តំណាងអង្គការសហប្រជាជាតិទៅត្រួតពិនិត្យជំរំជនភៀសខ្លួនរ៉ូហុីងយ៉ា

ចែករំលែក៖

នៅជំរំជនភៀសខ្លួនរ៉ូហុីងយ៉ាជាប់ព្រំដែនបង់ក្លាដែសមានជិត១លាននាក់រស់នៅ ប្រឈមនូវបញ្ហាជាច្រើន។ នៅពេលនេះ មន្ត្រីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលបានការអនុញ្ញាតឲ្យទៅត្រួតពិនិត្យជំរំទាំងនោះ។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចាកចេញទៅបំពេញទស្សនកិច្ចនៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់គេចចេញពីអំពើហិង្សា នៅភាគខាងលិចមីយ៉ាន់ម៉ា ទៅជ្រកកោនបណ្តោះអាសន្ន នៅព្រំដែនបង់ក្លាដែស ហើយកើនឡើងចំនួនដល់ខ្ទង់លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

មន្ត្រីក្រុមប្រឹក្សាសន្តិសុខ UN បានឈប់ប្តូរជើងហោះហើរ នៅប្រទេសគុយវ៉េត មុននឹងបន្តទៅកាន់ប្រទេសបង់ក្លាដែស ហើយបន្ទាប់មកទៀតពួកគេនឹងធ្វើដំណើរទៅជំរំជនភៀសខ្លួននៃតំបន់ Bazar ព្រមទាំងបំពេញទស្សនកិច្ចនៅរដ្ឋធានីដាកាផងដែរ នៅអំឡុងចុងសប្តាហ៍នេះ។ ក្រោយពីបញ្ចប់កិច្ចការនៅបង់ក្លាដែស មន្ត្រីខាងលើនេះនឹងបន្តដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត ដើម្បីស្វែងយល់ស្ថានភាពទាំងសងខាង។

លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការ UN បានឲ្យដឹងថា មន្ត្រីទាំងអស់បានចេញទៅបំពេញទស្សនកិច្ចខាងលើ បន្ទាប់ពីទទួលបានរបាយការណ៍អំពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ថាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងស្នាក់នៅប្រទេសបង់ក្លាដែស បានកើនឡើងដល់ ១លាននាក់ហើយ ដោយក្នុងនោះជាង ៦៧០,០០០នាក់ បានសម្រុកទៅទីនោះ គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ជាពេលដែលអំពើហិង្សានៅមីយ៉ាន់ម៉ាភាគខាងលិច ផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះ គឺធ្វើឡើងដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា និងត្រួសត្រាយផ្លូវសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ពួកគេទៅកាន់មីយ៉ាន់ម៉ាវិញឲ្យបានតាមដំណាក់កាល ដែលជាការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលបង់ក្លាដែស និងមីយ៉ាន់ម៉ា ក្រោមការឃ្លាំមើល និងជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print