ខេត្តកោះកុង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលឲ្យរថយន្តផ្ទុះឆេះ បង្កការភ្ញាក់ផ្អើលភិតភ័យដល់អ្នកធ្វើដំណើរ កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងរវាងរថយន្តឡិចស៊ីស RX470 និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ។
ប្រភពព័ត៌មានបន្តថា ថ្ងៃកើតហេតុរថយន្តទាំង២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយរថយន្តឡិចស៊ីស RX470 ធ្វើដំណើរពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅលើដងផ្លូវ ។
ក្រោយហេតុការណ៍នេះកើតឡើង គេឃើញរថយន្តពន្លត់អគ្គិភ័យ និងសមត្ថកិច្ចបានចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ព័ត៌មានបឋមបានឲ្យដឹងថា មានមនុស្សស្លាប់នៅក្នុងរថយន្តឡិចស៊ីស ប៉ុន្តែមិនទាន់ដឹងចំនួននៅឡើយទេ ដោយ ឡែករថយន្តដឹកប្រេង រងរបួសមនុស្ស២នាក់ ៕ តុង សីហា