កាត់បន្ថយការចំណាយលើយោធាមិន មានន័យថាយោធាទន់ខ្សោយនោះឡើយ

ចែករំលែក៖

នៅពេលនេះប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសកាត់បន្ថយការចំណាយលើយោធា ដើម្បីសន្សំសំចៃថវិកា ជួយ ដល់សេដ្ឋកិច្ចជាតិ ក្នុងពេលដែលរុស្ស៊ីរង ផលប៉ះពាល់មិនតិចឡើយពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។ ប៉ុន្តែ ការកាត់ បន្ថយនោះមិនមានន័យថា កម្លាំងការពារ របស់រុស្ស៊ីទន់ខ្យោយនោះ គឺរុស្ស៊ីមានអាវុធទំនើបនិងបរមាណូដែលមិនអាចបរាជ័យពេលធ្វើសង្គ្រាម។

កន្លងមកថ្មីៗ លោកពូទីនបានប្រកាស ថា រុស្ស៊ីផលិតបានអាវុធបរមាណូថ្មីដែលមិនបរាជ័យនៅលើសមរភូមិ ។ អាវុធដែលប្រធានាធិបតីពូទីនបានបង្ហាញនោះ មាន ទាំង មីស៊ីលឆ្លងទ្វីបល្បឿនលឿន អាច កម្ទេចគ្រប់ទីតាំងនៅលើពិភពលោក ដែលមិនមានមីស៊ីលការពារណាមួយ អាចវាយទម្លុះបានឡើយ។

ក្រៅពីនេះនៅមានអាវុធ មីស៊ីលបំពាក់ ក្បាលគ្រាប់បរមាណូ បាញ់ចេញពីនាវា មុជទឹក ទៅលើគោលដៅនានាទៀតផង ។ និយាយរួមនៅពេលនេះកម្លាំងទាហានរុស្ស៊ីមានអាវុធទំនើបៗជាច្រើនសម្រាប់ការពារ បើទោះបីកាត់បន្ថយការចំណាយ ក៏មិនប៉ះ ពាល់ នោះដែរ។

ខ្ទង់ចំណាយយោធា របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ ក្នុងឆ្នាំ ២០១៧ ដែលជា លើកទី១ បើគិត ក្នុង២០ឆ្នាំចុងក្រោយ គឺ ដោយមកពីប្រទេសរងគំនាបទណ្ឌកម្ម សេដ្ឋកិច្ចផ្ទួនៗគ្នាការណ៍នេះ មាននិយាយ ក្នុងរបាយការណ៍ចេញផ្សាយថ្ងៃពុធ ដោយ វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវបញ្ហាសន្តិភាព ដែលស្ថិតនៅ ក្រុង Stockholm ហៅ កាត់ថា Sipri ។

ប្រទេសរុស្ស៊ីដែលមានថវិកាយោធាជាប់លេខ៣ ក្នុងឆ្នាំ ២០១៦ បានរំកិលចុះដល់ លេខ៤ ក្នុងឆ្នាំ ២០១៧ ។ ខ្ទង់ចំណាយ យោធាប្រទេសនេះ បានធ្លាក់អស់ដល់ទៅ ២០% មកនៅ ត្រឹម ៦៦.៣០០ លាន ដុល្លារ ។ ការធ្លាក់ចុះលើកមុននៃខ្ទង់ ចំណាយនេះ ត្រូវបានកត់ត្រាតាំងពី២០ឆ្នាំមុនម៉្លេះគឺក្នុងឆ្នាំ១៩៩៨ ដែលកាលណោះ មកពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

“នៅរុស្ស៊ី ការធ្វើទំនើបកម្មផ្នែកយោធា បន្តស្ថិតនៅជាអាទិភាព ប៉ុន្តែថវិកាយោធា បានរួញខើចទៅ បណ្តាលមកពីសេដ្ឋកិច្ច ឆ្លងកាត់ការលំបាក តាំងពីឆ្នាំ២០១៤មកឆ្នាំដែលបស្ចិមប្រទេសនាំគ្នាចាប់ផ្តើមដាក់ទណ្ឌកម្មរុស្ស៊ី ដែលជាប់ចោទថា បង្កឲ្យមានវិបត្តិក្នុងប្រទេសអ៊ុយក្រែនជិតខាង – សេចក្តីនេះពន្យល់បំភ្លឺដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអន្តរជាតិស្រាវជ្រាវបញ្ហាសន្តិភាព Sipri លោក Siemon Wezeman ។

មកទល់ឆ្នាំ២០១៦ ថវិការុស្ស៊ីដែល ឧទ្ទិសដល់វិស័យការពារប្រទេសតែងបានផ្សំឡើង តាមរយៈ ការ កាត់បន្ថយខ្ទង់ ចំណាយសម្រាប់វិស័យផ្សេងៗវិស័យអប់រំ ឬ ហេដ្ឋារចនាសម្ព័ន្ធ។ ម៉្លោះហើយបានជា ឥឡូវ រុស្ស៊ី លែងអាចទ្រទ្រង់ខ្ទង់ចំណាយយោធាឲ្យនៅកម្រិតខ្ពស់ឬ បង្កើនវាថែម ទៀតឡើយ នេះបើតាមអ្នកស្រាវជ្រាវនោះកត់សម្គាល់។

របាយការណ៍ Sipri លេចចេញមក នៅ ចំពេលដែល ការប្រឈមមុខដាក់គ្នារវាង បស្ចិមប្រទេស និងទីក្រុងមូស្គូឡើងដល់ កម្រិតមិនធ្លាប់មាន តាំងពីសង្គ្រាមត្រជាក់ បានចប់ទៅ ជាពិសេសក្រោយពីមានការ បំពុល កាលពីថ្ងៃទី៤ ខែមីនា នៅប្រទេស អង់គ្លេស លើអតីតភ្នាក់ងារឈ្លបយក ការណ៍រុស្ស៊ី ឈ្មោះ Serguei Skripal ដែល តែងបានលួចយកការណ៍ឲ្យក្រុងឡុង និងការវាយប្រហារ ដោយ ស.រ.អា បារាំង អង់គ្លេស ថ្ងៃទី១៤ ខែមេសា ទល់នឹង របបក្រុងដាម៉ាស់ ជាសម្ពន្ធមិត្តមូស្គូ ជាប់ចោទក្នុងការប្រើអាវុធគីមីប្រឆាំងបណ្តា ជនស៊ីវិល។

អំពីការចំណាយយោធាក្នុងលោក Sipri បានឲ្យដឹងថា ៖ ២៩ ប្រទេសបក្សសម្ព័ន្ធ អូតង់ ក្នុងឆ្នាំ ២០១៧ បានចំណាយអស់ ៩០០.០០០ លានដុល្លារ ឫ ៥២% នៃការ ចំណាយយោធាសរុប។ ចំណែក៧ ប្រទេស ធំៗ ពោលគឺ ចិន អារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី ឥណ្ឌា បារាំង អង់គ្លេស ជប៉ុន ក្នុងឆ្នាំ ២០១៧ បានចំណាយ សរុបទៅតែ ៥៧៨.០០០ លានដុល្លារ គឺតិចជាងស.រ.អា តែម្នាក់ឯង ដែលមានទឹកប្រាក់ ដល់ទៅ ៦១០.០០០ លាន ដុល្លារ។
ជាការកត់សម្គាល់ ខាងខ្ទង់ចំណាយ យោធា បើ អារ៉ាប៊ីសាអ៊ូឌីត ច្រានរុស្ស៊ី ឲ្យធ្លាក់ពីលេខ៣ ទៅលេខ៤ នោះឥណ្ឌា ដណ្តើមបានចំណាត់ថ្នាក់ទី៥ ដោយច្រាន បារាំង ឲ្យធ្លាក់ដល់លេខ៦ ។

ប៉ុន្តែនៅក្នុងវិស័យផលិតអាវុធសម្រាប់ការពារជាតិ រុស្ស៊ីនៅតែទទួលបានការចាប់អារម្មណ៍ បញ្ជាទិញអាវុធជាច្រើន ។ ការបញ្ជាទិញកើនឡើងដោយសារតែ រុស្ស៊ីបានសាកល្បងអាវុធ ជាង២០០ ប្រភេទ នៅក្នុងសង្គ្រាមស៊ីរីនាពេលកន្លង មក។

នៅក្នុងសង្គ្រាមវាយប្រហារក្រុមអ៊ិស្លាមIS នៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានប្រើប្រាស់ឱកាសនោះដើម្បីសាកល្បងអាវុធថ្មីៗបំផុតរបស់ខ្លួនដែលមិនធ្លាប់បានប្រើប្រាស់នៅក្នុងសមរភូមិពិត ក្នុងនោះមានយន្តហោះ ចម្បាំង Sukhoi Su-34,Su-30SM ជាដើម ។ ក្រៅពីនេះរុស្ស៊ីក៏បានសាកល្បង ឧទ្ទម្ភាគ ចក្រប្រយុទ្ធ Mi-28Nនិង Ka-52 ព្រមទាំងកាំជ្រួចមីស៊ីលជាច្រើនប្រភេទទៀត។

តាមសារព័ត៌មានrusia Today នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកពូទីន នា ពេលកន្លងមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាក់ថា អាវុធថ្មីដល់ទៅ១៦២ប្រភេទត្រូវបានកម្លាំង ទាហានរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមស៊ីរី។

លោក Sergey Shoiguបញ្ជាក់ថា« នៅក្នុងពេលធ្វើសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅស៊ីរី មានអាវុធដល់ទៅ១៦២ ប្រភេទ បានដាក់ឲ្យប្រើប្រាស់សាកល្បង ហើយអាវុធទាំងនោះពិតជាមានប្រសិទ្ធភាពខ្លាំង»។

អាវុធដែលលេចធ្លោងជាងគេនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីនោះគឺយន្តហោះចម្បាំងបំបាំងកាយប្រភេទSu-30និងឧទ្ទម្ភាគចក្រ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print