ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលគាត់ធ្លាប់ហៅថា “ល្ងីល្ងើ” គឺជា “វីរៈបុរសរបស់មនុស្សគ្រប់គ្នា” បន្ទាប់ពីលោក Kim បានសន្យាថា នឹងធ្វើការជាមួយទីក្រុងសេអ៊ូលដើម្បី “ការរំសាយអាវុធនុយក្លេអ៊ែរដ៏ពេញលេញ” នៅឧបទ្វីបនោះ។
លោក Duterte បានថ្លែងថា លោកនឹង “អបអរសាទរ” លោកគីម ដែលទើបតែក្លាយជា “តារា” របស់គាត់ ប្រសិនបើគាត់មានឱកាសជួបគាត់ ។ គាត់និយាយថា គាត់នឹងប្រាប់មេដឹកនាំកូរ៉េខាងជើងថា “ខ្ញុំកោតសរសើរអ្នក អ្នកដឹងពីពេលវេលា (ចលនារបស់អ្នក)” ។
លោក Duterte បាននិយាយនៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយស្តីពីកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោក គីម និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae ។ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានវិលត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ានមួយនៅសិង្ហបុរី។
លោក Duterte បាននិយាយអំពីលោក គីម ថា “គាត់ហាក់ដូចជាមិត្តល្អ ជាមិត្តល្អហើយមានភាពកក់ក្តៅ។ ”
លោក Duterte កាលពីមុនបានរិះគន់លោក គីម ជុងអ៊ីន ក្នុងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន និងបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអត់ធ្មត់ ចំពោះបុរសម្នាក់ដែលចង់បញ្ចប់ពិភពលោកដោយគ្រាប់បែកបរមាណូនោះទេ ។
ប៉ុន្មានខែក្រោយមកទៀត លោក Duterte បានហៅលោកគីម ថា ជាមនុស្ស ល្ងីល្ងើ ហើយមិនបានគិតអ្វីសោះ ហើយថា លោក គីម កំពុង«លេងជាមួយប្រដាប់ក្មេងលេង ដែលមានគ្រោះថ្នាក់»។
មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើគោលដៅរួមមួយពាក់ព័ន្ធអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។
កិច្ចប្រជុំធ្វើឡើងនៅក្នុងតំបន់គ្មានយោធា ដែលបានបែងចែកកូរ៉េជាង៦ ទសវត្សរ៍មកហើយនោះ លោក គីម និងលោក មូន មេដឹកនាំកូរ៉េទាំងពីរ បានប្រកាសថា ពួកគេនឹងធ្វើការជាមួយសហរដ្ឋអាមេរិក និងចិន នៅឆ្នាំនេះ ដើម្បីប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ និងបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ។
លោក Duterte បាននិយាយថា “គាត់ (គីម) អាចចាត់ទុកខ្ញុំជាមិត្តរបស់គាត់ … ផលប៉ះពាល់ពិតប្រាកដ គឺមានតិច តួចនៅឧបទ្វីបកូរ៉េ ហើយប្រហែលជាយើងអាចចៀសវាងបានពីសង្គ្រាម ដែលគ្មាននរណាម្នាក់អាចឈ្នះ” ៕ ថាច់ យ៉ាត