្គិសនី កៀនស្វាយ រហូត មកដល់ពេលនេះ ច្រើនឆ្នាំមកហើយ ពួកគាត់មានចម្ងល់ថា ហេតុអ្វីបានភ្លើងដាច់ញឹកម៉្លេះជូនកាលមួយថ្ងៃដាច់៣ទៅ៤ដង ពោលគឺបន្តិចដាច់ៗ ធ្វើឲ្យខូចឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យកុងទ័រដើរលឿនថែមទៀត។

អតិថិជនដែលប្រើប្រាស់ចរន្តអគ្គិសនីនេះបានលើកឡើងដូចៗគ្នាថា សម្រាប់ ឧបករណ៍នៅក្នុងផ្ទះមានម៉ាស៊ីនត្រជាក់១ គ្រឿង ទូទឹកកក១គ្រឿង កង្ហារ២គ្រឿង អំពូលម៉ែត្រ៣ ព្រមទាំងឧបករណ៍អេឡិច ត្រូនិកមួយចំនួនទៀត ចុះហេតុអ្វីគ្រាន់ តែ១ខែសោះបានកើនដល់ជាង៣០០ គីឡូបែបនេះ ។ចំណែកបុគ្គលិកប្រចាំ បញ្ជាបង់ប្រាក់វិញ មានចរិតគំរោះគំរើយក្រអឺតក្រទមសម្ដីមិនសមគួរជាមួយអតិថិជន ។ ពេលយកវិក្កយបត្រទៅបង់ប្រាក់ ភ្លើង ព្រោះតែពួកគាត់ជាកសិករធ្វើស្រែ ចម្ការមមាញឹកច្រើនជួនកាលខ្វះមធ្យោបាយធ្វើដំណើរ ទៅបង់ប្រាក់មានការយឺតយ៉ាវ បន្តិចបន្តួចត្រូវបានបុគ្គលិកបញ្ជាបង់ប្រាក់ អគ្គិសនីស្ដីបន្ទោស ។

អតិថិជនដែលប្រើប្រាស់ចរន្ដអគ្គិសនីទូទាំងស្រុកកៀនស្វាយបានរិះគន់ទៅលើអ្នកគ្រប់គ្រងអគ្គិសនីថាបានកេងប្រវ័ញ្ចថាមពលភ្លើងអគ្គិសនីពីពួកគាត់ ។ ការលើក ឡើងបែបនេះ គឺដោយសារតែកុងទ័រប្រើប្រាស់មានភាពមិនប្រក្រតី ភ្លើងដាច់ញឹក កុងទ័រដើរលឿន មិនសមនឹងតុល្យភាពនៃការប្រើប្រាស់សោះ ។

ក្នុងករណីនេះ អតិថិជនដែលប្រើប្រាស់អគ្គិសនីកៀនស្វាយ ទាមទារ និងសំណូមពរឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា មេត្តាចាត់ បញ្ជូនមន្ត្រីជំនាញក្រោមឱវាទចុះមកពិនិត្យមើលកាន់តែឆាប់កាន់តែល្អ កុំឱ្យក្រុមហ៊ុន អគ្គិសនីកៀនស្វាយជញ្ជក់ឈាមរាស្ត្រ តាម រយៈការលួចចរន្តអគ្គិសនីនេះទៀត ។

ពាក់ព័ន្ធនឹងការរិះគន់ ចោទប្រកាន់របស់អតិថិជនដែលប្រើប្រាស់ចរន្ដអគ្គិសនីខាងលើនេះប្រធានអង្គភាពអគ្គិសនីកៀនស្វាយ លោក ទ្រី សុគន្ធ បានឲ្យដឹងដែរថា បញ្ហា ដាច់ភ្លើងញឹក គឺបណ្ដាលមកពីកត្តា ភ្លៀង ខ្យល់ និងដើមឈើ មិនមែនមកពីខាង អគ្គិសនីរបស់លោកនោះទេ ។ លោកថា ពេលមានខ្យល់ដើមឈើរង្គើមកប៉ះជាមួយបណ្ដាញខ្សែភ្លើងរង្គើដល់ឧបករណ៍ផ្ដាច់ ភ្ជាប់១ដងទៅ២ដងមិនដាច់ទេ តែបើខ្យល់ រង្គើញឹកវាលោតដាច់លោតបើក ដោយខ្លួន វាអ៊ីចឹងហើយមិនមែនខាងអគ្គិសនីបិទបើក ដើម្បីឡើងគីឡូនោះទេ ។

លោក ទ្រី សុគន្ធ បានបន្ថែមទៀតថា អគ្គិសនីនៅស្រុកខ្មែរការដាច់មិនទាន់មានតុល្យភាពនោះទេសូម្បីតែអគ្គិសនីកម្ពុជា យើងនៅខ្វះបច្ចេកទេសច្រើន ។ ចំណែកការដាច់នេះយើងបានជូនដំណឹងទៅតាមផេកហ្វេសប៊ុក អគ្គិសនីកៀនស្វាយ,អាជ្ញាធរអគ្គិសនីកម្ពុជានិងលោកមេឃុំរួច ហើយ ។ លោកថា ក្រុមហ៊ុនអគ្គិសនី កៀនស្វាយបានបញ្ជូនថាមពលចែកចាយ ២២គីឡូវុល ដែលតបណ្ដាញមកពីក្រុម ហ៊ុនGS7 នៅទួលក្រសាំងក្រុងតាខ្មៅ ។

ពាក់ព័ន្ធនឹងការដោះស្រាយរបស់លោកប្រធានអង្គភាពអគ្គិសនីកៀនស្វាយ លោក ទ្រី សុគន្ធ បែបនេះ ត្រូវបានពលរដ្ឋភូមិ ព្រែកដូង និងភូមិឈើទាល នៅក្បែរអគ្គិសនីកៀនស្វាយផ្ទាល់ដែលតែងតែដាច់ភ្លើងញឹកជាងគេនិយាយទៀតថា សូម្បីតែមេឃគ្មាន ភ្លៀង គ្មានខ្យល់ គ្មានការជួសជុលផ្លូវ គ្មានការរុះរើបណ្ដាញភ្លើង ក៏អគ្គិសនីកៀន ស្វាយ នៅតែដាច់ញឹកគ្មានការដឹងដំណឹងជាមុននោះទេ ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print