សារព័ត៌មាន Sputnik បានផ្សាយថា រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី ទទួលបន្ទុក ភេរវកម្មលោក Dmitry Feoktistov បានបញ្ជាក់ថាក្រុមភេរវកម្ម IS កំពុងតែព្យាយាម បង្កើតទីតាំង ថ្មីនៅ តំបន់អាមេរិកឡាទីន ក្នុងពេលដែលក្រុមនេះទទួលរងការបរាជ័យ ទាំងនៅក្នុង ប្រទេសអីរ៉ាក់និងស៊ីរី ។
មានប្រសាសន៍ទៅកាន់គណៈកម្មការ ប្រឆាំងភេរវកម្ម នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ខែឧសភា លោក Dmitry Feoktistov បានបញ្ជាក់ថា« នៅពេលនេះគឺឆាប់ពេកដើម្បីនិយាយពីការកម្ចាត់ក្រុមភេរវកម្មទាំងស្រុងនៅលើពិភពលោក ដោយយើងបានកត់សម្គាល់ឃើញថា ក្រុមនេះកំពុងតែបង្កើតទីតាំងនៅអាមេរិកឡាទីន និងតំបន់ជាច្រើនផ្សេងទៀតលើពិភពលោក»។
លោកDmitry Feoktistov បានបញ្ជាក់ ទៀតថា ក្រុមភេរវកម្មបានបង្កើតជំរំហ្វឹកហាត់នៅតំបន់អាមេរិកឡាទីន និង Caribe ។ ក្រុមភេរវកម្មបានបង្កើន ទំនាក់ទំនងជា មួយក្រុមជួញដូរគ្រឿងញៀននៅក្នុងតំបន់ ដែលមានភាគច្រើនពលរដ្ឋកាន់សាសនាអ៊ិស្លាម។
ពាក់ព័ន្ធនឹងសកម្មភាពធ្វើសង្គ្រាមវាយប្រហារក្រុមភេរវកម្ម របស់បណ្តាប្រទេស លោកខាងលិច ត្រូវបានប្រធានា ធិបតីស៊ីរី អាល់អាសាដ ថាជាការឈ្លានពានប្រទេសរបស់លោក។លោក អាសាដបានថ្លែងដៀលត្មះអំពីការឈ្លានពានដែលកាន់តែកើនឡើងប្រឆាំងនឹងប្រទេសស៊ីរី ក្រោយពីមានការ បាញ់មីស៊ីល ប្រឆាំងទៅលើទីតាំងនានា របស់រដ្ឋអំណាចនៅដាម៉ាស់រួចមក។ ការ បាញ់ផ្លោងមីស៊ីលនេះ ត្រូវបានលោក Assad ចាត់ទុកជា”ការឈ្លានពានកាន់តែខ្លាំងឡើងៗប្រឆាំងនឹងស៊ីរី»។
ក៏ប៉ុន្តែប្រមុខរដ្ឋស៊ីរី ពុំបានបញ្ចេញឈ្មោះអ្នកវាយប្រហារមីស៊ីលនោះទេ មីស៊ីលដែលបានសម្លាប់យុទ្ធជនគាំទ្ររបបស៊ីរី ចំនួន២៦នាក់ក្នុងនោះភាគច្រើនមាន សញ្ជាតិអុីរ៉ង់។
បើយោងតាមអង្គការក្រៅរដ្ឋាភិបាល មួយនៅស៊ីរី” អ្នកដែលទទូលខុសត្រូវនៅលើការវាយប្រហារមីស៊ីលនៅយប់ថ្ងៃអាទិត្យមុន ប្រហែលជា“អុីស្រាអែល ”។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអុីស្រាអែលដែលក៏ជាអ្នកទទួលបន្ទុកខាងក្រសួងស៊ើបការសម្ងាត់អុីស្រាអែលដែរ បានបដិសេធថា “អុីស្រាអែលពុំបានដឹងឮអ្វីទេពីព្រឹត្តិការណ៍នោះ”។
គួររំលឹកថា របបស៊ីរីនិងអុីរ៉ង់ នៅថ្ងៃទី៩ មេសាមុន ធ្លាប់បានចោទប្រកាន់អុីស្រា អែល ម្តងរួចទៅហើយ ថា បានធ្វើការវាយប្រហារដ៏កាចសាហាវបំផុតប្រឆាំងទៅលើមូលដ្ឋានយោធាមួយនៅភាគកណ្តាល ប្រទេសស៊ីរីដែលបានសម្លាប់យុទ្ធជនគាំទ្ររបបស៊ីរីចំនួន១៤នាក់ក្នុងនោះ ៧នាក់ ជាជនជាតិអុីរ៉ង់។
សេចក្តីថ្លែងការណ៍របស់លោកអាសាដនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសជំនួបប្រាស្រ័យជាមួយគណៈប្រតិភូអុីរ៉ង់ដែល ដឹកនាំដោយអ្នកទទួលខុសត្រូវជាន់ខ្ពស់សភាអុីរ៉ង់ម្នាក់ ហើយ អុីរ៉ង់និងរុស្ស៊ី គឺជាសម្ពន្ធមិត្តមួយដ៏រឹងមាំជាទីបំផុតរបស់របបស៊ីរី។
នៅឱកាសនោះ លោក បាសា អាល់ អាសាធ បានដៀលត្មះ ថា” សកម្មភាពឈ្លានពានរបស់បណ្តាប្រទេសគូសត្រូវ ដែលកើនឡើងខ្លាំងនោះ រឹតតែជំរុញឲ្យ ប្រជាជនស៊ីរី កាន់តែមានជំហរប្តេជ្ញាចិត្តយ៉ាងមោះមត់នៅក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងអំពើភេរវនិយមនិងរក្សាការពារ អធិបតេយ្យភាពប្រទេសរបស់ខ្លួន។ សម្ដី ប្រធានាធិបតីស៊ីរីនេះ ហាក់ដូចជាដាក់ផ្លែ ផ្កា ឲ្យប្រទេសលោកខាងលិច ដោយហេតុថានៅថ្ងៃទី១៤មេសា២០១៨កន្លងទៅ នេះ សហរដ្ឋអាមេរិក អង់គ្លេសនិងបារាំង បានដឹកនាំការវាយប្រហារសងសឹកមួយ តាមផ្លូវអាកាសប្រឆាំងទៅលើទីតាំងយោធារបស់របបស៊ីរី មួយថ្ងៃបន្ទាប់ពីមានការ វាយប្រហារមួយដែលគេសង្ស័យថាជាការវាយប្រហារដោយអាវុធគីមី ពីសំណាក់កងទ័ពស៊ីរី នៅក្នុងក្រុងមួយដែលកាន់កាប់ដោយពួកឧទ្ទាមស៊ីរី នៅក្បែរទីក្រុងដាម៉ាស់៕ ម៉ែវ សាធី